សុីហ្គេម៖ ប៉េតង់គូចម្រុះបុរស-នារីកម្ពុជា ត្រូវដណ្តើមមេដាយមាសជាមួយក្រុមថៃ ល្ងាចនេះ

នូ មករា August 28, 2017


ភ្នំពេញ៖ យោងតាមការផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អគ្គនាយកដ្ឋានកីឡាបានឲ្យដឹងថា ក្រុមប៉េតង់កម្ពុជាដែលប្រកួតលើវិញ្ញាសាគូចម្រុះបុរស-នារី បានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រហើយដោយនឹងត្រូវជួបក្រុមថៃ នារសៀលថ្ងៃទី២៨ ខែសីហានេះបន្ទាប់ពីបានទទួលជ័យជម្នះជាប់ៗគ្នាកាលពីព្រឹកមិញរួចមក ។

សូមបញ្ជាក់ថា ក្រុមកម្ពុជាដែលមានសមាសភាព ២រូបគឺកីឡាករ សៅ សុភារ៉ាន់ និងកីឡាការិនី ដួង ឌីណា បានទទួលបានជោគជ័យ ២ប្រកួតនាព្រឹកនេះដោយបានយកឈ្នះក្រុមហ្វីលីពីន ១៣-១ ក្នុងវគ្គសន្សំពិន្ទុក្នុងពូល និងបន្តឈ្នះក្រុមឡាវក្នុងលទ្ធផលបច្ចេកទេស ១៣-៨ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីដណ្តើមសិទ្ធិឈានចូលទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រក្នុងគោលដៅប្រជែងយកមេដាយមាសជាបន្តទៀតដោយត្រូវជួបជាមួយក្រុមថៃ នៅវេលាម៉ោង ២រសៀល (ម៉ោងនៅកម្ពុជា) ។

គួរបញ្ជាក់ដែរថា កាលជួបគ្នានៅក្នុងពូល ក្រុមកម្ពុជាបានចាញ់ក្រោមថ្វីដៃក្រុមថៃក្នុងលទ្ធផលបច្ចេកទេស ០-១៣ ដូច្នេះ សូមរង់ចាំមើលថា តើនឹងមានអ្វីប្រែប្រួលដែរឬទេក្នុងការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រនារសៀលនេះ?

អត្ថបទ៖ មករា

រូបភាព៖ អគ្គនាយកដ្ឋានកីឡា

មតិយោបល់