តេក្វាន់ដូ ITF ជួបការលំបាក ប៉ុន្តែសង្ឃឹមខ្ពស់ក្នុងការដណ្ដើមមេដាយពិភពលោក

នូ មករា July 15, 2017


ភ្នំពេញ៖ បើទោះបីជាមានឧបសគ្គធំយ៉ាងណាក៏ដោយក៏សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជានឹងនៅតែបន្តប្រឹងប្រែងក៏ដូចជាស៊ូទ្រាំឆ្ពោះទៅមុខ ដើម្បីជោគជ័យនាពេលអនាគត ជាពិសេសគឺការដណ្តើមយកមេដាយពីព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោកនៅកូរ៉េខាងជើងនាខែកញ្ញាខាងមុខនេះតែម្តង។ ឧបសគ្គធំដែលបានរារាំងឱ្យប្រភេទកីឡាមួយនេះជួបការលំបាកនោះគឺការខ្វះខាតផ្នែកកញ្ចប់ថវិកាសម្រាប់ការចេញទៅប្រកួត ដែលកំពុងតែធ្វើឲ្យអត្តពលិកទាំងនេះនៅតែមិនទាន់មានការប្រាកដក្នុងចិត្តថាពួកគេនឹងត្រូវបានចេញទៅប្រកួតតាមការកំណត់ ឬត្រូវបានដកបេក្ខភាពចេញវិញ ឬយ៉ាងណានោះទេ ។
សូមបញ្ជាក់ថា នៅក្នុងការប្រកួតកម្រិតពិភពលោកនេះ សហព័ន្ធបានសម្រេចបញ្ជូនអត្តពលិករបស់ខ្លួនរហូតទៅដល់ ១៥នាក់ ខណៈដែលថ្ងៃប្រកួតកំពុងខិតចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះហើយ តែសហព័ន្ធខ្លួនឯងនៅមិនទាន់ច្បាស់ថានឹងអាចបញ្ជូនទៅទាំងអស់ឬយ៉ាងណានោះទេ ។ លោក ប៉ាល់ ជីវ័ន្ត ដែលជាគ្រូបង្វឹក និងជាកីឡាករផងនោះបានឲ្យដឹងថា៖ «បើសិនជាយើងអាចបានទៅចូលរួមប្រកួតទាំង ១៥ នាក់ យើងអាចលេងបានជាង ១០ វិញ្ញាសាហើយម្នាក់ៗអាចលេងបានច្រើនវិញ្ញាសាទៀត ឯឱកាសឈ្នះបានមេដាយក៏មានច្រើនដែរ ប៉ុន្តែបើយើងទៅបានតិចគឺយើងនឹងខ្វះអេគីប ក្នុងការលេងនៅលើវិញ្ញាសាមួយចំនួនដោយម្នាក់ៗអាច លេងបាន ១ ឬ ២ វិញ្ញាសាតែប៉ុណ្ណោះ ដែលធ្វើឲ្យយើងមានឱកាសតិច ក្នុងការដណ្តើមបានមេដាយផងដែរ»។ បើទោះបីមិនទាន់ច្បាស់ក្នុងការបញ្ជូនអត្តពលិកទៅបានទាំងអស់ក៏ដោយ តែក្រុមអត្តពលិកទាំង១៥ នាក់ នោះនៅតែបន្តហ្វឹកហាត់យ៉ាងអំណត់ ក្រោមការបង្វឹករបស់គ្រូបង្វឹកមកពីកូរ៉េខាងជើង លោក រី ឆុលណាំ ព្រមទាំងគ្រូជំនួយលោក បួនហ៊ីង សុធីយ៉ា, លោកកៅ មករា និងគ្រូបង្វឹកនារីវេជ្ជបណ្ឌិត ហ៊ឹម រីដា ដើម្បីរង់ចាំស្តាប់ដំណឹងនៃការសម្រេចបញ្ជូនអត្តពលិកទៅប្រកួតលើកចុងក្រោយនាចុងខែកក្កដានេះ។ យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំរបស់សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ដែលមានឯកឧត្តម