ក្រុមកីឡាប៉េតង់ និងសីឈិនឡូនកម្ពុជា ត្រឡប់មកពីសុីហ្គេមវិញហើយ

នូ មករា August 29, 2017


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែសីហានេះក្រុមកីឡាប៉េតង់ និងសីឈិនឡូនរបស់កម្ពុជាដែលបានទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ីនោះបានវិលត្រឡប់មកកាន់ប្រទេសកំណើតវិញហើយ ដោយសីឈិនឡូនរកបានមេដាយសំរឹទ្ធចំនួន ២គ្រឿងនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩នេះក្នុង ខណៈដែលប៉េតង់រកបានមេដាយចំនួន ៥គ្រឿងក្នុងនោះមេដាយមាស ១គ្រឿង មេដាយប្រាក់ ១គ្រឿង និងមេដាយសំរឹទ្ធ៣គ្រឿង ។ ក្នុងឱកាសនោះ លោកប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានអញ្ជើញទៅស្វាគមន៍ និងបំពាក់កម្រងផ្កាដល់ជ័យលាភីស៊ីហ្គេមដល់ចំណតអាកាសយានដ្ឋានអន្តរជាតិផងដែរ ។

ជាមួយគ្នានេះ សម្រាប់ប្រដាល់គុនខ្មែរក្រៅពីមឿន សុខហ៊ុច ដែលធ្លាក់នៅជុំទី១ បន្ទាប់ពីប្រកួតចាញ់អ្នកប្រដាល់ថៃនោះកីឡាករ ឡៅ ចិត្រា និង វ៉ាន់ វឿន ក៏បានធ្លាក់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របន្ទាប់ពីប្រកួតចាញ់អ្នកប្រដាល់ម៉ាឡេស៊ី ។ ចំពោះអ្នកប្រដាល់ឃុន ឌីម៉ា ដែលឈ្នះហ្វីលីពីននៅទឹកទី២ កាលពីម្សិលមិញពេលនេះកំពុងគ្រងមេដាយប្រាក់ជាបណ្តោះអាសន្នហើយៗគេត្រូវប្រកួតផ្ដាច់ព្រ័ត្រជាមួយអ្នកប្រដាល់ថៃ Anueng Khatthamarasri នៅរសៀលនេះ ។ រីឯម៉ឺន សុភា ដែលឈ្នះអ្នកប្រដាល់ម៉ាឡេស៊ីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះក៏ត្រូវប្រកួតផ្ដាច់ព្រ័ត្រជាមួយអ្នកប្រដាល់ថៃ Phri Dasak នៅថ្ងៃនេះដែរ ។

អត្ថបទ៖ វ៉ាន្នី

មតិយោបល់