សៀង ចន្ធា មានឱកាសប្រជែងពានមួយ នៅ AFF U-15 Championship 2017

នូ មករា July 19, 2017


ភ្នំពេញ៖ បើទោះបីក្រុមយុវជនក្រោមអាយុ ១៥ឆ្នាំជម្រើសជាតិកម្ពុជា អស់ឱកាសប្រជែងពាន AFF U-15 Championship 2017 ក៏ពិតមែន ប៉ុន្ដែសមាជិករបស់ក្រុម U-15កម្ពុជាម្នាក់ គឺខ្សែប្រយុទ្ធ សៀង ចន្ធា នៅមានឱកាសប្រជែងពានស្បែកជើងមាស ក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកយុវជនអាស៊ីអាគ្នេយ៍នេះនៅឡើយ ។

បច្ចុប្បន្ន សៀង ចន្ធា កំពុងឈរកំពូលតារាងអ្នកស៊ុតចូលទីច្រើនជាងគេ(Top-Scorers) ដោយរកបាន ៥គ្រាប់ក្នុងដៃ ហើយតាមពីក្រោយដោយកីឡាករក្រុមម្ចាស់ផ្ទះ U-15ថៃ Chony Wenpaserth រកបាន ៤គ្រាប់ និងកីឡាករអូស្ដ្រាលី Noah Botic រកបាន ៣គ្រាប់ ។ ប៉ុន្ដែឱកាសប្រជែងពានស្បែកជើងមាសរបស់ ចន្ធា ហាក់មិនសូវមានច្រើនទេ ព្រោះគេអស់ឱកាសស្វែងរកគ្រាប់បាល់បន្ថែមទៅហើយ ក្រោយការធ្លាក់របស់ U-15កម្ពុជា ។

ដោយឡែកកីឡាករ Wenpaserth របស់ថៃ និងកីឡាករ Noah Botic របស់អូស្ដ្រាលី ពួកគេនៅមានឱកាសច្រើនក្នុងការស្វែងរកគ្រាប់បាល់បន្ថែម ក៏ក្រុមរបស់កីឡាករទាំងពីរ សុទ្ធតែបន្ដដំណើរទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ដូច្នេះពួកគេមានឱកាស ២ប្រកួតទៀត ដើម្បីស្វែងរកគ្រាប់បាល់បន្ថែម ពោលគឺការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ឬការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ជាដើម ៕

អត្ថបទ៖ បុត្រា

មតិយោបល់