សៀវភៅគុនល្បុក្កតោនឹងត្រូវបោះពុម្ពជាភាសាអង់គ្លេសបន្ថែមទៀត!

នូ មករា July 6, 2017


ភ្នំពេញ៖ លោកវ៉ាត់ ចំរើន ដែលជាស្ថាបនិកដ៏សំខាន់នៃសៀវភៅគុនល្បុក្កតោនោះបានអះអាងថាសៀវភៅគុនល្បុក្កតោដែលទើបតែបោះពុម្ពជាភាសាខ្មែរចំនួន ៥.០០០ក្បាលនោះនឹងត្រូវបោះពុម្ពជាភាសាអង់គ្លេសបន្ថែមទៀតដើម្បីឲ្យបរទេសគេបានស្គាល់ហើយគេអាចជាវយកទៅហាត់រៀនដោយខ្លួនឯងបាន ។

សៀវភៅគុនល្បុក្កតោដែបោះពុម្ពជាភាសាខ្មែរនោះមាន ២០៤ទំព័រ និង ២២ជំពូកដែលក្នុងនោះមានពាក្យ និងចលនាថ្វាយបង្គំបួងសួងបុព្វបុរសគុនល្បុក្កតោ ចលនាកម្តៅសាច់ដុំ ចលនាការពារ ក្បាច់ដួល ក្បាច់លោតរំលង មេគុនកែង មេគុនដៃ មេគុនជើង មេគុនជង្គង់ មេគុនជើងក្បាច់អង្គុយទាត់ ជំហរឃុំនៃក្បាច់គុនល្បុក្កតោ ជំហរសត្វ និងដំណើរសត្វ មេគុនទា មេគុនសេះ មេគុននាគ មេគុនក្ដាម មេគុនបក្សី ក្បាច់លោតទ្វារ ចលនាដើរយ័ន្ត ៤ទិស ក្បួនសមាធិ លំហាត់ថ្វាយបង្គំគ្រូ(ឥន្ធនូលេងទឹក) និង លំហាត់ទ្វារគុន (ព្រលឹងល្បុក្កតោ) ។

លោកវ៉ាត់ ចំរើនពន្យល់ថាទោះបីអ្វីៗត្រូវបកប្រែជាភាសាអង់គ្លេសក៏ពិតមែនតែចំនួនទំព័រ ខ្លឹមសារ ឬ អត្ថន័យគឺនៅរក្សាដដែល ទាំងរូបភាពក៏នៅរក្សាដដែលដែរគឺគ្រាន់តែប្ដូរភាសាប៉ុណ្ណោះ ។ សូមបញ្ជាក់ថា ការបោះពុម្ពជាភាសាខ្មែរចំនួន ៥.០០០ក្បាលនេះបានការជួយឧបត្ថម្ភពីមូលនិធិបេតិកភ័ណ្ឌវប្បធម៌កូរ៉េ (Korea Cultural Heritage Foundation) ចំនួន ៣.០០០ដុល្លារក្រៅពីនេះគឺជាថវិការបស់ឯកឧត្តមវ៉ាត់ ចំរើនដែលការបោះពុម្ពសរុបអស់ប្រាក់ប្រមាណជាជាង ១០.០០០ដុល្លារអាមេរិក ។ សៀវភៅគុនល្បុក្កតោនេះលក់ចេញក្នុងមួយក្បាលតម្លៃ១០ដុល្លារ ឬ ៤០.០០០រៀល។ តម្លៃនេះគឺសហព័ន្ធបានផលចំណេញតិចតួចណាស់តែសហព័ន្ធត្រូវលះបង់ដើម្បីជាការផ្សព្វផ្សាយនូវក្បាច់គុនដែលជាមរតករបស់ដូនតាដើម្បីកុំឲ្យបាត់បង់ ។

គួរបញ្ជាក់ដែរថា វណ្ណកម្មនេះបានលេចចេញជារូបរាងដោយការខិតខំរួមគ្នារបស់លោកសាន គឹមស៊ានដែលជាគ្រូគុនល្បុក្កតោកម្រិតក្រមាមាស លោកវ៉ាត់ ចំរើន បណ្ឌិតស៊ន សំណាង និង បណ្ឌិតឌី ខាំបូលី ព្រមទាំងបុគ្គលមួយចំនួនទៀតដែលសុទ្ធតែជាអ្នកស្រលាញ់គុនល្បុក្កតោខ្មែរ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់