ហែម ថុនវិទិនី នៅតែមានសិទ្ធិខ្ពស់ជាងគេក្នុងការចេញទៅប្រកួតហែលទឹកកម្រិតអន្តរជាតិ

នូ មករា July 21, 2017


ភ្នំពេញ៖ អស់ជាច្រើនឆ្នាំកន្លងមកនោះកីឡាការិនីហែលទឹករបស់កម្ពុជា ហែមថុន វិទិនី ដែលមានសម្រស់ស្អាតជាងគេ និងពូកែហែលទឹកជាងគេនោះនៅតែមានសក្តានុពលខ្លាំងក្នុងការបញ្ជូនទៅចូលរួមប្រកួតនៅក្រៅប្រទេស បើទោះបីសហព័ន្ធដឹងលទ្ធផលមុនថាកីឡាការិនីរូបនេះមិនអាចយកមេដាយបានក៏ដោយ ។ កីឡាការិនីវ័យ ២៣ឆ្នាំនេះបានចាប់ផ្ដើមហ្វឹកហាត់ហែលទឹកតាំងពីអាយុ ៤ឆ្នាំមកម្ល៉េះដោយមានឈាមជ័រក្នុងត្រកូលហែលទឹកផងនោះ កុមារីវិទិនីមានការរីកចម្រើនយ៉ាងឆាប់រហ័សហើយទីបំផុតនាងបានក្លាយជាកីឡាការិនីលំដាប់កំពូលរបស់ប្រទេសកម្ពុជា ។
លោកហែម គីរី ដែលជាអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកកម្ពុជាធ្លាប់បានលើកឡើងថា៖ «កីឡាការិនី ហែមថុន វិទិនី នៅតែជាកីឡាការិនីខ្លាំងរបស់កម្ពុជាព្រោះមកដល់ពេលនេះមិនទាន់មានកីឡាការិនីរូបណាអាចមានសមត្ថភាពលើសនាងនៅឡើយនោះទេ បើទោះបីរាល់ការប្រកួតធំៗកន្លងមក នាងមិនអាចដណ្ដើមមេដាយបានក៏ដោយតែយើងទទួលបាននូវបច្ចេកទេសថ្មីៗ ដើម្បីអភិវឌ្ឍសមត្ថភាពរបស់កីឡាការិនីរូបនេះឱ្យកាន់តែខ្លាំងបន្ថែមទៀត ជាក់ស្ដែងកាលពីប្រកួតកីឡាអូឡាំពិកនៅ RIO ក្នុងប្រទេសប្រេស៊ីល វិទិនី បានប្រកួតឈ្នះជាង ៣០ប្រទេសនៅលើពិភពលោក ។ ជាមួយគ្នានេះដែរ នៅចុងខែកក្កដាខាងមុខនោះ កីឡាការិនីហែមថុន វិទិនី ក្រៅពីទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ដណ្ដើមជើងឯកពិភពលោកនៅទីក្រុងប៊ុយដាប៉េស្ត ប្រទេសហុងគ្រីហើយនោះ នាងក៏នឹងចេញទៅចូលរួមប្រកួតកីឡា SEAGames លើកទី២៩ នៅប្រទេសម៉ាឡេស៊ីទៀតផងជាមួយនឹងកីឡាករជម្រើសជាតិមកពីខេត្តកំពង់ចាមចំនួន ២រូបគឺចេង ពិរោទ និង ធឿន ចាន់ថុល ។»
គួររំលឹកថា កាលពីឆ្នាំមុន វិទីនី ធ្លាប់បានចេញទៅហ្វឹកហាត់នៅប្រទេសថៃរយៈពេល ១ឆ្នាំហើយបន្ទាប់ពីការហ្វឹកហាត់នោះមកអ្វីៗមានការប្រែប្រួលកាន់តែល្អ ខណៈ ពេលនេះដែរ សហព័ន្ធខ្មែរកីឡាហែលទឹកមានគ្រូជនជាតិជប៉ុនមកជួយបង្វឹកទៀតផងនោះធ្វើឲ្យគុណផល (Perfomance) របស់វិទិនីកាន់តែល្អដែរ ។ កញ្ញា Saki Ikuyama ដែលជាគ្រូបង្វឹកហែលទឹកជម្រើសជាតិកម្ពុជាបានឱ្យដឹងដែរថា មកដល់ពេលនេះគឺមិនទាន់មានកីឡាការិនីជំនាញហែលទឹករូបណាល្អជាងវិទិនីនៅឡើយទេ ។ គ្រូបង្វឹករូបនេះបន្តថាមានអ្នកស្រករក្រោយម្នាក់-ពីរនាក់ដែរតែនៅខ្ចីបន្តិច ដូច្នេះអាចប្រើពេល ២ឬ៣ឆ្នាំទៀតទើបពួកគេអាចមកជំនួសតំណែងរបស់វិទិនីបាន ៕
អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត