កីឡាទូកក្ដោងពង្រឹងខ្លួនត្រៀមប្រកួតទ្វីបអាសុីឆ្នាំ២០១៨ ក្រោយក្លាយជាសមាជិកពេញសិិទ្ធិ World Sailing

នូ មករា July 26, 2017


ភ្នំពេញ៖ បន្ទាប់ពីទទួលបានទំនុកចិត្ត និងក្លាយជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាទូកក្ដោងពិភពលោក (World Sailing Federation) ជាផ្លូវការកាលពីពេលថ្មីៗនោះរួចមក ថ្នាក់ដឹកនាំក៏ដូចជាកីឡាទូកក្តោងកម្ពុជា បានបង្ហាញជំនឿចិត្តខ្ពស់ក្នុងការប្រជែងយកមេដាយនៅក្នុងព្រឹត្តិការណ៍កីឡាជើងឯកអាស៊ីនៅឆ្នាំ២០១៨ ខាងមុខនេះ។
 
លោក ថោង រដ្ឋសក្ដិ អនុប្រធានសហព័ន្ធបានឲ្យដឹងថា នេះគឺជាជោគជ័យមួយសម្រាប់សហព័ន្ធកីឡាទូកក្ដោងកម្ពុជាដោយជាមួយនឹងការក្លាយជាសមាជិកសហព័ន្ធពិភពលោកនេះ កីឡាទូកក្ដោងកម្ពុជានឹងទទួលបានប្រយោជន៍ជាច្រើនដើម្បីជំរុញសក្ដានុពលកីឡាទូកក្ដោងកម្ពុជាឲ្យកាន់តែរីកចម្រើន ពិសេសគឺកម្ពុជាមានសិទ្ធិចូលរួមរាល់កិច្ចប្រជុំថ្នាក់តំបន់ និងពិភពលោកក៏ដូចជាការប្រកួតជើងឯកពិភពលោកទៀតផង ។
 
លោកបន្តថា៖ «កម្ពុជាបានរៀបចំខ្លួន និងពង្រឹងសមត្ថភាពសម្រាប់ចូលរួមប្រកួតកីឡាអាស៊ីនាឆ្នាំ២០១៨ នៅឥណ្ឌូនេស៊ី និងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ មិនតែប៉ុណ្ណោះ សហព័ន្ធក៏មានផែនការជាស្រេចដើម្បីបណ្ដុះបណ្ដាលយុវជន និងបញ្ជូនពួកគេទៅហ្វឹកហាត់នៅក្រៅប្រទេសដើម្បីសម្រួចសមត្ថភាពឲ្យក្លាយជាកីឡាដ៏មានសក្ដានុពលមួយទៀតក្នុងប្រទេសកម្ពុជានាពេលអនាគត»។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអនុប្រធានសហព័ន្ធបានគូសបញ្ជាក់ថា ការក្លាយជាសមាជិកពិភពលោកនេះ គឺជាប្រវត្តិសាស្ដ្រថ្មីមួយទៀតសម្រាប់សហព័ន្ធកីឡាជាតិកម្ពុជាហើយក៏ជាមោទនភាពក្នុងចលនាអូឡាំពិកផងដែរដោយកម្ពុជាមានកីឡាកម្រិតអូឡាំពិកមួយប្រភេទទៀតដើម្បីពង្រីកវិសាលភាពក្នុងវិស័យកីឡាជាតិឆ្ពោះទៅរកការប្រកួតលើកឆាកអន្ដរជាតិ ។
 
គួរបញ្ជាក់ផងដែរថា ការទទួលស្គាល់សហព័ន្ធកីឡាទូកក្ដោងកម្ពុជាជាសមាជិកភាពរបស់ World Sailing គឺកើតចេញពីការរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្ដរជាតិនានាពិសេសការចូលរួមកិច្ចប្រជុំរបស់សហព័ន្ធកីឡាទូកក្ដោងពិភពលោក និងអាស៊ីជាញឹកញាប់ទើបជំរុញឲ្យថ្នាក់ដឹកនាំពិភពលោកមានទំនុកចិត្ត និងផ្ដល់សមាជិកភាពដូច្នេះ៕
អត្ថបទ៖ ប៉ាវឡុងជីង

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត