ប្រធានសហព័ន្ធប្រដាល់ទាំង ២ប្រភេទ ជួបពិភាក្សាជាមួយស្ថានីយ៍ទូរទស្សន៍ទាំង ៥ ពីផលវិបាក និងដំណោះស្រាយ

នូ មករា July 19, 2017


ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯកតែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោកវេជ្ជបណ្ឌិតឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាបានចំណាយពេលមួយព្រឹកថ្ងៃទី១៩ ខែកក្កដានេះ ដើម្បីជួបជាមួយមន្ត្រីផ្គូរផ្គង មន្ត្រីខាងថ្លឹងទម្ងន់ និងគ្រូពេទ្យព្រមទាំងម្ចាស់សង្វៀននៃបណ្ដាទូរទស្សន៍ទាំង៥ ដែលបានរៀបចំកម្មវិធីប្រដាល់ប្រចាំសប្ដាហ៍ដែលមានដូចជា៖ ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៥, បាយ័ន, អាស៊ីអាគ្នេយ៍, ក្រុមហ៊ុន CBS ដែលគ្រប់គ្រងទូរទស្សន៍ចំនួន ៣គឺ My TV ,CNC និង CTN ក៏ដូចជាទូរទស្សន៍ PNN ក្នុងគោលបំណងជជែកគ្នាពីការចាប់គូដើម្បីធានាឲ្យបាននូវគុណភាព និងការមិនកើតមានគ្រោះថ្នាក់ដល់កីឡាករ ។

នៅក្នុងជំនួបពិភាក្សានេះដែរ លោកឧត្តមសេនីយ៍ឯកតែម ម៉ឺន បានទាមទារដាច់ខាតឲ្យរាល់ការចាប់គូត្រូវគោរពលក្ខខណ្ឌចំនួន ៤ ដើម្បីគេចឲ្យផុតពីហានិភ័យនោះគឺកីឡាករត្រូវតែមានទម្ងន់ស្មើគ្នា កម្ពស់មិនលើសខ្វះគ្នា មានសមត្ថភាពប្រហាក់ប្រហែលគ្នា ព្រមទាំងមានអាយុកុំឲ្យឃ្លាតគ្នាឆ្ងាយព្រោះបើយកមនុស្សចាស់មកវាយជាមួយក្មេងច្បាស់ជាត្រូវក្មេងធ្វើបាបហើយ ។ លោកក៏បានព្រមានថា ហាមដាច់ខាតការហៅកីឡាករមកផ្គូរផ្គងដោយខ្លួនឯង ពោលគឺត្រូវផ្តល់ដំណឹងដល់ក្លិបរបស់គេដើម្បីចាត់តាំងគ្រូ ឬអ្នកដឹកនាំក្លិបមកផ្គូរផ្គងព្រោះគ្រូ និងអ្នកដឹកនាំក្លិបនេះហើយដែលគេស្គាល់ពីសមត្ថភាពកីឡាកររបស់គេច្បាស់ថា តើកីឡាកររបស់គេអាចមានសមត្ថភាពប្រកួតជាមួយដៃគូរបស់ខ្លួនបានឬទេ ។ លោកផ្កាយ ៣ បានបន្តថាបន្ទាប់ពីផ្គូរផ្គងហើយត្រូវពិនិត្យសុខភាព បើសុខភាពមិនមានបញ្ហាទើបអាចទៅថ្លឹងបាន ។លោកក៏បានបញ្ជាក់ទៅក្រុមការងារពេទ្យ និងអ្នកថ្លឹងថា សូមកុំចេះតែហ៊ានអារកាត់ ព្រោះបើពិនិត្យឃើញសុខភាពមិនល្អ គឺមិនត្រូវអនុញ្ញាតឲ្យវាយដាច់ខាតហើយបើទម្ងន់ខុសគ្នាក៏មិនត្រូវឲ្យវាយដែរលើកលែងតែអ្នកនោះធ្វើទម្ងន់ឲ្យបានត្រឹមត្រូវតាមការកំណត់ ។

ជាមួយគ្នានោះ លោកម៉ិល កាដូ អគ្គនាយករងកីឡា និងជាអគ្គលេខាធិការសហព័ន្ធប្រដាល់គុនខ្មែរក៏បានសំណូមពរឲ្យទូរទស្សន៍ពិសេសពិធីករកុំនិយាយអ្វីដែលលើសពីវប្បធម៌ ឬលើសពីប្រវត្តិប្រដាល់គុនខ្មែរ ហើយត្រូវរួមគ្នាថែរក្សា និងលើកស្ទួយនូវមរតករបស់ខ្មែរមួយនេះឲ្យបានល្អ ។ បន្ថែមពីលើនេះ លោកវេជ្ជបណ្ឌិតឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សាកលកម្ពុជាបានសំណូមពរឲ្យស្ថានីយ៍ទូរទស្សន៍ដែលមានកម្មវិធីប្រដាល់ជួយដាក់ប្រដាល់សាកលឲ្យបានប្រកួតមួយគូៗផងដោយលោកហ៊ានធានាថាពួកគេនឹងវាយបានល្អព្រោះកីឡាប្រដាល់សកលជម្រើសជាតិមាន ២ឈុតគឺឈុតធំ និង ឈុតថ្នាលដែលសុទ្ធតែជាអ្នកប្រដាល់មានសមត្ថភាព ។

គួរបញ្ជាក់ថា សព្វថ្ងៃនេះមានតែស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍មួយប៉ុណ្ណោះដែលបានរៀបចំឲ្យមានការប្រកួតប្រដាល់សាកលមួយគូៗនៅយប់ថ្ងៃអាទិត្យក្រៅពីនោះគឺគ្មានឡើយ ។ ចំណែកលោកម៉ា ស៊ីថេត ដែលជាតំណាងក្រុមហ៊ុន CBS បានទទួលយកសំណើរបស់ប្រធានសហព័ន្ធប្រដាល់សាកលកម្ពុជា ប៉ុន្តែលោកក៏បានស្នើឲ្យសហព័ន្ធត្រូវធានាពីគុណភាពរបស់កីឡាករឲ្យបាន ។ សូមបញ្ជាក់ដែរថា តំណាងស្ថានីយ៍ទូរទស្សន៍ទាំងអស់បានត្អូញត្អែរពីការលំបាកក្នុងការចាប់គូព្រោះបន្ទាប់ពីចាប់គូហើយដល់ថ្ងៃប្រកួតស្រាប់តែលេចអ្នកប្រដាល់ផ្សេងមកថ្លឹង ដោយជួនកាលថ្លឹងហើយអ្នកផ្សេងមកប្រកួតក៏មានដែរ ដែលនេះជាការលំបាកមួយព្រោះទូរទស្សន៍ត្រូវផ្សាយពីគូប្រកួតឲ្យគេដឹងមុនលុះថ្ងៃប្រកួតស្រាប់តែលេចអ្នកផ្សេងមកជំនួសគឺមានន័យថាទូរទស្សន៍កុហកអតិថិជនរបស់ខ្លួនហើយ ។ ចំពោះបញ្ហានេះ លោកឧត្តមសេនីយ៍ឯកតែម ម៉ឺន បានអះអាងថា លោកនឹងរៀបចំឲ្យមានសណ្ដាប់ធ្នាប់ឡើងវិញ និងមិនត្រូវឲ្យរឿងដដែលៗនេះបន្តកើតមានទៀតឡើយ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត