អត្តពលិកជាង ២ពាន់នាក់ នឹងចូលរួមប្រកួតកីឡាសិស្សមធ្យមសិក្សាជើងឯកជាតិឆ្នាំនេះ

នូ មករា September 7, 2017


ភ្នំពេញ៖ ការប្រកួតកីឡាសិស្សមធ្យមសិក្សាជើងឯកជាតិឆ្នាំ២០១៧ នឹងចាប់ផ្តើមធ្វើពីថ្ងៃទី២៦ ខែកញ្ញា ដល់ថ្ងៃទី៥ ខែតុលា ខាងមុខដែលឆ្នាំនេះការប្រកួតនឹងធ្វើនៅខេត្តកំពង់ចាម ។ ជាមួយនឹងការខិតជិតមកដល់នៃព្រឹត្តិការណ៍នេះនៅព្រឹកថ្ងៃទី៧ ខែកញ្ញានៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិតបានរៀបចំការប្រជុំការប្រកាសអន្តរក្រសួង បទបញ្ជារួម និងបទបញ្ជាបច្ចេកទេសសម្រាប់ការប្រកួតនេះ ។

លោកស៊ាន បូរ៉ាតរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានអញ្ជើញចូលរួមក្នុងការប្រជុំ ជាមួយគ្នានេះក៏មានមន្ត្រីដឹកនាំកីឡាទាំង ២៥រាជធានី-ខេត្តចូលរួមផងដែរ ។ អង្គប្រជុំនេះក្រៅពីការធ្វើបទបង្ហាញប្រកាសអន្តរក្រសួងដោយលោកម៉ិល កាដូ អគ្គនាយករងកីឡា និងបទបង្ហាញបទបញ្ជារួមដោយលោកដួង មាសចំរើន ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិតនោះតំណាងសហព័ន្ធទាំង ៦ គឺសហព័ន្ធកីឡាបាល់ទាត់, បាល់ទះ, បាល់បោះ, អត្តពលកម្ម, ប៉េតង់ និងវាយកូនឃ្លីលើតុបានធ្វើបទបង្ហាញពីបទបញ្ជាបច្ចេកទេសរៀងៗខ្លួន ។

លោកដួង មាសចំរើន បានឲ្យដឹងថាការប្រកួតឆ្នាំនេះសម្រាប់ប្រភេទកីឡាបាល់ទាត់បុរសមាន២៥ក្រុម, បាល់ទាត់នារីមាន២៣ក្រុម, បាល់ទាត់លេងលើទីលានចំនួន ៤, បាល់ទះបុរសមាន២៥ក្រុម, បាល់ទះនារីមាន២៥ក្រុមដែរ ដែលត្រូវប្រកួតលើទីលានចំនួន ៤ ។ប្រភេទបាល់បោះបុរសមាន២១ក្រុម, នារីមាន១៩ក្រុមដែលត្រូវប្រកួតលើទីលានចំនួន ៤ ដែរ ។ ប្រភេទកីឡាអត្តពលកម្មបុរសមាន២៣ក្រុម, នារីមាន២៣ក្រុមដែរ ។ ប្រភេទកីឡាប៉េតង់មានបុរសមាន១១, ក្រុម នារីមាន៤ក្រុម លេងលើទីលានចំនួន ៤ ។ប្រភេទកីឡាវាយកូនឃ្លីលើតុបុរសមាន៦ក្រុម, នារីមាន៦ក្រុមដែរហើយលេងលើទីលានចំនួន៤ដែរ ។ សម្រាប់កីឡាករសរុបមានចំនួន ១.២០២នាក់ កីឡាការិនីចំនួន១.១៣៨នាក់ និងគ្រូបង្វឹកចំនួន ៣៥៨នាក់ ។

ក្នុងឱកាសនោះ លោកស៊ាន បូរ៉ាត បានទាមទារឲ្យរាជធានី-ខេត្តដែលចូលរួមទាំងអស់ត្រូវតែប្រជែងយកជ័យជម្នះដោយការគោរពបទបញ្ជា និងក្របខណ្ឌបច្ចេកទេស ព្រោះប្រភពដំបូងរបស់កីឡាគឺផ្ដើមចេញពីសាលារៀននេះឯង ដូច្នេះការប្រកួតត្រូវតែលេងឲ្យអស់ពីសមត្ថភាពដោយគោរពគោលការណ៍ Fair-Play ជានិច្ច ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត