ខែក្រោយនេះ តេក្វាន់ដូ ITF នឹងបញ្ជូនអត្តលិកខ្នាតធំទៅប្រកួតជើងឯកពិភពលោកនៅកូរ៉េខាងជើង

នូ មករា July 7, 2017


ភ្នំពេញ៖ នេះគឺជាការបញ្ជូនអត្តលិកខ្នាតធំមួយរបស់សហព័ន្ធកីឡាតេក្វាន់ដូ ITF ដែលបានសម្រេចបញ្ជូនអត្តពលិករបស់ខ្លួនទាំងជម្រើសជាតិឈុត តូច និង ធំ ជាង ២០នាក់ទៅចូលរួមប្រកួតព្រឹត្តិការណ៍ជើងឯកពិភពលោកឆ្នាំ២០១៧ ឬ “ Taekwon-do ITF world Championships 2017 ” ដែលនឹងប្រព្រឹត្តនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះនៅទីក្រុងព្យុងយ៉ាងប្រទេសកូរ៉េខាងជើង ។
ប្រធានសហព័ន្ធតេក្វាន់ដូ ITF កម្ពុជា និងជាប្រធានសហព័ន្ធតេក្វាន់ដូអាស៊ីអាគ្នេយ៍ លោក កែវ រ៉េមី បានមានប្រសាសន៍ថា៖ «នេះមិនមែនលើកទី១នោះទេ ពោលគឺតេក្វាន់ដូ ITF កម្ពុជាធា្លប់ចូលរួមព្រឹត្តិការណ៍នេះជាង ១០លើករួចមកហើយ និងធ្លាប់ទទួលបានមេដាយសំរឹទ្ធចំនួន ២ទៀតផង ដោយមេដាយទាំងនេះដណ្តើមបានដោយកីឡាករ ប៉ាល់ ជីវ័ន្ត ក្នុងនោះដណ្តើមបានពីប្រទេសស្លូវេនីមួយ និងប្រទេសក្រិកមួយ។ តាមរយៈបទពិសោធន៍នៃការចូលរួម និងការហ្វឹកហាត់ត្រៀមដោយយកចិត្តទុកដាក់របស់កីឡាករមួយរយៈកន្លងមកនេះធ្វើឲ្យ កម្ពុជាមានក្តីរំពឹងខ្ពស់សម្រាប់ការដណ្តើមបានមេដាយនៅលើកនេះ។» លោកបានបន្ថែមថា៖ «តាមរយៈការហ្វឹកហាត់មួយរយៈកន្លងមកនេះ យើងរំពឹងថាអាចបានមេដាយពីព្រឹត្តិការណ៍នេះ ដោយសារយើងមានបទពិសោធន៍ក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោកពីរឆ្នាំកន្លងទៅ គឺកម្រិតរបស់យើងអាចដណ្តើមបានមេដាយ»។ លោកបន្តថា៖ «ប្រទេសដែលជាឧបសគ្គក្នុងការប្រកួជើងឯកពិភពលោក គឺប្រទេសកូរ៉េខាងជើង (ម្ចាស់ផ្ទះ) ដោយសារតេក្វាន់-ដូ (ITF ) របស់គាត់មានការហាត់ហ្វឹកហ្វឺនខ្លាំង ចំពោះប្រទេសនៅអឺរ៉ុបមាសមួយចំនួនដូចជា អ៊ុយក្រែនជាដើម ទោះបីជាយ៉ាងក៏ដោយលោកបានប្រាប់ដល់កីឡាករ-កីឡាការិនីថា នៅពេលប្រកួតគ្មានគិតថា អ្នកណាខ្លាំងជាងអ្នកណាខ្សោយនោះទេ យើងត្រូវតែខ្លាំងដាច់ខាត មានជំនឿជាក់លើខ្លួនឯង និងត្រូវដណ្តើមជ័យជម្នះឲ្យបាន។
សូមបញ្ជាក់ថា អត្តពលិកជាង ២០នាក់នេះកំពុងធ្វើការហ្វឹកហាត់យ៉ាងសកម្មជារៀងរាល់ថ្ងៃជាមួយគ្រូបង្វឹកជនជាតិកូរ៉េខាងជើង និងលោកអគ្គលេខាធិការ ប៊ួនហ៊ីង សុធីយ៉ា ដោយក្នុងនោះលោកបែងចេញទៅតាមប្រភេទវិញ្ញាសានីមួយរបស់ពួកគេ។ ការធ្វើបែបនេះដើម្បីជំរុញការហាត់ហ្វឹកហ្វឺនរបស់កីឡាករ-កីឡាការិនីតេក្វាន់-ដូ និងបែងចេញជា ផ្នែក សម្រាប់អ្នកដែលប្រើក្បាច់គុនពិសេស (បំបែកឥដ្ឋ ក្តារ) ត្រូវធ្វើការហ្វឹកហាត់តែផ្នែកនឹង ហើយសម្រាប់អ្នកប្រយុទ្ធហ្វឹកហាត់តែប្រយុទ្ធ ចំពោះអ្នកសម្តែងមេគុនហ្វឹកហាត់មេគុនសុទ្ធតែម្តង ។ នេះគឺជាការបែងចែកជាក្រុមក្នុងការពង្រឹងសមត្ថភាពអត្តពលិកឲ្យមានគុណភាពខ្ពស់ដើម្បីអាចដណ្តើមយកមេដាយជូនប្រទេសជាតិ ៕
អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់