កម្ពុជានឹងបញ្ជូនអត្តពលិកទៅប្រកួតតេក្វាន់ដូ ITF ជើងឯកពិភពលោកនៅកូរ៉េខាងជើងខែក្រោយ

នូ មករា August 31, 2017


ភ្នំពេញ៖ យោងតាមការគ្រោងទុក សហព័ន្ធតេក្វាន់ដូ ITF កម្ពុជា នឹងបញ្ជូនកីឡាករ ១២រូប និងកីឡាការិនីចំនួន ២រូបទៅចូលរួមប្រកួតជើងឯកពិភពលោកលើកទី៥ នៅទីក្រុងព្យុងយ៉ាងប្រទេសកូរ៉េខាងជើងដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២២ ខែកញ្ញាខាងមុខនេះ ។ សម្រាប់ការចេញទៅប្រកួតនេះកម្ពុជាបានត្រៀមខ្លួនលេងចំនួន ២៤វិញ្ញាសាដែលក្នុងនោះវិញ្ញាសាឯកត្តជនចំនួន ២០វិញ្ញាសា និងវិញ្ញាសាជាក្រុមចំនួន ៤វិញ្ញាសា ។ ក្នុងនោះដែរ វិញ្ញាសាឯកត្តជនសម្រាប់ការប្រយុទ្ធមាន ១១ប្រភេទទម្ងន់ ។ ក្រៅពីនោះមានវិញ្ញាសាប្រើកម្លាំងបំបែកក្ដារមាន ៣ប្រភេទគឺ ឯកត្តជនបុរស, ឯកត្តជននារី និងការបំបែកក្ដារជាក្រុម ។ ចំពោះវិញ្ញាសាសម្តែងមានមេគុនចំនួន ៦វិញ្ញាសា និងមានការសម្តែងបច្ចេកទេសពិសេសការពារខ្លួនជាក្រុមបុរសនារីទៀតផង ។

លោកកែវ រ៉េមី ប្រធានសហព័ន្ធតេក្វាន់ដូ ITF មានជំនឿចិត្តថា ការចេញទៅប្រកួតនេះកីឡាករ-កីឡាការិនីតេក្វាន់ដូ ITF នឹងរកបានមេដាយច្រើនដូចប្រភេទកីឡាដទៃទៀតជាមិនខានឡើយ ។ ថ្នាក់ដឹកនាំដែលមានជំនាញផ្នែកកីឡាយុទ្ធគុនរបស់កូរ៉េខាងជើងរូបនេះបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា៖ «ការដណ្តើមយកជ័យជំនះជើងឯកពិភពលោកតេក្វាន់ដូ ITF គឺជាការលំបាកខ្លាំងណាស់ពីព្រោះក្បាច់គុណនេះប្រើបច្ចេកទេសចម្រុះច្រើន ទាំងក្បាច់ដៃ និងជើងហើយម្យ៉ាងវិញទៀតជើងខ្លាំងភាគច្រើនគឺមកពី ចិន, ជប៉ុន, រុស្សី, អ៊ុយក្រែន អាចនិយាយបានថាមកពី អឺរ៉ុបខាងកើត និងកូរ៉េដែលជាម្ចាស់ផ្ទះតែម្តង។ រីឯសមាសភាពមកពីអាសុីអាគ្នេយ៍ ឬ អូស្ត្រាលីយើងមិនមានការព្រួយបារម្ភនោះទេ»។


លោកបានបន្ថែមថា៖ «ខ្ញុំបានផ្តល់ឲ្យពួកគេនូវគន្លឹះដែលខ្ញុំធ្លាប់មានពិសោធន៍ផ្ទាល់នោះគឺ ក្រៅតែពីការហ្វឹកហាត់នូវការពង្រឹងកាយសម្បទា បច្ចេកទេសប្រយុទ្ធ និងបច្ចេកទេសផ្សេងៗ អ្វីដែលសំខាន់ជាងនេះគឺការជឿជាក់លើខ្លួនឯង ត្រូវហ្វឹកហាត់ស្មារតី ត្រូវមានឆន្ទ:ស្រួចស្រាវចង់បានជ័យជម្នះ បើមិនបានគិតពីចំណុចនេះទេ នោះភាពស្វាហាប់នឹងបាត់ ចាញ់ច្រាបនឹងមិនអាចចេញក្បាច់បានល្អនោះទេ» ៕


អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត