ជាតិ ខេមរា៖ សីឈិនឡូនកម្ពុជាហាត់រយៈពេលខ្លីពេកទើបមិនអាចការពារតំណែងជើងឯកបាន

នូ មករា August 30, 2017


ភ្នំពេញ៖  ក្រោយពីបានដឹកនាំអត្តពលិករបស់ខ្លួនត្រលប់មកកម្ពុជាវិញកាលពីព្រឹកមិញនេះជាមួយនឹងមេដាយសំរឹទ្ធ ២វិញាសាមកជូនកម្ពុជាដោយមានការទទួលស្វាគមន៍ពីសំណាក់លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡារួមជាមួយនឹងអ្នកគាំទ្រជាច្រើនរូបផ្សេងទៀត។
គ្រូបង្វឹកជាតិ ខេមរា បានថ្លែងបែបនេះថា៖ «ការប្រកួតឆ្នាំនេះវាមានភាពខុសប្លែកពីឆ្នាំមុន ដោយវិញ្ញសាដែលយើងត្រៀមប្រកួតបែរជាគ្មាន អុីចឹងយើងត្រូវប្ដូរទៅលេងវិញ្ញាសាផ្សេងវិញ ដែលធ្វើឲ្យមានការពិបាករហូតដល់យើងមិនអាចការពារតំណែងជើងឯករបស់ខ្លួនបាន ។ វិញ្ញសាដែលយើងលេងនៅប្រទេសសិង្ហបុរីដែលទទួលបានតំណែងជើងឯកនៅឆ្នាំ២០១៥នោះ គឺយើងលេងលើវិញ្ញសា (Linking) ត្រេសសី៦ ប៉ះក្នុងម្នាក់ៗ ហើយក្រុមអត្តពលិករបស់យើង បានបន្តការហ្វឹកហាត់វិញ្ញាសានេះរហូតជិតដល់ថ្ងៃប្រកួតទើបម្ចាស់ផ្ទះម៉ាឡេស៊ីបានសុំយើងប្ដូរវិញ្ញសាប្រកួតវិញ ដែលមានការពិបាកខ្លាំងព្រោះការហ្វឹកហាត់មានរយៈពេលខ្លីពេកគឺត្រឹម ១ខែមុនការប្រកួត» ។
លោកបានបន្ថែមថា៖ «តែទោះបីយ៉ាងណាយើងក៏បានទទួលលទ្ធផលល្អគួរសមដែរ ខណៈដែលពេលហ្វឹកហាត់យើងធ្វើតេស្តបានពិន្ទុ១៣០ តែដល់ពេលប្រកួតជាក់ស្ដែងយើងទទួលបានពិន្ទុ ១៤៥»។ ទាក់ទងទៅនឹងការផ្លាស់ប្ដូរវិញ្ញសាភ្លាមៗបែបនេះ លោកជាតិ ខេមរា បានលើកឡើងថា៖ «នេះគឺជាហេតុផលមួយដែលយើងមិនពេញចិត្ត និងមិនសមហេតុតែម្ដង តែទោះបីយ៉ាងណាយើងគ្មានសិទ្ធិតវ៉ាឡើយ ព្រោះខាងម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម គេមានសិទ្ធិក្នុងការកែប្រែ»
គ្រូបង្វឹករូបនេះសង្កត់ធ្ងន់ថា សម្រាប់ស៊ីហ្គេមលើកក្រោយ យើងនឹងព្យាយាមឱ្យអស់ពីលទ្ធភាព និងក្នុងនាមជាម្ចាស់ផ្ទះខ្លួនឯងក៏យើងនឹងធ្វើឱ្យបានល្អផងដែរ។ ជាមួយគ្នានេះដែរកីឡាករ រាម សុភារម្យ ក៏បានឱ្យដឹងដែលថា៖ «ដោយសារតែលើកនេះយើងទទួលបានបទពិសោធន៍អុីចឹងសម្រាប់ការប្រកួតនាឆ្នាំ ២០១៩នោះ ក្រុមអត្តពលិកសីឈិនឡូន នឹងព្យាយាមហ្វឹកហាត់ឱ្យបានល្អជាងនេះ ទាំង៤វិញ្ញសាតែម្ដង ព្រោះវាមានរយៈពេលវែងដែលគឺ២ ឆ្នាំឯណោះ ចឹងបើសិនជាខាងម្ចាស់ផ្ទះគេផ្លាស់ប្ដូរវិញ្ញាសារក៏យើងអាចលេងបានដែរ»។ កីឡាកររូបនេះបានថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអ្នកនៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក និងប្រជាពលរដ្ឋខ្មែរ ទាំងក្នុងស្រុក និងក្រៅស្រុក ជាពិសេសខ្មែរដែលរស់នៅប្រទេសម៉ាឡេស៊ីតែម្ដង ដែលគាត់បានមកលើកទឹកចិត្តដល់ទីលានប្រកួតផ្ទាល់ធ្វើឱ្យពួកគេប្រឹងប្រែងទទួលបានលទ្ធផលល្អបែបនេះ ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់