កម្មវិធីប្រកួត Australian Open 2015 បញ្ចប់ដោយជ័យជម្នះនៃជើងខ្លាំងលំដាប់ពិភពលោក

គឹមហុក March 3, 2015


កម្មវិធីប្រកួតតេន្នីស Australian Open 2015 ដែលបានធ្វើឡើងនៅឯសួន Melbourne ដែលស្ថិតនៅ​ក្នុងទីក្រុង Melbourne ប្រទេសអូស្ត្រាលីនោះបានបិទបញ្ចប់ជាផ្លូវការហើយ។ កម្មវិធីនេះបានចាប់ផ្តើមប្រកួតពីថ្ងៃទី 19 ខែមករា ដល់ថ្ងៃទី 1 ខែកុម្ភៈ ឆ្នាំ2015។ នេះក៏ជាលើកទី 103 ហើយដែលគេបានប្រារព្ធកម្មវិធី Australian Open នេះឡើង និងជាពានរង្វាន់ Grand Slam ទី 1 ប្រចាំឆ្នាំក្នុងចំណោមពានរង្វាន់ Grand Slam  ទាំង 4 ផងដែរ។ កម្មវិធីប្រកួតនេះមានការចួលរួមពីសំណាក់កីឡាករ និងកីឡាការិនីតេន្នីសអាជីពជាច្រើនរូបទាំងការប្រកួតជាលក្ខណៈទោល និងជាគូ។ សូមបញ្ជាក់ថា ការប្រកួតតេន្នីសកម្មវិធី Australian Open ក្នុងឆ្នាំនេះ អ្នករៀបចំកម្មវិធីបានដំឡើងប្រាក់រង្វាន់រហូតដល់ទៅ 40​ លានដុល្លារអូស្រ្តាលីឯណោះ។

Australian Open 2015

Australian Open 2015

បើនិយាយពីផ្នែកបុរស កីឡាករ Novak Djokovic គឺជាជើងឯក ៣ សម័យជាប់ៗគ្នាក្នុងការប្រកួតទោល ខណៈដែលកីឡាការិនី Victoria Azarenka គឺជាជើងឯក ២ សម័យជាប់គ្នាក្នុងកម្មវិធីពានរង្វាន់តេន្នីសដ៏ធំនេះ។ ប៉ុន្តែការគ្រប់គ្រងពានរបស់ពួកគេត្រូវបានបញ្ចប់កាលពីឆ្នាំមុនដោយកីឡាករសញ្ជាតិស្វីស Stan Wawrinka ដែលបានយកឈ្នះជើងឯកពានរង្វាន់ Grand Slam លើកទី 1 របស់ខ្លួនក្នុងកម្មវិធី Australia Open នេះ ដូច្នេះហើយទើបក្នុងឆ្នាំ 2015 នេះកីឡាករ Stan Wawrinka និងកីឡាការិនី Li Na ត្រូវបំពេញភារៈជាអ្នកការពារតំណែងជើងឯករបស់ពួកគេវិញម្តង។ អ្វីដែលនឹកស្មានមិនដល់នោះគឺកីឡាការិនីសញ្ជាតិចិន Li Na បានប្រកាសចូលនិវត្តន៍ហើយកាលពីថ្ងៃទី 19 ខែកញ្ញា 2014 កន្លងទៅ ជាហេតុធ្វើឲ្យឆ្នាំនេះគឺជាយុទ្ធនាការស្វែងរកជើងឯកផ្នែកនារីទោលថ្មីតែម្តង។ ហេតុនេះហើយទើបមានទស្សនិកជនជាច្រើនលាននាក់បានទន្ទឹងចាំមើលថា តើកីឡាករលំដាប់ថ្នាក់លេខ 1 ពិភពលោក Novak Djokovic និង កីឡាការិនី Victoria Azarenka អាចដណ្តើមភាពជោគជ័យរបស់ខ្លួនមកវិញបានឬយ៉ាងណាក្នុងការប្រកួតនាឆ្នាំថ្មី 2015 នេះ?

