គួរតែដល់ពេលលុបបំបាត់វប្បធម៌ចងជើងអ្នកប្រដាល់ហើយ!

នូ មករា July 22, 2017


ភ្នំពេញ៖ ខណៈដែលប្រដាល់គុនខ្មែរបានក្លាយជាទំនិញដ៏សំខាន់សម្រាប់ទូរទស្សន៍ និងផ្នែកឯកជនមកនោះសហព័ន្ធប្រដាល់ និងអ្នកដែលប្រកបអាជីពប្រដាល់បានផ្លាស់ប្ដូរជីវភាពកាន់តែល្អគ្រាន់បើជាងមុនមួយកម្រិតដែរ ។ ទន្ទឹមនឹងនេះ ផ្នែកឯកជនជាច្រើនបានជ្រើសរើសសង្វៀនប្រដាល់ជាកន្លែងផ្សព្វផ្សាយផលិតផលរបស់ខ្លួនយ៉ាងមានប្រសិទ្ធភាពបំផុត ដោយវិស័យឯជនបានឧបត្ថម្ភកម្មវិធីប្រដាល់តាមស្ថានីយ៍ទូរទស្សន៍នានាដោយភ្ជាប់ជាមួយលក្ខខណ្ឌឲ្យទូរទស្សន៍ត្រូវតែរកអ្នកប្រដាល់ល្អៗល្បីៗមកប្រកួតនៅស្ថានីយ៍របស់ខ្លួនដើម្បីអូសទាញអ្នកទស្សនាឲ្យបានច្រើន ។


ជាមួយនឹងលក្ខខណ្ឌបែបនេះស្ថានីយ៍ទូរទស្សន៍ក៏បានចាប់ផ្ដើមចងជើងអ្នកប្រដាល់ល្អៗដែលខ្លួនយល់ឃើញថាអាច
ទាក់ទាញចិត្តរបស់អ្នកទស្សនាបានច្រើន ។ ពេលនេះវិបត្តិនៃការចងជើងអ្នកប្រដាល់កំពុងតែកើតមានហើយ ព្រោះអ្នកប្រដាល់គ្រប់ៗរូបសុទ្ធតែមានក្លិបត្រឹមត្រូវដែលក្លិបទាំងនោះស្ថិតក្រោមការគ្រប់គ្រងរបស់សហព័ន្ធប្រដាល់គុនខ្មែរ និងប្រដាល់សាកលកម្ពុជា ប៉ុន្តែសហព័ន្ធដែលជាអាណាព្យាបាលហាក់ដូចជាមិនសូវមានឥទ្ធិពលលើក្លិបឡើយពេលនេះ មិនតែប៉ុណ្ណោះកត្តាបច្ចេកទេសក៏ហាក់ដូចជាស្ថិតក្រោមគំនាបសេដ្ឋកិច្ចទៅទៀត គឺរូបមន្តប្រកួត និងថិរវេលាប្រកួតពេលខ្លះត្រូវធ្វើទៅតាមការទាមទាររបស់អ្នកឧបត្ថម្ភតែម្តង ។

សព្វថ្ងៃនេះមានអ្នកប្រដាល់មិនតិចទេដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្ថានីយ៍ទូរទស្សន៍ដោយសហព័ន្ធហាក់ដូចជាមិនសូវហ៊ានលូកលាន់ឡើយ ។ ការដណ្ដើមអ្នកប្រដាល់ល្អៗគ្នាដើម្បីគ្រប់គ្រងនេះបានធ្វើឲ្យអ្នកគ្រប់គ្រងកម្មវិធីប្រដាល់របស់ទូរទស្សន៍ខ្លះមើលមុខគ្នាលែងត្រង់ក៏មាន ។ លោកម៉ា ស៊ីថេតតំណាងក្រុមហ៊ុន CBS ដែលគ្រប់គ្រងទូរទស្សន៍ចំនួន ៣ គឺCNC -CTN និង My TV បានថ្លែងថា ការចាប់គូប្រកួតសព្វថ្ងៃពិតជាលំបាកណាស់ដោយសារតែចាប់ទៅគេសុទ្ធតែថាអ្នកប្រដាល់ឈ្មោះនេះជារបស់ទូរទស្សន៍នេះ ឬទូរទស្សន៍នោះជាដើម ។ លោកបានដាក់សំណួរទៅសហព័ន្ធថា សហព័ន្ធជាអ្នកគ្រប់គ្រងអ្នកប្រដាល់គឺដូចជាម្ចាស់គោយ៉ាងដូច្នេះបើគេខ្ចីគោយើងទៅប្រើចុះនៅពេលយើងត្រូវប្រើគោនោះ តើយើងជាម្ចាស់ត្រូវទៅយកគោយើងមកវិញឬត្រូវទៅខ្ចីគោរបស់យើងពីគេមកដើម្បីប្រើ ?

ចំពោះបញ្ហានេះ លោកញាន សុធីដែលជាអ្នកគ្រប់គ្រងកម្មវិធីប្រដាល់របស់អាស៊ីអាគ្នេយ៍ និងលោកម៉ា ស៊ីថេត បានសំណូមពរឲ្យសហព័ន្ធលុបបំបាត់ឲ្យបាននូវវប្បធម៌ចងជើងអ្នកប្រដាល់របស់ស្ថានីយ៍ទូរទស្សន៍នានា ។ លោកសុធី បានបញ្ជាក់ថាបើស្ថានីយ៍ណាស្រួលនោះយើងអាចខ្ចីអ្នកប្រដាល់ដែលគេចងជើងនោះមកវាយនៅស្ថានីយ៍យើងបានតែស្ថានីយ៍ខ្លះគេមិនឲ្យខ្ចីតែម្ដង ។ លោកបានដាក់សំណួរថាតើអ្នកប្រដាល់ជារបស់សហព័ន្ធ ជារបស់ក្លិប ឬជារបស់ទូរទស្សន៍ ? ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ឯកតែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានសំណូមពរឲ្យស្ថានីយ៍ទូរទស្សន៍នានាចាប់គូប្រកួតត្រឹម ២សប្ដាហ៍បានហើយដើម្បីជាការរួមគ្នាបំបាត់វប្បធម៌ចងជើងអ្នកប្រដាល់ ប៉ុន្តែមិនដឹងថា សំណើរនេះបានទទួលការឆ្លើយតបយ៉ាងណានោះទេ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់