កាយសម្ព័ន្ធ នឹងមិនដាក់បញ្ចូលនៅឆ្នាំ២០២៣ទេបើមិនឈ្នះមេដាយសុីហ្គេម២០១៩ ឬ ២០២១

នូ មករា September 7, 2017


ភ្នំពេញ៖ នេះជាផែនការរបស់ថ្នាក់ដឹកនាំសហព័ន្ធកីឡាកាយសម្ព័ន្ធដើម្បីជំរុញក៏ដូចជាខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាពធ្វើយ៉ាងណាឱ្យប្រភេទកីឡាមួយនេះ ទទួលបានមេដាយក្នុងកម្រិតណានៅស៊ីហ្គេម ឆ្នាំ២០១៩ ឬ ២០២១ ខាងមុខ ខណៈដែលមុនធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៣ ពោលគឺបើមិនទាន់អាចយកមេដាយបានទេនោះ សហព័ន្ធមួយនេះនឹងមិនដាក់បញ្ចូលទៅក្នុងស៊ីហ្គេម ២០២៣ឡើយ។ នេះបើតាមប្រសាសន៍របស់លោកណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ។

លោកណយ ផាន់ណា បានមានប្រសាសន៍បែបនេះថា៖ «យើងបានប្ដូរទិសដៅជាច្រើនសម្រាប់ការប្រជែងយកមេដាយនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០១៩ ឬក៏ឆ្នាំ២០២១ ដោយកំណត់យ៉ាងច្បាស់ថា បើសិនជាពីរលើកនេះកីឡាកាយសម្ព័ន្ធកម្ពុជាមិនទទួលបានមេដាយជាអន្តរជាតិនោះទេ សហព័ន្ធនឹងមិនដាក់ឈ្មោះចូលរួមប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៣ឡើយ ព្រោះបើសិនជាយើងមិនមានលទ្ធភាពក្នុងការប្រកួតដណ្ដើមយកមេដាយស៊ីហ្គេមនៅប្រទេសគេផង តើយើងមានលទ្ធភាពអីនឹងការពារមេដាយរបស់ខ្លួនឯងក្នុងនាមជាម្ចាស់ផ្ទះនោះ។ នេះជាសេចក្ដីសម្រេចរបស់គណៈកម្មការប្រតិបត្តិ ដែលបានប្រជុំរៀបចំផែនការនាពេលកន្លងមក។»

ជាមួយនឹងផែនការដ៏មុតស្រួចនេះ សហព័ន្ធបានសម្រេចធ្វើការបញ្ជូនអត្តលិករបស់ខ្លួនទៅធ្វើការហ្វឹកហាត់រយៈពេលវែង ពោលគឺពី៦ ខែទៅ៨ខែ នៅប្រទេសចិន មុនព្រឹត្តិការណ៍ស៊ីហ្គេមនានាចាប់ផ្ដើម។ ជាពិសេសនៅឆ្នាំក្រោយនេះ សហព័ន្ធនឹងធ្វើការបញ្ជូនកីឡាករសំ រីម ទៅធ្វើការហ្វឹកហាត់នៅប្រទេសចិនឱ្យបានយូរមុនចូលរួមប្រកួតព្រឹត្តិការណ៍កីឡា Asian Game  ខណៈដែលផែនការនេះលោកកំពុងរៀបចំឯកសារស្នើទៅ ឯកឧត្តមថោង ខុន ដែលជាប្រធានសហព័ន្ធឯកភាពចុងក្រោយ។ លោកបន្តថា៖ «ប្រភេទកីឡានីមួយៗ បើមិនមានការចូលរួមធ្វើការប្រកួតជាលក្ខណៈអន្តរជាតិ ឬ ហ្វឹកហាត់ទៅតាមស្ដង់ដាអន្តជាតិឱ្យបានច្រើននោះទេ គឺដាច់ខាតមិនទទួលបានការជោគជ័យនោះទេ ដោយសារតែការផ្លាស់ប្ដូរទីលាន និងទីតាំងប្រកួតមានភាពខុសគ្នាឆ្ងាយណាស់ សូម្បីតែកីឡាករ សំរីម ដែលធ្លាប់បានទៅហ្វឹកហាត់នៅប្រទេសចិនកន្លងមកនោះ ក៏មានការខុសប្លែកដែរ គឺគាត់ហ្វឹកហាត់នៅទីនោះ អស់ពេល ៣ថ្ងៃទើបមានអារម្មណ៍ស្រួលខ្លួនឡើងវិញ ។ ភាពខុសគ្នារវាងទីលានប្រកួត និងហ្វឹកហាត់ជាស្ដង់ដាអន្តរជាតិរបស់ចិននោះ គឺសាលហ្វឹកហាត់របស់គេធំជាងកម្ពុជា ២ដង ហើយអត្តពលិករបស់គេ ៥០-៦០ នាក់ឯណោះ ចំណែកគ្រូបង្វឹកវិញមានទៅដល់ជាងជិត ២០នាក់ ។ អុីចឹងការចូលរួមប្រកួតជាលក្ខណៈអន្តរជាតិវាជាចំណុចមួយដ៏សំខាន់សម្រាប់ធ្វើឱ្យកីឡារបស់យើង និងបន្សាំខ្លួនរបស់យើងទៅនឹងបរិយាកាសជុំវិញទាំងអស់។ នេះគឺជាការយល់ឃើញទស្សនៈរបស់ខ្ញុំផ្ទាល់» ។

