អស្ចារ្យមែន! U-23 កម្ពុជា ទប់ចិន ០-០ ក្នុងព្រឹត្តិការណ៍ AFC U-23 Championship 2018

នូ មករា July 19, 2017


ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំបានបង្ហាញនូវទម្រង់លេងដ៏ល្អនៅក្នុងជំនួបជាមួយក្រុមU-23 ជម្រើសជាតិចិនដោយរក្សាបានលទ្ធផល ០-០ នៅក្នុងការប្រកួតលើដីខ្លួនឯងក្នុងវគ្គជម្រុះពូល J នៃព្រឹត្តិការណ៍ AFC U-23 Championship 2018 ខណៈដែលគ្រូបង្វឹកក្រុមភ្ញៀវបានអះអាងយ៉ាងមុតមាំថា នឹងយកឈ្នះក្រុមកម្ពុជាឲ្យបាននៅល្ងាចនេះ ។

លទ្ធផលនេះបានបង្ហាញឲ្យឃើញក្រុមយុវជនកម្ពុជាក្រោមការដឹកនាំរបស់គ្រូបង្វឹកប្រេសុីល Leonardo មិនបានធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រអស់សង្ឃឹមនោះទេ បើទោះបីជាមិនអាចទាត់ទម្លាយសំណាញ់ទីក្រុមភ្ញៀវចិនដែលត្រូវបានចាត់ទុកថាជាក្រុមជើងខ្លាំងនៅក្នុងទ្វីបអាសុីក៏ដោយចុះ ។ គួររំលឹកថា នៅក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតកាលពីរសៀលថ្ងៃទី១៨ ខែកក្កដាកន្លងទៅនេះ លោក Massimiliano បានបង្ហាញពីក្ដីរំពឹងថា កូនក្រុមរបស់ខ្លួននឹងធ្វើបានល្អ ហើយទទួលបានជ័យជម្នះលើក្រុម U-23កម្ពុជា សម្រាប់ជំនួបបើកឆាកពូលJ នាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី១៩ ខែកក្កដាស្អែកនេះ ។ ប៉ុន្ដែយ៉ាងណាលោកក៏បានត្រៀមយុទ្ធសាស្ដ្រ ដើម្បីទប់ទល់ជាមួយក្រុមម្ចាស់ផ្ទះគោព្រៃកម្ពុជានេះដែរ ដោយសារលោកមិនអាចមើលងាយលើសមត្ថភាពកីឡាករកម្ពុជានោះទេ ពិសេសគឺគ្រូបង្វឹកលោក Leonardo ដែលសម្បូរដោយបទពិសោធន៍តែម្ដង ៕

អត្ថបទ៖ មករា និង បុត្រា

មតិយោបល់