បន្ទាប់ពីធ្វើការប្រកួតអស់រយៈពេលពីរសប្តាហ៍រួចមក យើងបានរកឃើញម្ចាស់ជើងឯក Australian Open 2015 ហើយពោលគឺ ផ្នែកបុរសទោល កីឡាករលេខ 1 ពិភពលោក Novak Djokovic សញ្ជាតិសែប៊ី បានយកឈ្នះលើកីឡាករលេខ​ 4 ពិភពលោក សញ្ជាតិអង់គ្លេស  Andy Murray នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៣ សិតទល់នឹង ១ គឺ  7–6(7–5), 6–7(4–7), 6–3 និង 6–0 ។ នេះគឺជាពានរង្វាន់ Grand Slam ទី 5 ហើយដែលកីឡាករសញ្ជាតិសែប៊ីរូបនេះបានឈ្នះ។ គួររំលឹកផងដែរថា ក្នុងការប្រកួតលើកនេះកីឡាករ Novak Djokovic ធ្វើបានយ៉ាងល្អដោយបានយកឈ្នះលើកីឡាករ Andy Murrayនៅសិតទី ១ ក្នុងលទ្ធផល 7-6។ ប៉ុន្តែចូលដល់សិតទី ២ កីឡាករលេខ 4 ពិភពលោក Andy Murray បានធ្វើការតបវិញដោយបានយកឈ្នះក្នុងលទ្ធផល 7-6 វិញ។ ទោះជាយ៉ាងណាកីឡាករលេខ ១ ពិភពលោក Novak Djokovic នៅតែបានយកឈ្នះទៅលើកីឡាករ Andy Murray ដដែល ។ នេះក៏ជាលើកទី 3 ហើយដែលកីឡាករទាំង 2 បានជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីនេះដោយកីឡាករ Novak Djokovic បានយកឈ្នះទាំង 3 លើក។

ចំណែកឯការប្រកួតផ្នែកនារីទោលវិញ កីឡាការិនីលេខ 1 ពិភពលោកសញ្ជាតិអាម៉េរិគ  Serena Williams  បានយកឈ្នះលើកីឡាការិនីសញ្ជាតិរុស្សី Maria Sharapova ក្នុងលទ្ធផល ២ សិតទល់នឹង ០ គឺ 6–3, 7–6(7–5) ហើយក៏នេះជាលើកទី 2 ហើយដែលកីឡាការិនីទាំងពីររូបនេះបានជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ។ នេះគឺជាពានរង្វាន់ Grand Slam ទី 6 ហើយដែល​កីឡាការិនី Serena Williams បានឈ្នះក្នុងកម្មវិធីនេះ។

ខាងក្រោមនេះគឺជាការសរុបឈ្មោះអ្នកឈ្នះជើងឯកនៅក្នុងកម្មវិធី Australian Open 2015:

  • បុរសទោល
  • Novak Djokovic សញ្ជាតិ សែប៊ី បានឈ្នះលើកីឡាករលេខ​ ៤ ពិភពលោកសញ្ជាតិអង់គ្លេស Andy Murray ក្នុងលទ្ធផល ៣ សិតទល់នឹង ១ គឺ  7–6(7–5), 6–7(4–7), 6–3, 6–0 ។
  • នារីទោល
  • កីឡាការិនីលេខ 1 ពិភពលោក សញ្ជាតិអាម៉េរិគ Serena Williams  បានយកឈ្នះលើកីឡាការិនីសញ្ជាតិរុស្សី Maria Sharapova ក្នុងលទ្ធផល ២ សិតទល់នឹង ០ គឺ 6–3, 7–6(7–5)
  • បុរសគូ
  • កីឡាករ Simone Bolelliនិងកីឡាករ Fabio Fognini សញ្ជាតិអ៊ីតាលីបានយកឈ្នះលើកីឡាករ សញ្ជាតិបារាំង Pierre-Hugues Herbert និង Nicolas Mahut, ក្នុងលទ្ធផល 6–4, 6–4 ។
  • នារីគូ
  • កីឡាការិនីBethanie Mattek-Sands សញ្ជាតិអាម៉េរិគ និងកីឡាការិនី សញ្ជាតិឆេក​ Lucie Šafářová បានយកឈ្នះលើកីឡាការិនីតៃវ៉ាន់ Chan Yung-jan និងកីឡាការិនីចិន Zheng Jie, ក្នុងលទ្ធផល 6–4, 7–6(7–5)
  • បុរស និង នារី
  • Martina Hingisសញ្ជាតិស្វីស និង Leander Paes សញ្ជាតិឥណ្ឌា ឈ្នះ 6-4,6-3 ទៅលើ Kristina Mladenovic សញ្ជាតិបារាំង និង Daniel Nestor សញ្ជាតិកាណាដា។

 

អត្ថបទ៖ រិទ្ធី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត