ឡុង សុវណ្ណឌឿន មិនខ្វល់ពី Super Chhai ខណៈ សរ រាជសីហ៍ ជួប Namkhakboun

នូ មករា July 15, 2017


ភ្នំពេញ៖ សម្រាប់ការប្រកួតលើសង្វៀន Spesial របស់ CNC ថ្ងៃទី១៦ ខែកក្កដាស្អែកនេះ អ្នកប្រដាល់ឡុង សុវណ្ណឌឿន មកពីក្លិបសាលវ័ន្ដកីឡាបានប្រកាសថា គេមិនខ្វល់ពីអ្នកប្រដាល់ថៃ Super Chhai ឡើយទោះបីគេខ្លាំងប៉ុណ្ណក៏ដោយ ។ សុវណ្ណឌឿនត្រូវតស៊ូជាមួយ Super Chhai ដែលជាអ្នកប្រដាល់ជើងខ្លាំងមួយរូបធ្លាប់ផ្ដួលសិស្សច្បងរបស់គេគឺឡុង សុភី ហើយស្ពាយលុយ ៥.០០០ដុល្លារ និងខ្សែក្រវាត់មួយពីស្រុកខ្មែរទៅស្រុកថៃផងដែរ។

សុវណ្ណឌឿន បានបង្ហាញពីជំនឿចិត្តក្នុងការយកឈ្នះលើអ្នកប្រដាល់ជើងខ្លាំងថៃរូបនេះឲ្យខាងតែបាន ។ កីឡាករកម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន ៦៥ដង ឈ្នះ ៤៥ដង ចាញ់ ១៣ដងស្មើពិន្ទុ ៧ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន ២៣ដង ។ ចំពោះ Super Chhai វិញគេហាក់ដូចជាស្ថិតក្នុងអារម្មណ៍ស្ងប់ស្ងាត់មិនមានមាត់កអ្វីនោះទេគេគ្រាន់តែនិយាយថាគេត្រៀមខ្លួនសម្រាប់ការប្រកួតនេះរួចរាល់អស់ហើយ ។ ជើងខ្លាំងថៃរូបនេះមានប្រវត្តិប្រកួតចំនួន ១១១ដង ឈ្នះ ៨០ដង ចាញ់ ២៥ដង ស្មើពិន្ទុ ៦ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៦ដង ។

នៅលើសង្វៀនដដែលនេះដែរ កីឡាករ សរ រាជសីហ៍ មកពីក្លិបមោងឬស្សីមរតកគុនខ្មែរត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ Namkhakboun Tongprasathin ក្នុងប្រភេទទម្ងន់ ៦៩គីឡូក្រាម ។ រាជសីហ៍ក៏ជាអ្នកប្រដាល់លំដាប់កំពូលរបស់កម្ពុជាដែរ ។ គេមានប្រវត្តិប្រកួតចំនួន ៦៧ដង ឈ្នះ ៥១ដងចាញ់ ១៥ដង ស្មើពិន្ទុ ១ដង ។ ចំពោះអ្នកប្រដាល់ថៃ Namkhakboun Tongprasathin វិញមានប្រវត្តិប្រកួតចំនួន ៩៦ដង ឈ្នះ ៧០ដង ចាញ់ ២៣ដង ស្មើពិន្ទុ ៣ ដង និងវាយគូប្រកួតឲ្យសន្លប់ ១៥ដង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់