សហព័ន្ធប្រដាល់គុនខ្មែរនឹងធ្វើសិក្ខាសាលាផ្សព្វផ្សាយពីបច្ចេកទេស និងការគ្រប់គ្រងកីឡាករ

នូ មករា July 31, 2017


ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡាបានឯកភាពជាគោលការណ៍ហើយដើម្បីឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរធ្វើសិក្ខាសាលាផ្សព្វផ្សាយក្បាច់ប្រដាល់គុនខ្មែរ ។ ក្នុងលិខិតមួយរបស់ក្រសួងអប់រំយុវជន និងកីឡាលេខ ៤៦៥៨អយក.កឡ ចុះថ្ងៃទី២៧ ខែកក្កដា និងចុះហត្ថលេខាដោយក្រសួងអប់រំយុវជន និង កីឡាហង់ជួន ណារ៉ុន បានអនុញ្ញាតជាគោលការណ៍ឲ្យសហព័ន្ធប្រដាល់គុនខ្មែររៀបចំសិក្ខាសាលាផ្សព្វផ្សាយប្រដាល់គុនខ្មែររយៈពេល ២ថ្ងៃគឺចាប់ពីថ្ងៃទី២ ដល់ទី៣ ខែសីហានៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡាដើម្បីពិនិត្យ និងផ្សព្វផ្សាយការងារក្បាច់បូរាណខ្មែរ ។

សមាសភាពដែលត្រូវចូលរួមមានដូចជា អនុប្រធានមន្ទីរអប់រំយុវជន និងកីឡា និងប្រធានការិយាល័យកីឡា ហើយវគ្គនេះជាការផ្សព្វផ្សាយដ៏សំខាន់មួយសំដៅពង្រឹងកិត្យានុកូលរបស់ក្បាច់គុនបូរាណខ្មែរ ។ លោកឧត្តមសេនីយ៍ឯកតែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានឲ្យដឹងដែរថាគ្រូបង្វឹក ប្រធានក្លិបក៏ នឹងត្រូវអញ្ជើញឲ្យមកចូលរួមក្នុងសិក្ខាសាលានេះដែរ ។

លោកឧត្តមសេនីយ៍បានពន្យល់ថាយើងត្រូវតែបបួលគ្រូបង្វឹក អ្នកគ្រប់គ្រងក្លិបមកចូលរួមដើម្បីឲ្យពួកគេដឹងពីរបៀបគ្រប់គ្រងអ្នកប្រដាល់ ។ លោកទទួលស្គាល់ថាសព្វថ្ងៃនេះគ្រូប្រដាល់ខ្លះ អ្នកគ្រប់គ្រងក្លិបខ្លះមិនទាំងដឹងថា សិស្សរបស់ខ្លួនមានសមត្ថភាពប៉ុណ្ណាៗផងទេ ។ ចំពោះខ្លះទៀតចង់បានតែលុយដោយមិនគិតពីគ្រោះថ្នាក់នៅពេលប្រកួតនោះឡើយ ។ លោកប្រធានសហព័ន្ធប្រកាសថាតាមរយៈសិក្ខាសាលានេះនឹងធ្វើឲ្យគ្រូប្រដាល់ អ្នកគ្រប់គ្រងក្លិបយល់ពីរឿងប្រដាល់ និងយល់ពីគ្រោះថ្នាក់នៃការប្រកួតកាន់តែច្រើនជាមិនខានឡើយ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់