គ្រូថ្នាលប្រដាល់សកលកម្ពុជាបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះដំណើរទៅកាន់សុីហ្គេមឆ្នាំ២០២៣

នូ មករា July 18, 2017


ភ្នំពេញ៖ លោក អាត់ សំរិទ្ធ អតីតកីឡាករប្រដាល់សកលកម្ពុជាដ៏ល្បីល្បាញម្នាក់ដែលបច្ចុប្បន្នបានក្លាយខ្លួនជាគ្រូបង្វឹកនោះបានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំង ក្នុងដំណើរឆ្ពោះទៅកាន់ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះនោះ ។ លោកបានបង្ហើបឲ្យដឹងថា តាំងពីក្រសួងអប់រំ យុវជន និងកីឡាបានធ្វើការប្រមូលផ្តុំក្នុងចំណោមយុវជនជម្រើសជាតិទាំង ១២នាក់របស់សហព័ន្ធរួចមកគឺមានកីឡាករតិចតួចណាស់ដែលបានឡើងសង្វៀនប្រកួតហើយការឡើងសង្វៀននោះទៀតសោតក៏មានចន្លោះពេលយូរៗដែរ ពោលគឹកីឡាករខ្លះរយៈពេល ៣ខែមិនបានឡើងសង្វៀនម្តងក៏មាន។

គ្រូបង្វឹករូបនេះបានមានប្រសាសន៍បន្ថែមថា៖ «តាមបទពិសោធន៍របស់ខ្ញុំ ដើម្បីឲ្យកីឡាករមានការប្រកួតល្អគឺត្រូវឡើងសង្វៀនយ៉ាងតិច ១ដងក្នុង ១ខែ ប៉ុន្តែសព្វថ្ងៃមានកីឡាករថ្នាលយើងមួយចំនួន ៣ខែមិនទាន់បានឡើងសង្វៀនម្តងផងក៏មាន ដោយសារមានសង្វៀនតែមួយដែលរៀបចំឲ្យមានការប្រកួតប្រដាល់សកលគឺទូរទស្សន៍អាស៊ីអាគ្នេយ៍។  កត្តាទាំងនេះជាហេតុធ្វើឲ្យខ្ញុំមានក្តីបារម្ភយ៉ាងខ្លាំងនៅស៊ីហ្គេមឆ្នាំ២០២៣។ យើងមិនបានដឹងថា ពួកគាត់មានបច្ចេកទេសខ្វះខាតត្រង់ណាដែលត្រូវកែតម្រូវនោះទេ ព្រោះបញ្ហាបច្ចេកទេស យើងមិនអាចមើលដោយភ្នែកតាមការហ្វឹកហាត់នោះទេ ទាល់តែប្រកួតទើបយើងដឹង»

ទាក់ទងនឹងបញ្ហានេះដែរលោកប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធប្រដាល់សកលបានឲ្យដឹងថា៖ «បញ្ហានេះសហព័ន្ធកំពុងរៀបចំឯកសារទាក់ទងជាមួយស្ថានីយ៍ទូរស្សន៍សុំការអនុញ្ញាតដាក់បញ្ចូលអត្តពលិកប្រដាល់សកលទៅក្នុងកម្មវិធីដូចការប្រកួតប្រដាល់គុនខ្មែរដែលក្រុមហ៊ុនទូរទស្សន៍រៀបចំរៀងរាល់សប្ដាហ៍ដូច្នេះដែរ ។ ជាក់ស្ដែង កាលពីពាក់កណ្ដាលខែមិថុនាកន្លងទៅនេះសហព័ន្ធបានដាក់បញ្ចូលកីឡាករប្រដាល់សកលម្នាក់ធ្វើការប្រកួតមិត្តភាពជាមួយនឹងកីឡាករថៃ នៅលើសង្វៀនទូរទស្សន៍អាស៊ីអគ្នេយ៍ម្ដងរួចមកហើយ ។ ចំពោះគោលដៅធំរបស់សហព័ន្ធ ក៏នឹងដាក់បញ្ចូលកីឡាប្រដាល់សកលនេះចូលទៅក្នុងស្ថានីយរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍មុនគេផងដែរ ពីព្រោះគេមានកម្មវិធីប្រកួតច្រើនជាងប៉ុសិ៍្តទូរទស្សន៍ផ្សេងៗ ។» សូមបញ្ជាក់ថា ជាគោលដៅបន្ទាប់ក្រៅពីការសុំការអនុញ្ញាតដាក់បញ្ចូលប្រដាល់សកលទៅក្នុងកម្មវិធីប្រដាល់តាមសង្វៀនទូរទស្សន៍នោះ អគ្គលេខាធិការរូបនេះនឹងបន្តសុំការបញ្ចូលទៅទូរទស្សន៍ TV5 , CNC , PNN និងទូរទស្សន៍បាយ័នផងដែរ ។

លោកបានបន្តថា៖ «តាមគម្រោងរបស់សហព័ន្ធ យើងគ្រោងដាក់ឲ្យកីឡាករ កីឡាការិនីឡើងប្រកួតាមសង្វៀនក្នុង ១សប្ដាហ៍ ៦ប្រកួត ដើម្បីពង្រឹងរកចំណុចខ្លាំងខ្សោយរបស់ពួកគេមុននឹងសម្រេចឱ្យទៅចូលរួមប្រកួតដណ្ដើមមេដាយនៅលើឆាកអន្តរជាតិ ជាពិសេសព្រឹត្តិការណ៍ស៊ីហ្គេមនាឆ្នាំ២០២៣ ដែលកម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះតែម្តង ។» អគ្គលេខាធិការវ័យក្មេងរូបនេះជឿជាក់ថា សហព័ន្ធប្រដាល់សកលកម្ពុជានឹងដាក់បញ្ចូលវិញ្ញាសាប្រកួតប្រដាល់សកលនេះតាមសង្វៀនទូរទស្សន៍ ក៏ដូចជាកម្មវិធីប្រកួតប្រដាល់គុនខ្មែរដែលតែងតែប្រកួតរៀងរាល់សប្ដាហ៍ឲ្យបានមុនដំណាច់ឆ្នាំ២០១៧ នេះ ព្រោះការធ្វើបែបនេះនឹងធ្វើឱ្យយុវជនថ្នាលទាំងអស់មានការរីកចម្រើនទាំងសមត្ថភាព និងបច្ចេកទេស ជាពិសេសមានសង្ឃឹមជោគជ័យខ្ពស់ក្នុងព្រឹត្តិការណ៍ធំៗទាំងកម្រិតជាតិ និងអន្តរជាតិ ៕» 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត