ខាំ ខ្លានាង វាយកីឡាករថៃ Nengrasee ឡើងទក់សាច់លើសង្វៀន PNN តែមិនសន្លប់

នូ មករា July 17, 2017


ភ្នំពេញ៖ ក្នុងជំនួបមិត្តភាពអន្តរជាតិនៅលើសង្វៀនភី អិន អិន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ កីឡាករថៃ Nengrasee ត្រូវអ្នកប្រដាល់កម្ពុជា ខាំ ខ្លានាង មកពីក្លិបរ៉ាហាប់ស្វាយប៉ាកវាយត្រូវមុខ និងពោះឡើងចង់ទក់សាច់តែមិនសន្លប់ រហូតត្រូវបានអ្នកទស្សនាសសើរថា កីឡាករថៃម្នាក់នេះពូកែទ្រាំមែន ។ យ៉ាងណាក៏ដោយ បើទោះអ្នកប្រដាល់ថៃរូបនេះមិនសន្លប់ តែគេត្រូវបានគណៈកម្មការប្រកាសលទ្ធផល ឱ្យចាញ់ពិន្ទុកីឡាករកម្ពុជា ខាំ ខ្លានាង ដែរ។
បើតាមន្ត្រីបច្ចេកទេសរបស់សហព័ន្ធប្រដាល់កម្ពុជាបានឱ្យដឹងមុននេះថា កីឡាករថៃម្នាក់នេះចាញ់ប្រៀបខាងកម្ពស់ ខាំ ខ្លានាង បន្តិចមែន ប៉ុន្តែថ្វីដៃប្រកួតវិញនោះពិតជាមិនអន់ឡើយ ។ ប៉ុន្តែរាល់ការវាយចេញរបស់គេមិនអាចធ្វើអ្វី ខាំ ខ្លានាងបានឡើយ។ ផ្ទុយទៅវិញ ការប្រកួត ចាប់ពីទឹកទី១ រហូតទៅ ខាំ ខ្លានាង បានម៉ាត់ចូលមុខ ព្រមទាំងបុកជង្គង់ចូលពោះទឹក ស្ទើតែដាច់ពោះវៀនទៅហើយ ប៉ុន្តែកីឡាករថៃម្នាក់នេះល្អខ្លាំងណាស់អាចស៊ូប្រកួតជាមួយខាំ ខ្លានាង បានរហូតដល់ចប់ទឹកទី៥។ ការប្រកួតចូលដល់ទឹកទី៣ និងទី៤ ខាំ ខ្លានាង បានបុកស្នៀតជង្គង់ចូលពោះទឹកពេញៗណែនតែម្ដង ប៉ុន្តែកីឡាករ ថៃម្នាក់នេះបានសម្រុកចូលគៀកបុកជង្គង់សងវិញមិនបណ្ដោយទុកឱ្យខាំ ខ្លានាងធ្វើអ្វីមកលើគេតាមតែអំពើចិត្តនោះទេ។ តែអ្វីដែលធ្វើឱ្យអ្នកទស្សនាផ្ទាល់ទ្រាំសសើរមិនបាននោះគឺ ខណៈពេលដែលត្រូវខាំ ខ្លានាងម៉ាត់ចូលមុខពេញៗ និងបុកជង្គង់ចូលពោះទឹកឡើងជាំគ្រប់កន្លែងទៅហើយក្តីក៏រូបគេនៅតែអាចទ្រាំបានព្រមទាំងមានឱកាសវាយបកសងមកវិញបានយ៉ាងល្អទៀតផង មិនតែប៉ុណ្ណោះគេអាចស៊ូប្រកួតរហូតដល់ចប់ទឹកទី៥ គេច ផុតពីសន្លប់បាន ។
ជាមួយគ្នានេះដែរកីឡាករ សូត្រ ប៊ុនធី មកពីក្លិបបក្សីស្លាបដែកបានយកឈ្នះកីឡាករថៃឈ្មោះ Wanphichit ដោយពិន្ទុហើយការប្រកួតរវាងគូនេះក៏ធ្វើឱ្យអ្នកតាមដានការមានការចាប់អារម្មខ្លាំងណាស់ដែរ។ សម្រាប់ ការប្រកួតនៅក្នុងទឹកទី១ និងទី២ សូត្រ ប៊ុនធី មិនទាន់ហ៊ានបើកការវាយសម្រុកភ្លាមនោះទេ ព្រោះគេនៅមានការកោតញញើតកីឡាករថៃខ្លះៗដែរ ។ លុះចូលដល់ទឹកទី៣ សូត្រ ប៊ុនធីបានព្យាយាមសម្រុកចូលគៀកដើម្បីម៉ាត់សំដៅមុខនិងបានទាត់ផ្នែកខាងក្រោមបង្ខំឱ្យកីឡាករថៃដកថយគេចចេញពីការវាយលុកជាបន្តបន្ទាប់។ ទោះជាយ៉ាណាក៏ដោយ ក៏រាល់ការវាយចេញរបស់គេត្រូវកីឡាករថៃម៉ាត់បកសងមកវិញភ្លាមៗ ។ តាមពិតគូនេះប្រកួតគ្នា៥ទឹកពេញដោយសូត្រ ប៊ុនធីមានប្រៀបជាងនៅត្រឹមទឹកទី៤ និងទី៥បន្តិចប៉ុណ្ណោះ ដូច្នេះគេបានយកឈ្នះទាំងប្រផិតប្រផើយបំផុត ៕
អត្ថបទ និងរូបភាព៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត