ទោះមិនបានមេដាយនៅសុីហ្គេម តែកាយសម្ព័ន្ធកម្ពុជាលេចធ្លោគួរឲ្យកត់សម្គាល់!

នូ មករា August 31, 2017


ភ្នំពេញ៖ លោកណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានមានប្រសាសន៍៖ «កាយសម្ព័ន្ធកម្ពុជាលេចធ្លោនៅម៉ាឡេសុី បើទោះបីចាញ់សុីហ្គេមក៏ពិតមែន» ។ លោកបានថ្លែងបែបនេះ បន្ទាប់ពីលោក និងកីឡាករ សំ រីម បានត្រលប់ពីព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ីកាលពីពេលថ្មីៗនេះ ។ លោកបានបន្ថែមថា កីឡាករកម្ពុជាមានភាពលេចធ្លោក្នុងចំណោម ១១ប្រទេសនៅក្នុងព្រឹត្តិការណ៍នោះ បើទោះបីជាមិនឈ្នះមេដាយក៏ដោយ។

លោកសង្កេតឃើញថា កីឡាករសំ រីម មានការកើនឡើងបច្ចេកទេសល្អប្រសើរណាស់នៅក្នុងព្រឹត្តិការណ៍ប្រកួតនោះ ព្រោះនៅក្នុងចំណោមអត្តពលិក ៣២នាក់ដែលប្រកួតក្នុងវិញ្ញាសាសេះលោត កម្ពុជាទទួលបានចំណាត់ថ្នាក់ទី១៣ ដែលជាចំណាត់ថ្នាក់ត្រៀមចូលទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និង ផ្ដាច់ព្រ័ត្រ ហើយបើប្រៀបធៀបពិន្ទុរបស់កីឡាកររូបនេះពីការប្រកួតស៊ីហ្គេមនៅប្រទេសសិង្ហបុរីកាលពីឆ្នាំ២០១៥ មកដល់ឆ្នាំ២០១៧ គឺមានការខុសគ្នាច្រើន នេះដោយសារតែសហព័ន្ធបានបញ្ជូនអត្តពលិករបស់ខ្លួនទៅហ្វឹកហាត់នៅប្រទេសចិនក្នុងរយៈពេល ៣ខែមុនស៊ីហ្គេមម៉ាឡេស៊ីចាប់ផ្ដើមប្រកួតទើបធ្វើឲ្យរូបគេធ្វើបានល្អបែបនេះ។

លោកបានបន្តថា៖ «យើងបានឃើញថាមានប្រទេសមួយចំនួនដែលជំនាញៗ និងបានដាក់អត្តពលិករបស់គេជាក្រុមខ្លះ ៥ ទៅ៦នាក់ហើយក្នុងចំណោមនោះ ពួកគេបានប្រកួតចាញ់កម្ពុជាយើងដូចជា ថៃ ឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី ហើយក្នុងចំណោមកីឡាករដែលឈរចំណាត់ថ្នាក់លើយើងនោះមានតែ ១២នាក់ប៉ុណ្ណោះ គឺមាន វៀតណាម ហ្វីលីពីន ម៉ាឡស៊ី ដោយក្នុងវិញ្ញសាសេះលោតមួយនេះមានកីឡាករចូលរួម ៣២នាក់ ។ ធម្មតារឿងកីឡាកាយសម្ព័ន្ធកាលណាលឺថាបានទទួលការហ្វឹកហាត់នៅប្រទេសចិន គឺប្រទេសផ្សេងទៀតមានការបារម្ភខ្លាំងដោយសារតែប្រទេសចិនជាប្រទេសមួយដែលខ្លាំង និង ជំនាញជាងគេនៅក្នុងពិភពលោកផ្នែកកីឡានេះ ម្យ៉ាងទៀតអត្តពលិកដែលធ្លាប់ទៅហ្វឹកហាត់នៅទីនោះរយៈពេលវែងចាប់ពី ២ឆ្នាំឡើងទៅសុទ្ធតែប្រកួតឈ្នះមេដាយទាំងអស់។ ជាងនេះទៅទៀតក្នុងពេលហ្វឹកហាត់ត្រៀមប្រកួតជាមួយនឹងបណ្ដាប្រទេសផ្សេងទៀត នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនោះ គេបានដេញដោលសួរកម្ពុជាយើងច្រើន ពេលឃើញបច្ចេកទេសនៃការលោតរបស់យើងបានល្អដោយបានសួរថា អ្នកឯងបានទៅហាត់នៅចិនមែនទេ?» ។

លោកបានបន្ថែមថា៖ «បើទោះបីលទ្ធផលយើងមិនបានទទួលមេដាយជូនជាតិ ប៉ុន្តែលទ្ធផលផ្នែកកីឡាកាយសម្ព័ន្ធយើងទទួលបានមានការកើនឡើងទាំងបច្ចេកទេស និងលទ្ធផលពិន្ទុ ថែមទាំងមានការចាប់អារម្មណ៍ច្រើនពីបណ្ដាប្រទេសដែលចូលរួមប្រកួត ជាពិសេសគឺតំណាងសហព័ន្ធកីឡាកាយសម្ព័ន្ធ អន្តរជាតិ ដែលបានកោតសសើរដល់កម្ពុជាថាមានការរីកចម្រើនលឿន»។ លោកបានបញ្ជាក់ថា៖ «សម្រាប់ការចាញ់លើកនេះ លើប្រភេទកីឡាកាយសម្ព័ន្ធ គឺចាញ់ដោយពិតប្រាកដ មិនមានភាពអយុតិ្តធម៌ ឬមិនប្រក្រតីទៅលើអាជ្ញាកណ្ដាល និងចៅក្រមអ្វីនោះទេ គឺចាញ់ត្រង់សមត្ថភាពយើងមិនទាន់ដល់គេ។ តែទោះបីយ៉ាងណាក្ដី យើងរំពឹងថាឆ្នាំ២០១៩ ស៊ីហ្គេមនៅប្រទេសហ្វីលីពីន យើងសង្ឃឹមនឹងទទួលបានលទ្ធផលល្អច្រើនជាងនេះមិនខាន៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត