ប្រធានសហព័ន្ធប្រដាល់ទាំង ២ ជួបសំណេះសំណាលជាមួយកីឡាករមុនចេញទៅសុីហ្គេម

នូ មករា August 16, 2017


ភ្នំពេញ៖ សហព័ន្ធប្រដាល់គុនខ្មែរ និងសហព័ន្ធប្រដាល់កម្ពុជាបានប្រារព្ធពិធីសំណេះសំណាលរួមគ្នាជាមួយគ្រូបង្វឹក និងកីឡាករនៅព្រឹកថ្ងៃទី១៦ ខែសីហាដែលនេះជាការសំណេះសំណាលចុងក្រោយមុនចេញទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី ។ លោកឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានអះអាងឲ្យដឹងថា កីឡាកររបស់លោកទាំង ៥ប្រភេទទម្ងន់ត្រៀមខ្លួនបានល្អណាស់ព្រោះ ៤៥ថ្ងៃមុនទៅប្រកួតសហព័ន្ធបានចំណាយថវិកាធ្វើម្ហូបអាហារដល់ពួកគេបន្ថែមលើប្រាក់របបប្រចាំខែ ១.៨០០.០០រៀលរបស់ពួកគេដោយឲ្យពួកគេខិតខំហ្វឹកហាត់ឲ្យបានល្អ ។

ជាមួយគ្នានេះក្រៅពីប្រាក់ឧបត្ថម្ភចំនួន ៥០០ដុល្លាររបស់សម្ដេចតេជោសហព័ន្ធបានស្វែងរកជំនួយឧបត្ថម្ភពីផ្នែកឯកជនបានមួយចំនួនទៀតផ្ដល់ឲ្យពួកគេ ។ គួរបញ្ជាក់ថា អ្នកប្រដាល់គុនខ្មែរទាំង ៥ រូបដែលត្រូវចេញទៅប្រកួតកីឡាស៊ីហ្គេមនោះមានដូចជា៖ កីឡាករ ម៉ឺន សុភា, មឿន សុខហ៊ុច, ឃុន ឌីម៉ា, ឡៅ ចិត្រា និង វ៉ាន់ វឿន ។

ចំណែកលោកវេជ្ជបណ្ឌិតឆឹង យ៉ៅយ៉េន ដែលជាប្រធានសហព័ន្ធប្រដាល់សាកលកម្ពុជាក៏បានឲ្យដឹងដែរថាប្រដាល់សាកលចំនួន ៥ ប្រភេទទម្ងន់នឹងចេញទៅប្រកួតកីឡាស៊ីហ្គេមលើកទី ២៩នេះដែរ ។ អ្នកប្រដាល់ទាំង ៥រូបនោះរួមមាន៖ សាន តុលា, ណាត សៀកនិន, ហង្ស រ៉ាម៉ន, ផល សោភ័ណ្ឌ និង ហ្វីលីក មីលីន ម៉ារទីន ។ លោកឧត្តមសេនីយ៍ឯកតែម ម៉ឺនបានអះអាងថាលោកនឹងរៀបចំពិធីជប់លៀងដល់អ្នកប្រដាល់របស់លោកប្រសិនបើគេបានទទួលលទ្ធផលល្អក្នុងការប្រកួតកីឡាស៊ីហ្គេមលើកនេះ ។

បើតាមការឲ្យដឹងពីលោកម៉ិល កាដូ អគ្គនាយករងកីឡានៃក្រសួងអប់រំយុវជន និងកីឡាបានថ្លែងថា ប្រដាល់សាកលនឹងចេញដំណើរទៅចូលរួមប្រកួតនៅថ្ងៃទី១៨ ខែសីហា ចំពោះប្រដាល់គុនខ្មែរចេញដំណើរថ្ងៃទី២៥ ខែសីហាពោលគឺស្របពេលដែលប្រដាល់សាកលត្រឡប់មកវិញ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់