តែទោះបីយ៉ាងណាអគ្គលេខាធិការរូបនេះ បានបង្ហាញជំនឿចិត្ត ជឿជាក់ជាខ្លាំងថា នឹងគ្មានថ្ងៃប្រភេទកីឡានេះ មិនដាក់បញ្ចូលទៅក្នុងស៊ីហ្គេម ឆ្នាំ២០២៣នោះឡើយ ដោយសារតែសហព័ន្ធបានប្រឹងធ្វើការបញ្ជូនកីឡាកររបស់ខ្លួនទៅហ្វឹកហាត់កីឡាប្រភេទនេះ នៅប្រទេសដែលជំនាញជាងគេនៅលើពិភពលោក ដែលប្រទេសជិតខាង តែងតែសសើរមិនដាច់ពីមាត់ពីសមិទ្ធផលដែល អត្ពលិកជោគជ័យពីទីនោះ។ ជាក់ស្ដែងនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី នោះ បើទោះបីលទ្ធផលយើងមិនបានទទួលមេដាយជូនជាតិ ប៉ុន្តែលទ្ធផល ផ្នែកកីឡាកាយសម្ព័ន្ធ មានការកើនឡើងទាំងបច្ចេកទេស និងលទ្ធផលពិន្ទុ ដោយមានការចាប់អារម្មណ៍ច្រើន ពីបណ្ដាប្រទេសដែលចូលរួមប្រកួត ជាពិសេសគឺ តំណាងសហព័ន្ធកីឡាកាយសម្ព័ន្ធអន្តរជាតិ ដែលបានកោតសសើរដល់កម្ពុជាថា មានការរីកចម្រើនលឿននៅពេលបានទៅធ្វើការហ្វឹកហាត់នៅប្រទេសចិន។

គួរបញ្ជាក់ផងដែរថាកីឡាករកាយសម្ព័ន្ធ សំ រីម ដែលកម្ពុជាបានបញ្ជូនទៅធ្វើការហ្វឹកហាត់នៅប្រទេសចិន រយៈពេល៣ខែ មុនចូលរួមស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី បានបានជាប់ចំណាក់ថ្នាក់លេខ១៣ ក្នុងចំណោម អត្តពលិក ៣២នាក់ ក្នុងវិញ្ញាសារសេះលោតដែលមាន ៧ប្រទេសចូលរួមនេះជាចំណាត់ថ្នាក់ត្រៀមចូលទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រនៅក្នុងស៊ីហ្គេម៕

អត្ថបទ៖ ប៉ាវ ឡុងជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត