NOCC បញ្ជូននាយរងបេសកកម្មទៅពិនិត្យមើលកន្លែងស្នាក់នៅហូបចុករបស់អត្តពលិកសុីហ្គេម

នូ មករា August 13, 2017


ភ្នំពេញ៖ កាលពីសប្ដាហ៍មុននេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC បានបញ្ជូននាយរងបេសកម្មម្នាក់ទៅពិនិត្យមើលទីតាំងហ្វឹកហាត់ ស្នាក់នៅ និង ហូបចុករបស់កីឡាករ កីឡាការិនីកម្ពុជាដែលត្រូវធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេសុីនាសប្ដាហ៍ក្រោយមុនការប្រកួតកីឡាស៊ីហ្គេមចាប់ផ្ដើម ។ លោកញ៉ាន សុខវិសាល នាយរងបេសកកម្មនៃប្រតិភូកីឡាកម្ពុជាបានមានប្រសាសន៍ថា ការដែលលោកមកធ្វើការត្រួតពិនិត្យមុននេះ គឺចង់ពិនិត្យឲ្យកាន់តែច្បាស់បន្ថែមទៀតរាល់កន្លែងហ្វឹកហាត់ ការប្រកួត ស្នាក់នៅហូបចុក ឡានដឹកប្រតិភូ កីឡាករ កីឡាការិនី និងសម្របសម្រួលរាល់បញ្ហាដែលអត្តពលិកតាមប្រភេទគីឡា នីមួយៗមានដើម្បីលើកឡើងនៅក្នុងអង្គប្រជុំ ក៏ដូចជាស្នើដល់ខាងម្ចាស់ផ្ទះឲ្យមានការកែលម្អឡើងវិញ ។ ជាពិសេសគឹដើម្បីត្រួតពិនិត្យ និងកែសម្រួលបញ្ចប់ចំនួនចុងក្រោយនៃវិញ្ញាសាប្រភេទកីឡាប្រកួត ក៏ដូចជាផ្ទៀងផ្ទាត់ឈ្មោះ ព្រមទាំងបង់ប្រាក់ ៥០% ផងដែរ ។
លោកបានបន្តថា៖ «ធាតុពិតទៅការឆែកមើលការស្នាក់នៅហូបចុក និងកន្លែងហ្វឹកហាត់របស់អត្តពលិក យើងបានធ្វើការត្រួតពិនិត្យមើលរួចហើយតាំងពីខែមិនា និង មេសាឯណោះ គឺមិនមានបញ្ហាចោទអីនោះទេ ដោយសារតែម្ចាស់ផ្ទះម៉ាឡេស៊ី ធ្លាប់រៀបចំការប្រកួតនេះម្ដង ចឹងគេមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ទៅតាមស្ដង់ដាស៊ីហ្គេមរួចរាល់ហើយគ្រាន់តែគេជួសជុលកន្លែងដែលខ្វះខាតបន្ទិចបន្ទួចតែប៉ុណ្ណោះ។ ម្យ៉ាងទៀត សណ្ឋាគារដែលអត្តពលិក និងប្រតិភូកម្ពុជា ស្នាក់នៅហូបចុកនោះ គឺជាសណ្ឋាគារលំដាប់ផ្កាយបួន និងផ្កាយប្រាំរបស់ម៉ាឡេស៊ី ដូច្នេះបើប្រៀបធៀបការរៀបចំការប្រកួតកីឡាស៊ីហ្គេមរវាងប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរីគឺមិនមានអីខុសគ្នាប៉ុន្មាននោះទេ គ្រាន់តែកម្ពុជាឱ្យតម្លៃទៅប្រទេសសិង្ហបុរីដែលរៀបចំមានការច្បាស់លាស់ជាងម៉ាឡេស៊ីតែប៉ុណ្ណោះក្រៅពីនេះ គឺមានខាងសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ឃ្លាំមើលពីលើមក ចឹងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមមានលក្ខណៈស្រដៀងៗទៅនឹងប្រទេសផ្សេងៗដែរ។»
លោកបានបន្តថា៖ «បញ្ហាចោទរបស់យើងគឺមានបន្តិចបន្តួចតែប៉ុណ្ណោះ ដូចជាការស្នាក់នៅ ការហូបចុករបស់ប្រភេទកីឡាខ្លះដែលត្រូវស្នាក់នៅហូបចុក ដាច់ដោយឡែកពីគេ ដូចជាកីឡា ជិះសេះ និងទូកក្ដោង ជាដើម គឺឆ្ងាយពីកូឡាឡាំពួរ ដោយសារតែខាងម្ចាស់ផ្ទះគេតម្រូវឱ្យអត្តពលិកស្នាក់នៅជិតកន្លែងប្រកួតតែម្ដង ចឹងវាអាចធ្វើឲ្យយើងមានការលំបាកក្នុងការគ្រប់គ្រងបន្តិចដែរ។» ប៉ុន្តែទោះបីយ៉ាងណា លោកជឿជាក់ថាក្រុមអត្តពលិកទាំងអស់មិនមានបញ្ហាចោទរឿង ហូបចុកនោះទេ ដោយសារតែខាងម្ចាស់ផ្ទះគេរៀបចំអាហារ តម្រូវឲ្យកម្ពុជា និងហ្វីលីពីន ដែលបរិភោគអាហារស្រដៀងគ្នា។ គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត