កីឡាករកម្ពុជា ២រូបនឹងប្រកួតជើងឯកប្រណាំងឡានជាមួយនឹង ១០ប្រទេសផ្សេងទៀតនៅថៃ

នូ មករា August 9, 2017


ភ្នំពេញ៖ ក្រោយពីទទួលបានការគាំទ្រពីសំណាក់សហព័ន្ធកីឡាយានយន្តរបស់ព្រះរាជាណាចក្រកម្ពុជារួចមក អ្នកនិយមចូលចិត្តខាងប្រណាំងឡានបានសម្រេចចិត្តដាក់ពាក្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្តនៅប្រទេសថៃនាសប្ដាហ៍ក្រោយនេះដោយមានក្រុមមកពីប្រទេសខ្លាំងចំនួន ១០ចូលរួមប្រកួតប្រណាំងរថយន្ដឆ្លងកាត់ឧបសគ្គកម្រិតអាស៊ីដែលមានឈ្មោះថា Asia Cross Country Rally ឆ្នាំ២០១៧។
ការប្រកួតនេះត្រូវធ្វើដំណើរលើផ្លូវស្រួល និងពិបាកចម្ងាយ ២០០០គីឡូម៉ែត្រក្នុងរយៈពេល ៦ថ្ងៃចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ នៅប្រទេសថៃដោយឆ្លងកាត់ឧបសគ្គច្រើនផ្នែកតាមតំបន់ជនបទ និងទីប្រជុំជ ។ កីឡាករតំណាងឲ្យកម្ពុជាដែលត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិនេះមាន ២នាក់គឺសោម សុកុសល និងកីឡាករវង្ស គីមហួត ដែលសុទ្ធតែជាកីឡាករមានបទពិសោធន៍ និងធ្លាប់ចូលរួមប្រកួតលើឆាកអន្ដរជាតិជាច្រើនឆ្នាំមកហើយ ជាពិសេសក្នុងព្រឹត្តិការណ៍ Asia Cross Country Rally នេះគឺជាលើកទី៤ ហើយសម្រាប់ពួកគេ ។
លោកវង្ស គីមហួត បានឲ្យដឹងថា៖ « ព្រឹត្តិការណ៍ Asia Cross Country Rally ឆ្នាំ២០១៧ នេះគឺមានកីឡាករមកពីជាង ១០ប្រទេសដូចជា ជប៉ុន, អូស្ដ្រាលី, តៃវ៉ាន់, ថៃ,ឡាវ,មីយ៉ាន់ម៉ា និងកម្ពុជាជាដើមដែលនឹងប្រកួតពីថ្ងៃទី១៣ ដល់ទី១៩ ខែសីហា ឆ្នាំ២០១៧។» ជាមួយគ្នានេះដែរលោក សោម សុកុសល ក៏បានឲ្យដឹងដែរថា៖ «ការប្រណាំងរថយន្ដឆ្លងកាត់ឧបសគ្គមិនមែនជារឿងងាយស្រួលទេដោយទាមទារ ឲ្យកីឡាករមានភាពអំណត់ក្នុងការបញ្ជារថយន្ដ និងចេះដោះស្រាយបញ្ហាគ្រប់ស្ថានការណ៍ ដែលកើតមានឡើងចំពោះមុខភ្លាមៗ ។ ជាងនេះគឺការគោរពច្បាប់ចរាចរណ៍ ដែលជារឿងសំខាន់ដោយកីឡាករម្នាក់ៗត្រូវបើកបរតាមការកំណត់ល្បឿនរបស់គណៈកម្មការប្រកួតពោលគឺមិនអាចបំពានបានឡើយ បើមិនដូច្នោះគណៈកម្មការនឹងដកពិន្ទុ»។ កីឡាកររូបនេះ បញ្ជាក់បន្ថែមថា៖ «កាលណាដែលយើងចេញប្រកួតសុទ្ធតែរំពឹងខ្ពស់ដូចគ្នា ប៉ុន្តែក្នុងកីឡាប្រណាំងយានយន្តទី១ ទៅចូលរួមដើម្បីមានបទពិសោធន៍ ទី២ យើងចង់ឲ្យគេស្គាល់ថាសមត្ថភាពយើងមកពីប្រទេសកម្ពុជាតំណាងកម្ពុជា និងទី៣ យើងត្រូវប្រជែងយកចំណាត់ថ្នាក់»៕
អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត