លោក ហែម គិរី៖ ក្រុមកីឡាហែលទឹកកម្ពុជាធ្វើបានល្អ ៩០ភាគរយក្នុងការប្រកួតជើងឯកពិភពលោកលើកទី១៧

នូ មករា July 31, 2017


ភ្នំពេញ៖ លោកហែម គិរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរហែលទឹកបានប្រាប់ឲ្យដឹងពីទីក្រុងប៊ុយដាប៉េស្តប្រទេសហុងគ្រីដែលជាកន្លែងរៀបចំការប្រកួតហែលទឹកជើងឯកពិភពលោកលើកទី១៧ ថាកីឡាហែលទឹកកម្ពុជាក្នុងឆ្នាំនេះបានធ្វើល្អជាង ៩០ភាគរយនៃការប្រកួតឯណោះ ។ លោកបានបន្តថា លើកនេះកីឡាហែលទឹកកម្ពុជាទាំង ៣រូបលេងរហូតទៅដល់ ៦វិញ្ញាសាហើយក្នុង ៦វិញ្ញាសានេះ កីឡាករទាំង ២រូបបានបំបែកគុណផលចាស់ដោយបង្កើតនូវគុណផលថ្មីដែលល្អជាងមុន ។

 កីឡាករ ចេង ពិរោទ ប្រកួត ២វិញ្ញាសាបានបំបែកទាំង ២វិញ្ញាសា រីឯកីឡាករ ធឿន ថុលល ប្រកួត ២វិញ្ញាសាបានបំបែកទាំង ២វិញ្ញាសាដូចគ្នាចំណែកកីឡាការិនីហែមថុន វិទីនី ប្រកួត ២វិញ្ញាសាបានបំបែក ១វិញ្ញាសា គឺវិញ្ញាសាហែលរបៀបមេអំបៅចំណែកឯវិញ្ញាសាហែលសេរី គឺនៅរក្សាគុណផលដដែល ។ ថិរវេលានៃការហែលរបស់គេគឺសម្រាប់កីឡាករធឿន ថុល វិញ្ញាសាមេអំបៅ ៥០ម៉ែត្រគេប្រើថិរវេលា ២៧វិនាទី៤៥ ពីមុនគេប្រើថិរវេលា ២៨វិនាទី៩០ ។ វិញ្ញាសាហែលផ្ងារ ៥០ម៉ែត្រគេធ្វើក្នុងថិរវេលា៣០វិនាទី៧២ដែលកាលពីមុនគេធ្វើក្នុងថិរវេលា៣១វិនាទី៩០ ។

កីឡាករចេង ពិរោទ វិញ្ញាសាហែល៥០ម៉ែត្ររបៀបសេរីគេធ្វើក្នុងថិរវេលា២៦វិនាទី២៩ គុណផលចាស់គឺ២៦វិនាទី៥០ ។ វិញ្ញាសា១០០ម៉ែត្ររបៀបសេរីគេហែលក្នុងថិរវេលា៥៨វិនាទី៥២ ដែលគុណផលចាស់គឺ៥៩វិនាទី៤៩។ កីឡាការិនីហែមថុន វិទិនី វិញ្ញាសាហែលមេអំបៅ ៥០ម៉ែត្រគេប្រើថិរវេលា៣២វិនាទី២៦ ឯ គុណផលចាស់គឺ ៣៣វិនាទី៤១ ។ វិញ្ញាសា ៥០ម៉ែត្ររបៀបសេរីគេធ្វើក្នុងថិរវេលា២៩វិនាទី៨៩ ឯគុណផលចាស់គឺ២៩វិនាទី៨៨ ។ចំពោះលទ្ធផលដ៏ល្អនេះ គឺដោយសារសហព័ន្ធធ្វើការជ្រើសរើស កីឡាករកីឡាការិនីដោយសមត្ថភាព ព្រោះសហព័ន្ធជ្រើសរើសតាមរយៈការប្រកួតជាក់ស្តែង និងការហ្វឹកហាត់របស់ពួកគាត់ ជាពិសេសនោះអ្នកគ្រូជនជាតិជប៉ុន Saki Ikuyama ជាអ្នកជ្រើសរើសតែម្ដង ។

លោកអគ្គលេខាធិការបានចាត់ទុកថាជោគជ័យនេះគឺបានមកពីកម្លាំងរួមរបស់សហព័ន្ធខ្មែរកីឡាហែលទឹកទាំងមូលពិសេសលោកស៊ុនចាន់ថុលដែលជាប្រធានសហព៧ន្ធលោកតែងតែជួយត្រួសត្រាយនិងផ្ដល់ការលើកទឹកចិត្តព្រមទាំងជួយឧបត្ថម្ភគ្រប់បែបយ៉ាង ។ លោកបាន អះអាងថាពេលនេះសហព័ន្ធខ្មែរកីឡាហែលទឹកមានគ្រូប្រកបដោយសមត្ថភាពខ្ពស់ហេតុនេះលោកមានជំនឿចិត្តថាឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២នោះកីឡាហែលទឹកក្មេងៗដែលកំពុងតែបណ្ដុះបណ្ដាលនឹងក្លាយជាអ្នកហែលទឹកឆ្នើមនាពេលនោះជាមិនខាន ។ លោកបញ្ជាក់ថាសូម្បីតែកីឡាហែលទឹកក្មេងៗដែលចូលរួមក្នុងព្រឹត្តិការណ៍ ASEAN School Games នាប្រទេសសិង្ហបូរីកន្លងមកទោះបីពួកគេមិនដណ្ដើមបានមេដាយក៏ពិតមែនតែគុណផលរបស់គេប្រែប្រួលល្អជានិច្ច ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត