បាយ័នលើកពាន KRE-League ក្រោយវាយបកឈ្នះ Khmer United ៣-១

នូ មករា July 23, 2017


ភ្នំពេញ៖ ទីបំផុតជំនួបរវាងក្រុម Khmer United និងក្រុមបាយ័ន បានរកឃើញក្រុមខ្លាំងពិតប្រាកដហើយនៅក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Khmer Real Estate League 2017 បន្ទាប់ពីក្រុមកីឡាករបរទេសសុទ្ធបាយ័ន បានវាយបកយកឈ្នះក្រុមដឹកនាំដោយលោក គីម ហ៊ាង ស្ថាបនិកបង្កើតពាននេះ ដោយលទ្ធផល ៣-១ ដើម្បីលើកពានរដូវកាលទី៦ ដែលធ្វើឡើងនៅលើទីលានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីល្ងាចថ្ងៃទី២២ ខែកក្កដាម្សិលមិញ ។
កាលពីជួបគ្នាក្នុងវគ្គជម្រុះក្រុម Khmer United និងបាយ័ន បានបញ្ចប់ការប្រកួតដោយលទ្ធផលស្មើគ្នា ២-២ ហើយពេលនេះក្រុមម្ចាស់ពាន បានទទួលគ្រាប់បាល់នាំមុខ ២-០ មុននឹងក្រុមបាយ័ន វាយបកតាមស្មើ ។ តែឈានដល់ការជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រជាថ្មី ក្រុមជើងឯករងឆ្នាំចាស់ Khmer United នៅតែរកបានគ្រាប់បាល់នាំមុខ ១-០ ដដែលនៅតង់ទី១ ប៉ុន្ដែតង់ទី២ ក្រុមប្រើធនធានកីឡាករបរទេសបាយ័ន បានវាយបក ៣គ្រាប់វិញ ដើម្បីយកឈ្នះលើក្រុម Khmer United ៣-១ តែម្ដង ។
  
ជុំវិញការបរាជ័យនេះដែរ លោក គីម ហ៊ាង បានលើកឡើងថា គ្មានការសោកស្ដាយអ្វីឡើយ ព្រោះនេះគឺជាពានបង្កើនឡើងក្រោមស្នាដៃរបស់ខ្លួន ។ ផ្ទុយទៅវិញ លោកបែរជាសប្បាយចិត្ត នៅពេលក្រុមនីមួយៗ បានព្យាយាមលេងអស់ពីសមត្ថភាពរៀងៗខ្លួន និងបញ្ចប់ដោយរលូត ។ ពិសេសជំនួបវគ្គផ្ដាច់ព្រ័ត្ររវាងក្រុម Khmer United និងក្រុមបាយ័នខាងលើ ដែលធ្វើឲ្យអ្នកគាំទ្រជក់ចិត្តបំផុត តាមរយៈការប្រកួតដ៏ស្វិតស្វាញរវាងក្រុមខ្លាំងទាំងពីរ ។ បន្ថែមលើនេះ លោក គីម ហ៊ាង ក៏បានត្រៀមខ្លួនជាស្រេច ដើម្បីរៀបចំព្រឹត្តិការណ៍បាល់ទាត់ដណ្ដើមពានរង្វាន់ Khmer Real Estate League បន្ដទៀត នាឆ្នាំក្រោយ ដោយនឹងធ្វើការផ្លាស់ប្ដូរលក្ខខណ្ឌចូលរួមមួយចំនួនដើម្បីជំរុញឲ្យការប្រកួតឲ្យជោគជ័យកាន់តែខ្លាំង និងផ្ដល់ឱកាសឲ្យយុវជនរួមទាំងក្រុមបាល់ទាត់មិនអាជីពនានា បានចូលរួមលេងកីឡា និងចូលរួមលើកស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត ។
គួរបញ្ជាក់ថា ក្រោយដណ្ដើមបានជើងឯកខាងលើ ក្រុមបាយ័ន ទទួលបានពាន១ មេដាយមាស អមដោយប្រាក់រង្វាន់ ១,០០០ដុល្លារ និងក្រុមជើងឯករង Khmer United ទទួលបានពាន១ មេដាយប្រាក់ និងប្រាក់រង្វាន់ ៧០០ដុល្លារ ។ ចំណែកលេខ៣ បានទៅក្រុមនិស្ស័យ ដែលយកឈ្នះក្រុម Blue Dragon ដោយលទ្ធផល ៤-២ ធ្វើឲ្យនិស្ស័យទទួលបានពាន១ មេដាយសំរឹទ្ធ និងប្រាក់រង្វាន់ ៣០០ដុល្លារ ខណៈលេខ៤ ក្រុម Blue Dragon ទទួលបានប្រាក់រង្វាន់ ២០០ដុល្លារ ។ រីឯពាន Fair Play បានទៅក្រុម V.Train ប៉ុន្ដែក្រុមនីមួយៗ ក៏ទទួលបានសម្ភារៈកីឡាជាច្រើនផងដែរ ៕
អត្ថបទ៖ បុត្រា

មតិយោបល់