កែវ រ៉េមី ជាប្រធាននោះកំពុងតែស្វះស្វែងរកថវិកាពីសប្បុរសជនសម្រាប់គម្រោងចេញទៅប្រកួតជើងឯកពិភពលោកនៅក្នុងប្រទេសកូរ៉េខាងជើងនេះហើយ។ មិនត្រឹមតែប៉ុណ្ណោះ ប្រធានសហព័ន្ធរូបនេះ បានអះអាងថាលោកនឹងខិតខំដើម្បីជំរុញឲ្យសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ដាក់បញ្ចូលតេក្វាន់ដូអាយ ធី អេហ្វទៅក្នុងការប្រកួតកីឡាស៊ីហ្គេមនៅពេលសមស្របណាមួយឲ្យបាន ។
លោកបានបន្តថា៖ «នេះមិនមែនលើកទី១នោះទេ ពោលគឺតេក្វាន់ដូ ITF កម្ពុជាធា្លប់ចូលរួមព្រឹត្តិការណ៍នេះជាង ១០លើករួចមកហើយ និងធ្លាប់ទទួលបានមេដាយសំរឹទ្ធចំនួន ២ទៀតផង ដោយមេដាយទាំងនេះដណ្តើមបានដោយកីឡាករ ប៉ាល់ ជីវ័ន្ត ក្នុងនោះដណ្តើមបានពីប្រទេសស្លូវេនី១ និងប្រទេសក្រិក១ ។ តាមរយៈបទពិសោធន៍នៃការចូលរួម និងការហ្វឹកហាត់ត្រៀមដោយយកចិត្តទុកដាក់របស់កីឡាករមួយរយៈកន្លងមកនេះធ្វើឲ្យ កម្ពុជាមានក្តីរំពឹងខ្ពស់សម្រាប់ការដណ្តើមបានមេដាយនៅលើកនេះ។»
លោកបានបន្ថែមថា៖ «តាមរយៈការហ្វឹកហាត់មួយរយៈកន្លងមកនេះ យើងរំពឹងថាអាចបានមេដាយពីព្រឹត្តិការណ៍នេះ ដោយសារយើងមានបទពិសោធន៍ក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោកពីរឆ្នាំកន្លងទៅ គឺកម្រិតរបស់យើងអាចដណ្តើមបានមេដាយ ក្នុងនោះដែរប្រទេសដែលជាឧបសគ្គក្នុងការប្រកួតជើងឯកពិភពលោក គឺប្រទេសកូរ៉េខាងជើង (ម្ចាស់ផ្ទះ) ដោយសារតេក្វាន់-ដូ (ITF ) របស់គាត់មានការហាត់ហ្វឹកហ្វឺនខ្លាំង ចំពោះប្រទេសនៅអឺរ៉ុបមានមួយចំនួនដូចជា អ៊ុយក្រែនជាដើម ទោះបីជាយ៉ាងក៏ដោយលោកបានប្រាប់ដល់កីឡាករ-កីឡាការិនីថា នៅពេលប្រកួតគ្មានគិតថា អ្នកណាខ្លាំងជាងអ្នកណាខ្សោយនោះទេ យើងត្រូវតែខ្លាំងដាច់ខាត មានជំនឿជាក់លើខ្លួនឯង និងត្រូវដណ្តើមជ័យជម្នះឲ្យបាន។ គួរបញ្ជាក់ផងដែរថា អត្តពលិកទាំង ១៥ នាក់រួមមានកីឡាករ ប៉ាល់ ជីវ័ន, ហ៊ វិចិត្រ, នាង សីហា, បុត្រ សេរីគង្គា, អោក សំនាង, ឃឿន ប៊ុនឡុង, សៀង អេងហ៊ុយ, ឃឿន ប៊ុនលាង, នេត្រ ហាក់លី, ទ្រី វរលក្ខណ៍, ជា ច័ន្ទឡា, តាំង សៀសុង, តាត់ ឧត្តម កីឡាការិនី រស់ ស្រីនិច និង រោយ មុល្លិកា ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត