កីឡាការិនីចំបាប់កម្ពុជាឈ្នះមេដាយសំរឹទ្ធ ១គ្រឿងពីការប្រកួតកីឡានៃប្រទេសនិយាយភាសាបារាំង

នូ មករា July 25, 2017


ភ្នំពេញ៖ គិតត្រឹមពេលនេះកម្ពុជាដណ្ដើមបានមេដាយសំរឹទ្ធមួយគ្រឿងហើយនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡានៃបណ្ដាប្រទេសនិយាយភាសាបារាំងដែលកំពុងតែធ្វើនៅប្រទេសកូដឌីវ័រនោះ ។ លោកប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាដែលប្រធានប្រតិភូដឹកនាំកីឡាករ-កីឡាការិនី និងអ្នកសិល្បៈទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នោះបានឲ្យដឹងថាកម្ពុជាបានបញ្ជូនកីឡាចំនួន ៤ ប្រភេទទៅចូលរួមដោយរួមមាន៖ ចំបាប់ យូដូ អត្តពលកម្ម និងវាយកូនឃ្លីលើតុ ។

ក្រៅពីនោះក៏មានបញ្ជូនសិល្បៈទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នោះដែរដែលក្នុងនោះមានចម្លាក់ គំនូរ ថតរូប  រូបថត និងរបាំសម័យ ក៏ប៉ុន្តែប្រភេទកីឡាអត្តពលកម្មបានប្រកួតចាញ់គេទៅហើយ ដោយឡែកកីឡាចំបាប់ដែលបានបញ្ជូនអត្តពលិក ២រូបគឺកីឡាករងួន មករា ក៏បានចាញ់គេដែរ ចំពោះកីឡាការិនីជ័យ ចាន់រស្មី ដណ្ដើមបានមេដាយសំរិទ្ធមួយគ្រឿងហើយ ។ ចំពោះប្រភេទកីឡាដទៃទៀតកំពុងតែប្រកួតជម្រុះ ។

សូមបញ្ជាក់ថា ការប្រកួតកីឡាបណ្តាប្រទេសនិយាយភាសាបារាំងតែងប្រារព្ធឡើងរៀងរាល់ ៤ឆ្នាំម្តងសម្រាប់ឆ្នាំ២០១៧ នេះគឺជាការប្រកួតលើកទី៨ ដោយមានប្រទេសចូលរួមចំនួន ៥៣ និងប្រកួតប្រជែងគ្នាលើប្រភេទកីឡាចំនួន ៩ ដែលប្រព្រឹត្តិទៅពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់