ថ្នាលសូតេនីសម្នាក់ប្ដេជ្ញាប្រឹងប្រែងហ្វឹកហាត់ក្រោយម្ដាយរបស់ខ្លួនទទួលបានការឧបត្ថម្ភព្យាបាលជំងឺ

នូ មករា July 22, 2017


ភ្នំពេញ៖ បន្ទាប់ពីបានទទួលការឧបត្តម្ភថវិកាមួយចំនួនពីលោកជា ប៊ុនហេង ដែលជាអគ្គលេខាធិការសហព័ន្ធកីឡាសូតេនីសកម្ពុជាដើម្បីសម្រួលថ្លៃព្យាបាលជំងឺរបស់ម្ដាយរួចមក កីឡាករថ្នាល ណាក់ ដារ៉ា បានប្ដេជ្ញាថានឹងប្រឹងប្រែងហ្វឹកហាត់ឲ្យកាន់តែខ្លាំងដើម្បីប្រកួតដណ្ដើមមេដាយនៅឆាកអន្តរជាតិយកមកជូនសហព័ន្ធ និងប្រទេសជាតិដើម្បីសងគុណវិញ ខណៈដែលសព្វថ្ងៃកីឡាកររូបនេះបានទទួលការឧបត្ថម្ភលើការហូបចុកស្នាក់នៅ និងប្រាក់ប្រចាំខែពីលោកជា ប៊ុនហេង ផងដែរ ។

ណាក់ ដារ៉ា ដែលជាកីឡាករថ្នាលទើបមានអាយុ ១៣ឆ្នាំនោះបាននិយាយទាំងទឹកភ្នែកថា៖ «ខ្ញុំពិតជាអរគុណដល់លោកគ្រូជា ប៊ុនហេង ណាស់ដែលបានជួយឧបត្ថម្ភខ្ញុំ និងម្ដាយខ្ញុំយ៉ាងច្រើនអស់រយៈពេលជាង ៣ឆ្នាំមកហើយ ។ លោកបានណែនាំខ្ញុំពីក្មេងម្នាក់ដែលញៀនថ្នាំមកជាមនុស្សល្អឡើងវិញថែមទាំងផ្ដល់ការសិក្សាឲ្យខ្ញុំ កន្លែងស្នាក់នៅ ហូបចុក ប្រាក់ខែ ថែមទាំងជួយបណ្ដុះបណ្ដាលខ្ញុំឱ្យលេងកីឡាថែមទៀតដើម្បីជៀសផុសការសេពគ្រឿងញ្ញៀន ។» កីឡាកររូបនេះបានបន្តថា៖ «ថ្ងៃនេះ លោកថែមទាំងបានជួយសម្រួលថ្លៃព្យាបាលជំងឺរបស់ម្ដាយខ្ញុំថែមទៀត ខ្ញុំពិតជាសប្បាយចិត្តជាមួយនឹងទឹកចិត្តដ៏ល្អរបស់លោកហើយខ្ញុំគ្មានអ្វីសងគុណគាត់ទេ គឺមានតែប្ដេជ្ញាប្រឹងប្រែងហ្វឹកហាត់ឱ្យបានល្អដើម្បីទៅប្រកួតប្រជែងដណ្ដើមមេដាយនៅឆាកអន្តរជាតិមកជូនគាត់ និងសហព័ន្ធឲ្យបានដាច់ខាត។»

ជាមួយគ្នានេះដែលលោកជា ប៊ុនហេង បានមានប្រសាសន៍ថា៖ «ណាក់ ដារ៉ា គឺជាក្មេងម្នាក់ដែលមានទេពកោសល្យល្អ ក្នុងការលេងកីឡាសូហ្វតេនីស ខ្ញុំសង្កេតឃើញថា ដារ៉ា ពិតជាខិតខំប្រឹងប្រែងហ្វឹកហាត់ណាស់ជារៀងរាល់ថ្ងៃ ។ ខ្ញុំជឿជាក់ថា កីឡាកររូបនេះ នឹងមានអនាគតល្អនាពេលអនាគត និងអាចដណ្ដើមមេដាយមកជូនជាតិជាពិសេសគឺព្រឹត្តិការណ៍កីឡាស៊ីហ្គេមនាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះតែម្តង ។» ទាក់ទងជាមួយនឹងសំនួរដែលសួរលោកថា ហេតុអ្វីបានជាលោកសម្រេចចិត្តយកក្មេងម្នាក់នេះមកធ្វើការបណ្ដុះបណ្ដាលនោះលោកបានមានប្រសាសន៍ថា នេះមិនមែនជាលើកទី១ ទេដែលលោកបានយកក្មេងៗ មកបណ្ដុះបណ្ដាលឲ្យលេងកីឡាសូហ្វតេនីសនេះ ហើយមានក្មេងៗជាច្រើននាក់ផ្សេងទៀត លោកបានរើសពួកគេចេញពីគំនរសំរាមខ្លះទៀតដេកនៅតាមចិញ្ចើមថ្នល់ដោយលោកមានការអាណិតស្រឡាញ់ និងចង់ធ្វើការណែនាំ ពួកគេឲ្យចេះលេងកីឡាដើម្បីសុខភាពវិញ ជៀសជាងការដើរលេងផ្ដេសផ្តាស ឬក៏សេពគ្រឿងញ្ញៀន ។

លោកបន្តថា មកដល់ពេលនេះក្មេងៗទាំងនោះខ្លះបានចូលជម្រើសជាតិ ខ្លះហ្វឹកហាត់រហូតទៅប្រកួតនៅក្រៅប្រទេស និងបានឈ្នះមេដាយមកជូនជាតិទៀតផង ។ គួរបញ្ជាក់ផងដែរថា កីឡាករវ័យក្មេង ណាក់ ដារ៉ា មានម្ដាយជាស្រ្តីមេម៉ាយដែលមានមុខរបរជាអ្នករើសកំប៉ុងអេតចាយនៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក ហើយរូបគេក៏មានប្អូនៗតូចៗ ២នាក់ផ្សេងទៀតផងដែរ ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត