គ្រូអប់រំកាយចំនួន ៦រូបទទួលបានវិញ្ញាបនបត្រជាគ្រូឧទ្ទេសថ្នាក់ជាតិ

នូ មករា July 25, 2017


ភ្នំពេញ៖ នៅសាលប្រជុំនៃនាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិតនាព្រឹកថ្ងៃទី២៥ ខែកក្កដានេះមានរៀបចំធ្វើពិធីប្រគល់វិញ្ញាបនបត្រដល់គ្រូឧទ្ទេសអប់រំកាយថ្នាក់ជាតិចំនួន ៦រូបដែលបានបញ្ចប់គម្រោងអភិវឌ្ឍន៍មុខវិជ្ជាអប់រំកាយសម្រាប់គ្រឹះស្ថានបឋមសិក្សា ។ លោកស៊ាន បូរ៉ារដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជា លោកអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡា, លោក Kojima Takeharu អនុប្រធាន Jica ប្រចាំកម្ពុជា និង លោក Nishiyama Naoki  ប្រធានអង្គការបេះដូងមាសប្រចាំកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីនេះ ។    សូមបញ្ជាក់ថាចាប់ពីឆ្នាំ២០០៦មកគឺមានរយៈពេល ១១ឆ្នាំហើយដែលអង្គការ Jica តាមរយៈអង្គការបេះដូងមាស និងនាយកដ្ឋានជំនាញគឺនាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិតកម្មវិធីអប់រំកាយបានរៀបចំការបណ្តុះបណ្តាលបែបទំនើបក្នុងសាលាបឋមសិក្សាព្រមទាំងរៀបចំបណ្ដុះបណ្ដាលគ្រូបង្គោល និងសៀវភៅអប់រំកាយសម្រាប់គ្រូបឋមសិក្សាទៀតផង ។

លោកដួង មាសចំរើនប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិតបានថ្លែងឲ្យដឹងថា ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ ក្រោមជំនួយរបស់ Jica នោះនាយកដ្ឋាននឹងរៀបចំចងក្រងសៀវភៅគ្រូសម្រាប់សាលាមធ្យមសិក្សាបឋមភូមិ ព្រមទាំងផ្សព្វផ្សាយមុខវិជ្ជាអប់រំកាយនៅតាមសាលាបឋមភូមិទៀតផង ។ លោក Nishiyama Naoki  បានឲ្យដឹងដែរថាចាប់ពីឆ្នាំ២០០៦ មកយើងបានបណ្ដុះបណ្ដាលគ្រូឧទ្ទេសថ្នាក់ភូមិភាគបាន ៣០រូប និង គ្រូឧទ្ទេសថ្នាក់ជាតិបាន ១២រូប ។ លោកបានបន្តថាសកម្មភាពអប់រំកាយក្នុងសាលារៀនមិនទាន់បញ្ចប់ទេព្រោះសាលាបឋមសិក្សានៅកម្ពុជាមានជាង ៧.០០០សាលាដូច្នេះត្រូវបណ្ដុះបណ្ដាលគ្រូបន្ថែមទៀត ។

លោក Kojima Takeharu បានទទួលស្គាល់ថាពេលនេះមានគ្រូមួយចំនួនមិនទាន់ចាត់ទុកថាអប់រំកាយក្នុងគ្រឹះស្ថានសិក្សាសំខាន់នៅឡើយទេ ។ជាមួយគ្នានេះក៏មានគ្រូមួយចំនួនមិនទាន់មាននីតិវិធីដើម្បីបង្រៀនមុខវិជ្ជាអប់រំកាយនៅឡើយដែរ ។ លោកស៊ាន បូរ៉ាត បានអះអាងថា ក្រសួងអប់រំយុវជន និងកីឡាមិនដកថយលើការបន្តបណ្ដុះបណ្ដាលគ្រូឧទ្ទេសទាំងថ្នាក់ភូមិភាគទាំងថ្នាក់ជាតិទេពោលគឺបន្តធ្វើទាល់តែគ្រប់សាលាទាំងអស់មានគ្រូអប់រំកាយគ្រប់គ្រាន់ ។ លោកបានបន្តថា កីឡាករដែលល្អគឺសុទ្ធតែចេញពីសាលារៀនហេតុនេះមុខវិជ្ជាអប់រំកាយក្នុងសាលារៀនគឺជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍន៍កីឡា ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់