ថ្នាក់ដឹកនាំសូហ្វតេន្នីស ផ្តល់ទីតាំងហ្វឹកហាត់ដោយឥតគិតថ្លៃដល់សហព័ន្ធហាប់គីដូ

នូ មករា September 6, 2017


ភ្នំពេញ៖ ជាង ២០ឆ្នាំមកហើយដែលសហព័ន្ធកីឡាហាប់គីដូកម្ពុជា មិនមានទីតាំងហ្វឹកហាត់ច្បាស់លាស់ឡើយហើយតែងតែធ្វើការហ្វឹកហាត់នៅតាមសួនច្បារ ឬសុំអនុញ្ញាតហាត់នៅតាមសាលារៀនជាដើម ជាហេតុធ្វើឲ្យវិស័យកីឡាមួយនេះមិនសូវទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជននោះទេ ។
លោកគង់ ចាន់ធីណា អគ្គលេខាធិការសហ័ន្ធកីឡាហាប់គីដូកម្ពុជាបានមានប្រសាសន៍ប្រាប់ Camsports ថា៖ «នេះជាមោទកភាពមួយសម្រាប់កីឡាហាប់គីដូ ព្រោះរយៈកាលជាង ២០ឆ្នាំហើយដែលយើងមិនទាន់មានទីតាំងហ្វឹកហាត់ តែឥឡូវជាភ័ព្វសំណាងមួយដ៏ធំធេង ដែលយើងទទួលបានទីលានហ្វឹកហាត់លក្ខណៈស្ដង់ដាអន្តរជាតិមួយនេះ ។ សម្រាប់ទីតាំងថ្មីនេះនឹងធ្វើឱ្យវិស័យកីឡាហាប់គីដូ មានភាពរីកម្រើនទៅមុខជាក់ជាមិនខាន ព្រោះយើងមានទីតាំងច្បាស់លាស់ហើយ អុីចឹងយើងនឹងធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់បណ្ដាមហាជននៅក្នុងប្រទេស ជាពិសេសដល់ឪពុកម្ដាយដែលមានកូនតូចៗ ដែលមានចំណាប់អារម្មណ៍អាចមកទំនាក់ទំនងនៅទីកន្លែងនេះផ្ទាល់ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកីឡាហាប់គីដូនៅកម្ពុជា និងឆ្ពោះទៅការប្រកួតប្រជែងនៅលើពិភពលោកជាមួយនឹង បរទេស។»
ជាមួយគ្នានេះដែរលោកក៏បានថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិត ជា ប៊ុនហេង ដែលបានផ្ដល់ទីតាំងឲ្យដល់សហព័ន្ធដោយមិនមានទាមទារសំណងអ្វីវិញនោះឡើយ ដោយលោកជួយដោយទឹកចិត្តការស្រឡាញ់ និងការចូលរួមលើកស្ទួយវិស័យកីឡាហាប់គីដូ ។ ទាក់ទងនឹងការផ្សព្វផ្សាយអំពីប្រភេទកីឡានេះ ឲ្យទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជននោះលោកគង់ ចាន់ធីណា បានបញ្ជាក់ថា៖ «យើងកំពុងតែរៀបចំផែនការ និងគម្រោងហ្វឹកហាត់ឲ្យមានច្រើនកម្មវិធី និងរៀបចំការផ្សព្វផ្សាយទៅតាមសាលារៀន និងតាមបណ្ដាញសារព័ត៌មាន ជាពិសេសតាមបណ្ដាញសង្គមហ្វេសប៊ុកឱ្យបានច្រើនដើម្បីឲ្យបងប្អូនយើងជ្រួតជ្រាបថា ឥឡូវនេះយើងមានទីតាំងស្ថិតនៅក្នុងស្ដាតអូឡាំពិកមានពេលវេលាក៏ច្រើនដែរសម្រាប់ការហ្វឹកហាត់ ហើយការផ្សព្វផ្សាយនេះនឹងចាប់ផ្ដើមនៅពាក់កណ្ដាលខែនេះទៅដើមខែ១០ ពីព្រោះទីតាំងយើងមិនទាន់សាងសង់ហើយ ១០០%នៅឡើយទេ។»
 
គួររំលឹកថា កាលពីពេលថ្មីៗកន្លងទៅនេះ កីឡាករហាប់គីដូកម្ពុជាដែលរស់នៅប្រទេសកូរ៉េ ក្នុងនាមជាពលករ និងជាសិស្សគុនប្រចាំសហព័ន្ធនោះបានចូលរួមប្រកួតជើងឯកពិភពលោកកីឡាហាប់គីដូដោយកម្ពុជាទទួលបានមេដាយមាស ២គ្រឿង ដែលមានអត្តពលិកចូលរួមមកពីជាង ៣០ប្រទេស ខណៈដែលការប្រកួតនេះគេរៀបចំរៀងរាល់៤ឆ្នាំម្ដង៕
អត្ថបទ៖ ប៉ាវ ឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត