កម្ពុជា បង្ហាញមហិច្ឆិតាដណ្ដើមលេខ៧ ពីមីយ៉ាន់ម៉ាក្នុងព្រឹត្តិការណ៍សុីហ្គេមលើកក្រោយ

នូ មករា September 2, 2017


ភ្នំពេញ៖ លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានលើកជាយុទ្ធសាស្រ្តថា ចាប់ពីស៊ីហ្គេមលើកក្រោយៗទៅសហព័ន្ធកីឡានីមួយៗត្រូវតែពង្រឹងសមត្ថភាពអត្តពលិករបស់ខ្លួនដើម្បីឆ្លងឲ្យផុតពីវគ្គជម្រុះ ព្រោះទាល់តែឆ្លងផុតវគ្គនេះសិនទើបអាចសម្លឹងរកមេដាយបាន ហើយបើវគ្គជម្រុះឆ្លងមិនផុតផងនោះ តើទៅយកមេដាយឯណាបាន ?

គួររំលឹកថា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩នៅប្រទេសម៉ាឡេសុីដែលទើបតែនឹងបញ្ចប់ទៅថ្មីៗនេះ កម្ពុជាបានបញ្ជូនអត្តពលិកទៅចូលរួមប្រកួតក្នុងចំនួន ២៤ប្រភេទកីឡាឯណោះ ហើយជាលទ្ធផលមានតែ ៧ប្រភេទកីឡាប៉ុណ្ណោះដែលរកមេដាយបាន ចំណែក ១៧ប្រភេទកីឡាទៀតភាគច្រើនឆ្លងមិនផុតវគ្គជម្រុះនោះទេ ។

តាមការគ្រោងទុក សម្រាប់ស៊ីហ្គេមលើកទី៣០ ដែលប្រារព្ធធ្វើនៅប្រទេសហ្វីលីពីននាឆ្នាំ២០១៩វិញ គឺត្រូវតែមានជាង ១០ប្រភេទកីឡារកមេដាយឲ្យបានហើយចំពោះស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១នៅទីក្រុងហូជីមិញប្រទេសវៀតណាមនោះគឺត្រូវតែមាន ២០ប្រភេទកីឡាយកមេដាយឲ្យបានព្រោះបើមិនដូច្នោះទេ នៅឆ្នាំ២០២៣ ដែលជាឆ្នាំកម្ពុជាត្រូវធ្វើម្ចាស់ផ្ទះគឺប្រាកដជាប្រគល់មេដាយឲ្យគេអស់ហើយ ។

សូមបញ្ជាក់ដែរថា ពាក់ព័ន្ធនឹងភាពមិនយុត្តិធម៌ក្នុងការប្រកួតកីឡាស៊ីហ្កេមលើកនេះវិញ មានប្រទេសជាច្រើនមិនសប្បាយចិត្តជាមួយម្ចាស់ផ្ទះដោយគេចាត់ទុកថាមានភាពទុច្ចរឹតក្នុងការដណ្ដើមមេដាយហើយសម្រាប់លោកអគ្គលេខាធិការបានបញ្ជាក់ថា តាមការគ្រោងទុកម៉ាឡេស៊ីនឹងយកមេដាយមាសពី ១១០ទៅ១២០គ្រឿងប៉ុណ្ណោះតែប្រទេសនេះបែរជាយកបានរហូតដល់ទៅ ១៤៥គ្រឿងមេដាយមាសដែលប្រវត្តិបែបនេះមិនធ្លាប់មាននៅក្នុងស៊ីហ្គេមឡើយ ។

លោកបន្តថា ម្ចាស់ផ្ទះមានអាទិភាពពិតមែនហើយតែគួរចែករំលែកដល់ប្រទេសជាសមាជិកដទៃទៀតផងព្រោះមេដាយខ្លះមិនគួរទទួលបានសោះបែរជាបានដែរ ។ ស៊ីហ្គេម ២ចំនួនលើកហើយគឺលើកទី២៨ឆ្នាំ២០១៥នៅសិង្ហបូរី និង២០១៧នៅម៉ាឡេស៊ីដែលចំណាត់ថ្នាក់របស់កម្ពុជាស្ថិតនៅពីលើឡាវគឺចំណាត់ថ្នាក់លេខ ៨ ។ ពេលនេះកម្ពុជាបង្ហាញពីមហិច្ឆិតាដណ្ដើមចំណាត់ថ្នាក់លេខ៧ ពោលគឺនៅពីលើមីយ៉ាន់ម៉ា វិញម្តង ។ ពាក់ព័ន្ធនឹងមហិច្ឆិតាដ៏ធំនេះលោកវ៉ាត់ ចំរើន ពន្យល់ថាយើងត្រូវការចំណាត់ថ្នាក់លេខ៧នេះតែចំណាត់ថ្នាក់នេះកម្ពុជាត្រូវការមេដាយមាសពី ១០ ទៅ ២០គ្រឿងទៀតទើបឈរបាន ។ ហេតុនេះសហព័ន្ធជាតិនីមួយៗត្រូវតែពង្រឹងខ្លួនឯងទើបបាន៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត