មេប្រដាល់គុនខ្មែរព្រមានខ្លាំងៗក្នុងថ្ងៃបើកសង្វៀនកំពូលអ្នកប្រយុទ្ធកណ្ដាប់ដៃដែក

នូ មករា July 17, 2017


ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯកតែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានព្រមានខ្លាំងៗនៅវេលាថ្ងៃត្រង់ថ្ងៃទី១៦ ខែកក្កដាម្សិលមិញដែលជាថ្ងៃប្រកាសបើកសង្វៀនកំពូលអ្នកប្រយុទ្ធកណ្ដាប់ដៃដែក ISI PALM លើសង្វៀន CNC ។ លោកបានចាត់ទុកថានេះជាសមរភូមិថ្មីមួយទៀតសម្រាប់អ្នកប្រដាល់គុនខ្មែរហេតុនេះមន្ត្រីផ្គូរផ្គងត្រូវតែចាប់គូដោយប្រុងប្រយ័ត្នគឺគូប្រកួតមិនត្រូវឲ្យខ្ពស់-ទាបជាងគ្នា ទម្ងន់ត្រូវតែប៉ុនគ្នា ហើយមិនត្រូវចាប់គូអ្នកប្រដាល់ថ្មីដែលទើបតែហាត់ឲ្យប្រកួតជាមួយអ្នកប្រដាល់ជើងចាស់នោះទេព្រោះនេះជាហានិភ័យធំ ហើយវាងាយនឹងមានគ្រោះថ្នាក់ណាស់ ។

ប្រមុខប្រដាល់គុនខ្មែររូបនេះក៏បានទាមទារឲ្យបណ្ដាក្លិប សមាគមដែលជាសមាជិករបស់សហព័ន្ធប្រដាល់គុនខ្មែរត្រូវតែបង្វឹកកីឡាករឲ្យបានល្អមានសមត្ថភាពព្រោះពេលនេះមិនខ្វះទេសង្វៀនប្រកួតនោះ ។ លោកហួរ រតនៈ ដែលជាប្រធានផ្នែកទីផ្សាររបស់ទូរទស្សន៍ CNC បានបញ្ជាក់ដែរថាការបង្កើតសង្វៀនកំពូលអ្នកប្រយុទ្ធកណ្ដាប់ដៃដែក ISI PALM នេះគឺជាការរួមចំណែកដើម្បីពង្រីកកិត្យានុភាពរបស់ប្រដាល់គុនខ្មែរឲ្យកាន់តែមានឈ្មោះបោះសម្លេងលើឆាកអន្តរជាតិ ។ លោកបន្តថាលើសង្វៀននេះគឺប្រកួតរៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង ១១ថ្ងៃត្រង់រហូតដល់ម៉ោង ១កន្លះរសៀលដែលក្នុងមួយសប្ដាហ៍ៗមានការប្រកួតជាលក្ខណៈអន្តរជាតិចំនួន ២ គូ ។

លោកសុខ វិចិត្រ នាយកទីផ្សារ និងផ្នែកលក់របស់ក្រុមហ៊ុន ISI ដែលជាអ្នកឧបត្ថម្ភផ្ដាច់មុខសម្រាប់សង្វៀនកំពូលអ្នកប្រយុទ្ធកណ្ដាប់ដៃដែក ISI PALM ក៏បានចាត់ទុកថាក្នុងខណៈដែលប្រដាល់គុនខ្មែរកំពុងតែធ្វើសមាហរណកម្មទៅក្នុងពិភពលោកនោះលោកមានជំនឿចិត្តថាសង្វៀននេះនឹងពង្រីកសមត្ថភាពអ្នកប្រដាល់គុនខ្មែរឲ្យកាន់តែខ្ពស់ថែមទៀតជាមិនខាន ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត