ចាន់ រតនា ឡើងសង្វៀនគុនខ្មែរវិញក្រោយវៃដាក់ទ្រុងជាមួយបរទេសអស់ ៣ឆ្នាំ

នូ មករា July 8, 2017


ភ្នំពេញ៖ នាថ្ងៃស្អែកទី៩ ខែកក្កដា នេះ អ្នកប្រយុទ្ធដ៏អស្ចារ្យរបស់កម្ពុជាគឺកីឡាករ ចាន់ រតនា នឹងឡើងបង្ហាញខ្លួនលើសង្វៀនប្រដាល់គុនខ្មែរសារជាថ្មីនៅស្ថានីយ៍ទូរទស្សន៍បាយ័នក្នុងជំនួបប្រកួតដណ្តើមខ្សែក្រវាត់ស្រាបៀរលីអូទម្ងន់ ៦៣,៥ គីឡូក្រាមរដូវកាលទី៦ ក្រោយពីបានបញ្ចប់កុងត្រាជាមួយនឹងស្ថាប័ន ONE Championships (ONE) រួចមក ។ គិតមកទល់បច្ចុប្បន្ននេះ កីឡាករ ចាន់ រតនា ដែលមានអាយុ ៣០ ឆ្នាំ និងមានកម្ពស់ ១,៦៨ ម៉ែត្រនោះធ្លាប់បានឆ្លងកាត់ការប្រកួតចំនួន ១១០ លើក ឈ្នះ ៨០លើក ចាញ់២៥ និងស្មើ ៥លើក ។ រូបគេក៏ធ្លាប់ជាកីឡាករល្បីល្បាញក្នុងអំឡុងឆ្នាំ២០១២ និងឆ្នាំ២០១៣ ហើយបច្ចុប្បន្ន រតនា កំពុងបើកក្លិបកីឡាប្រយុទ្ធចម្រុះមួយកន្លែងនៅជិតអតីតគុកទួលស្លែងរាជធានីភ្នំពេញដោយទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។

ចាន់ រតនា ទើបតែបានវិលមកប្រកួតគុនខ្មែរសាជាថ្មីកាលពីពេលថ្មីៗនេះ និងបានផ្តួលកីឡាករជើងខ្លាំងរបស់ថៃចំនួន ២ រូបដោយសន្លប់ក្នុងទឹក ២ និងម្នាក់ទៀតទឹកទី៣។ អ្នកប្រយុទ្ធដែលមានអាជីពជាកីឡាករផង និងគ្រូបង្វឹកកីឡាប្រយុទ្ធចម្រុះផង មានបទពិសោធន៍ច្រើននៅលើសង្វៀនដោយផ្តើមចេញពីកីឡាវ៉ូវីណាម តេក្វាន់ដូ យុទ្ធគុនខម ប្រដាល់គុនខ្មែរ និងវាយក្នុងទ្រុងនោះបានឱ្យដឹងថា៖ «ការវិលទៅកាន់ប្រដាល់គុនខ្មែរលើកនេះ ខ្ញុំមានទំនុកចិត្តថា អាចទទួលបានលទ្ធផលល្អពីព្រោះខ្ញុំធ្វើការហ្វឹកហាត់ជាប្រចាំ និងលេងកីឡាច្រើនប្រភេទ។ ខ្ញុំមានបច្ចេកទេសល្អជាងមុន ពិសេសក្បាច់ជើងទាត់ និងឱបផ្តួលដៃគូនេះតែម្តង ហើយខ្ញុំមានសេចក្តីរំពឹងខ្ពស់ក្នុងការឈានឲ្យដល់វគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ប្រកួតនេះ»។

សូមបញ្ជាក់ថា ការប្រកួតប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវាត់ស្រាបៀរលីអូរដូវកាលទី៦ នៅសង្វៀនបាយ័នជាមួយជើងខ្លាំងកម្ពុជាចំនួន ៤នាក់ ព្រមទាំងឡាវ និងថៃចំនួន ៤នាក់ទៀត ។ ការប្រកួតនេះ ចាន់ រតនា នឹងត្រូវជួបដំបូងជាមួយ វៃហ្វៃ លូកមឿងភេត របស់ប្រទេសថៃ ។ រតនារំលឹកថា៖ «រយៈពេល ៣ ឆ្នាំដែលខ្ញុំឃ្លាតពីប្រដាល់គុនខ្មែរ ដោយសារជាប់កិច្ចសន្យាប្រកួតឲ្យអង្គភាពរៀបចំក្បាច់គុនចម្រុះ ONE។ រយៈពេល ៣ ឆ្នាំកន្លងមកនេះ ខ្ញុំត្រូវបានគេកំណត់ឲ្យប្រកួតចំនួន ៦ លើកដោយលើកដំបូងតម្លៃខ្លួនប្រកួតចាប់ពី ១០០០ ដុល្លារ ដល់ ២៥០០ ដុល្លារក្នុងមួយលើក»៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត