ប៉េតង់កម្ពុជា បង្ហាញក្តីបារម្មណ៍បើសិនជាប៉ះថៃ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅសុីហ្គេម

នូ មករា August 9, 2017


ភ្នំពេញ៖ នៅក្នុងតំបន់អាស៊ានកម្ពុជាគឺជាប្រទេសទី២ ដែលមានប្រភេទកីឡាប៉េតង់ខ្លាំងជាងគេបន្ទាប់ពីប្រទេសថៃ ខណៈដែលការប្រកួតប្រជែងដណ្ដើមយកមេដាយមាសមួយលើកៗរបស់កម្ពុជាពិតពិបាកខ្លាំងណាស់នៅពេលជួបគូប្រកួតមកពីប្រទេសថៃ ជាពិសេសកម្ពុជាមានការព្រួយបារម្មណ៍ខ្លាំងបើសិនប៉ះថៃ នៅវគ្គផ្ដាច់ព្រ័តក្នុងស៊ីហ្គេមឆ្នាំនេះ។ ក្នុងចំណោមប្រទេសទាំង១១ គឺមានតែថៃ នោះទេដែលមានសមត្ថភាពខ្ពស់ និងជាក្តីកង្វល់សម្រាប់កម្ពុជាក្នុងស្វែងរកមេដាយមាសពីការប្រកួតនេះ។
ជាក់ស្ដែងកាលពីការប្រកួតស៊ីហ្គេមលើកទី២៨ នៅសិង្ហបុរី ក្រុមប៉េតង់កម្ពុជាដណ្តើមមិនបានមេដាយមាសនោះទេ គឺបានត្រឹមមេដាយប្រាក់ ៤ និងសំរឹទ្ធ ៥ ព្រោះកីឡាករ សុខ ច័ន្ទមាន ដែលប្រកួតវាយយកពិន្ទុ និងកីឡាការិនី អ៊ុន ស្រីយ៉ា ប្រកួតឯកត្តជន រួមទាំងការប្រកួតជាក្រុមចម្រុះរបស់ សុខ ច័ន្ទមាន, តិប នារ៉ា និងកីឡាការិនី អ៊ុក លក្ខិណា បានចាញ់ថៃ នៅវគ្គផ្តាច់ព្រ័ត្រដូចគ្នាទាំងអស់ ហើយកាលណោះថៃឈ្នះមេដាយមាសច្រើនជាងគេរហូតទៅដល់ ៨គ្រឿង។ នេះជាមូលហេតុដែលធ្វើឲ្យកម្ពុជាបារម្មណ៍ទៅលើភាពខ្លាំងរបស់ថៃ។

គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាប៉េតង់ លោក អ៊ឹម ផាត បានមានប្រសាសន៍ថា៖ «ប្រទេសថៃដែលជាជើងខ្លាំងនៅតំបន់អាស៊ាន ហើយបើសិនជាការប្រកួតនេះយើងប៉ះថៃ នៅវគ្គផ្ដាច់ព្រ័តនោះ គឺពិតជាឧបសគ្គដ៏ធំសម្រាប់កម្ពុជាក្នុងការប្រជែងដណ្តើមមេដាយមាសលើវិញ្ញាសាប៉េតង់នេះមិនខាន។» តែទោះបីយ៉ាងណា គ្រូបង្វឹករូបនេះនៅតែសង្ឃឹមពី ៨០ទៅ៩០ភាគរយសម្រាប់ការដណ្តើមបានមេដាយ តែមិនអាចសន្និដ្ឋានជាមុនថា មេដាយមាស ប្រាក់ ឬយ៉ាងណានោះឡើយ។
ជាមួយគ្នានេះដែរ កីឡាករ សុខ ច័ន្ទមាន ដែលធ្លាប់ឈ្នះមេដាយមាសជើងឯកពិភពលោកលើវិញ្ញាសាវាយយកពិន្ទុ តែត្រូវប្រកួត ១ នាក់ទល់ ១ នាក់វិញ បាននិយាយថា៖ «ចំពោះប៉េតង់ដឹងតែបានមេដាយហើយ ប៉ុន្តែការបានឈ្នះមាស ឬយ៉ាងណានោះ យើងមិនហ៊ានថាទុកមុនទេ ព្រោះកីឡាវាអាចនឹងមានការប្រែប្រួលហើយម្យ៉ាងទៀតរបបអាហារនៅម៉ាឡេស៊ី ខុសពីយើងដែលអាចជាបញ្ហាផងដែរ។» គួបញ្ជាក់ផងដែរថា សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជានឹងបញ្ជូនអត្តពលិកចំនួន ១៦នាក់(ស្រី៨នាក់) គ្រូ៤នាក់ និងថ្នាក់ដឹកនាំ ១នាក់ឲ្យចូលរួមកីឡាស៊ីហ្គេមនៅម៉ាឡេស៊ីដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី១៩ ដល់ថ្ងៃទី៣១ ខែសីហា ខាងមុខដោយប្រតិភូកីឡាប៉េតង់ដែលដឹកនាំដោយលោក អ៊ិន គឹមស្រ៊ុន នឹងចាកចេញពីកម្ពុជានៅថ្ងៃទី១៩ សីហា ខាងមុខនេះ ៕
អត្ថបទ៖ ប៉ាវឡុងជីង

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត