អ្នកគ្រូបង្វឹកភ្នំពេញក្រោនម្នាក់ទៀតនឹងចូលរួមវគ្គបណ្តុះបណ្តាលនៅប្រទេសជប៉ុន

នូ មករា July 6, 2017


ភ្នំពេញ៖ យោងតាមការប្រកាសរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានឲ្យដឹងថា អ្នកគ្រូបង្វឹកបាល់ទាត់ម្នាក់ទៀតរបស់ក្លឹបមួយនេះទើបតែទទួលបានការអញ្ជើញជាផ្លូវការដើម្បីចូលរួមក្នុងវគ្គបណ្តុះបណ្តាលមួយនៅក្នុងប្រទេសជប៉ុន ខណៈដែលកញ្ញាឈឿន នីផា ដែលជាគ្រូបង្វឹកថ្នាលយុវជនរបស់ភ្នំពេញក្រោនដែរនោះទើបតែវិលត្រលប់មកពីទីក្រុងសៀងហៃជាទីដែលកញ្ញាបានចូលរួមក្នុងវគ្គសិក្សាដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាសុី ។

សេចក្តីប្រកាសព័ត៌មាននេះបានបញ្ជាក់ថា អ្នកគ្រូ ហួត គឹមហុង ដែលជាគ្រូបង្វឹកក្រុម Community U-16 Elite ត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធី 2nd JFA Women’s International Coaching Course ក្នុងនាមជាអ្នកតំណាងឲ្យប្រទេសកម្ពុជា ខណៈដែលវគ្គបណ្តុះបណ្តាលនេះនឹងត្រូវធ្វើឡើងនៅទីក្រុង Osaka នៃព្រះរាជាណាចក្រជប៉ុនចាប់ពីថ្ងៃទី១១ ដល់ទី១៦ ខែកក្កដានេះ ។

សូមបញ្ជាក់ថា គ្រូបង្វឹករូបនេះជាអតីតសមាជិកក្រុម Mighty Girl នៃអង្គការ SALT Academy ដែលមានមូលដ្ឋាននៅក្នុងខេត្តបាត់ដំបង និងកំពុងកាន់សញ្ញាបត្រគ្រូបង្វឹក AFC C-Licence ផងដែរ ។ នៅក្នុងវគ្គសិក្សានេះ អ្នកគ្រូនឹងបង្ហាញវត្តមានជាមួយសិក្ខាកាមដទៃទៀតមកពី ១៩ប្រទេសដែលសុទ្ធតែជាសមាជិកសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាសុី ដើម្បីទទួលបានការបណ្តុះបណ្តាលបន្ថែមទៀតលើបច្ចេកទេសនៃកីឡាបាល់ទាត់ ក៏ដូចជាការចែករំលែកបទពិសោធន៍ល្អៗក្នុងគោលដៅពង្រឹងការអភិវឌ្ឍន៍សមត្ថភាពស្ត្រីក្នុងវិស័យកីឡាបាល់ទាត់នៃប្រទេសនីមួយៗ ។ ជាងនេះទៅទៀត ក្នុងវ័យត្រឹមតែ ១៩ឆ្នាំ កញ្ញាហួត គឹមហុង នឹងក្លាយជាអ្នកចូលរួមដែលមានវ័យក្មេងជាងគេបំផុតនៅក្នុងវគ្គបណ្តុះបណ្តាលនេះ ៕

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត