តើតារាងបាល់ទាត់ច្រើនពេកអាចជះឥទ្ធិពលអាក្រក់ដល់ការសិក្សារបស់ក្មេងៗដែរឬយ៉ាងណា?

នូ មករា July 22, 2017


ភ្នំពេញ៖ ស្របពេលដែលវិស័យកីឡាទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាកំពុងតែដើរទៅមុខយ៉ាងខ្លាំងនោះគេសង្កេតឃើញថា ប្រភេទកីឡាបាល់ទាត់ត្រូវបានគេស្គាល់ និងនិយមលេងខ្លាំងជាងគេទាំងនៅជនបទ និងទីក្រុងមិនថាប្រុសស្រីក្មេង ឬចាស់នោះទេសុទ្ធតែលេងកីឡាប្រភេទនេះ។ ហេតុផលនេះហើយទើបបណ្ដាលឲ្យតារាងបាល់ទាត់នៅគ្រប់ទីកន្លែងត្រូវបានបង្កើតឡើងសម្រាប់ជួល និងបានក្លាយជាមុខរបរដែលអាចរកចំណូលបានយ៉ាងកាក់កប ជាពិសេសនៅត្រង់ទីប្រជុំជនដែលមានភ្លើងអគ្គិសនីគេអាចបើកឱ្យលេងដល់ម៉ោង ១០យប់ដោយមិនភ័យពីរឿងសុវត្ថិភាពឡើយ ។
 ខណៈដែលកំណើនតារាងបាល់ទាត់ទាំងនេះមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនោះ ការព្រួយបារម្ភមួយក្នុងចំណោមអាណាព្យាបាលរបស់សិស្សានុសិស្សក្មេងៗក៏បានកើតឡើងដែរ ដោយពួកគាត់បានលើកឡើងថា វាក៏អាចជះឥទ្ធិពលទាំងល្អ និងអាក្រក់ទន្ទឹមគ្នាផងដែរ ដោយហេតុថា កំណើនតារាងបាល់ក្រៅពីបង្ហាញពីចំណុចវិជ្ជមានក៏មានបញ្ហាអវិជ្ជមានខ្លះៗកើតឡើងផងដែរសម្រាប់ក្មេងៗដែលញៀនញ៉ាមនឹងការលេងបាល់នៅក្នុងតារាងដែលមាននៅស្ទើរគ្រប់ទីកន្លែងនោះ ។ ជាធម្មតា អ្នកទាំងនោះច្រើនបែងចែកជាក្រុមម្ខាងៗដោយមានការសន្យាគ្នាថា បើក្រុមណាចាញ់ក្រុមនោះជាអ្នកចេញថ្លៃតារាង ឬលេងភ្នាល់ដាក់លុយចាញ់ឈ្នះតែម្ដងអាស្រ័យទៅលើការព្រមព្រៀងគ្នាមុនពេលប្រកួត ។

ទោះបីយ៉ាងណាការលេងដាក់លុយនេះមិនមានចំនួនច្រើនប៉ុន្មានទេ ព្រោះគ្រាន់តែដើម្បីបង្កើនការប្រឹងប្រែង និងដើម្បីឱ្យអ្នកឈ្នះមានទឹកចិត្តលេងដោយសារតែមិនអស់ថ្លៃតារាង និងអាចទទួលបានប្រាក់ខ្លះត្រឡប់ទៅវិញប៉ុណ្ណោះ ។ យុវវ័យទាំងនោះបានអះអាងថា ដោយសារតែកំណើនតារាងបាល់ហើយតារាងទាំងនោះក៏ស្ថិតនៅទីតាំងអំណោយផលផងទើបធ្វើឱ្យពួកគេចង់ប្រកួតបាល់ទាត់ក្នុងបំណងហាត់ប្រាណដើម្បីសុខភាពផង និងដើម្បីបានជួបជុំគ្នាសប្បាយៗផង ។ យុវវ័យភាគច្រើនសុទ្ធតែយល់ឃើញថា កីឡានាំមកនូវសុខភាពទើបពួកគេបបួលគ្នាលេងបាល់ពេលទំនេរពីការងារឬការសិក្សា ។ យ៉ាងណាក៏ដោយក៏មានការរិះគន់ថា ក្មេងៗមួយចំនួនបានយកទីលានបាល់ទាត់ធ្វើជាកន្លែងលេងភ្នាល់ភ្លេចការសិក្សា និងអស់លុយនៅពេលចាញ់ដែលនាំឱ្យប៉ះពាល់ដល់ការសិក្សារបស់ក្មេងៗទាំងនោះដែរ ។

ជាក់ស្ដែងមានការបង្ហោះលើបណ្តាញសង្គមច្រើនមកហើយពីការរអ៊ូរទាំរបស់អាណាព្យាបាលជុំវិញក្មេងៗមួយចំនួនដែលញៀននឹងកីឡាបាល់ទាត់រហូតគេចសាលា ហើយសំកុកចាំតែលេងនៅក្នុងតារាងដោយយកការភ្នាល់គ្នាធ្វើជាត្រីមុខផង ។ ចំពោះករណីនេះ សហព័ន្ធបាល់ទាត់បានបកស្រាយថា មានការតែការចូលរួមពីសំណាក់អាណាព្យាបាល និងម្ចាស់តារាងនីមួយៗប៉ុណ្ណោះ ទើបបញ្ហាអវិជ្ជមានដែលបានលើកឡើងនេះមិនរីករាលដាល ។ បើតាមប្រសាសន៍របស់លោកសៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជាធ្លាប់បានថ្លែងក្នុងពិធីសន្និសីទការសែតនាពេលកន្លងមកថា៖ «វត្តមានតារាងបាល់ទាត់នៅគ្រប់ទិសទី គឺជាចលករដែលជួយឱ្យយុវវ័យចាប់អារម្មណ៍ចង់ក្លាយខ្លួនជាអ្នកកីឡាច្រើនឡើង ជាពិសេសគឺក្រុមក្មេងៗដែលសុទ្ធតែជាធនធានផ្នែកបាល់ទាត់ ។ ទោះជាយ៉ាងណា មហាជនទូទៅនៅ តែយល់ឃើញថា វត្តមានតារាងបាល់ដែលបានផុសឡើងព្រោងព្រាត នោះ ពិតជាបានជួយជំរុញទឹកចិត្តយុវវ័យដែលកាលពីមុនមិនដឹងថាទំនេរធ្វើអី្វ ឱ្យងាកមកលេងកីឡា និងចេះវិវឌ្ឍខ្លួនក្លាយជាកីឡាករល្អៗក្នុងពិភពបាល់ទាត់ ៕»

អត្ថបទ៖ ជីងឡុង ប៉ាវ

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត