លោកថោង ខុន៖ គុនខ្មែរត្រូវយកមេដាយឱ្យបានច្រើនក្នុងព្រឹត្តិការណ៍សុីហ្គេមឆ្នាំនេះ!

នូ មករា July 6, 2017


ភ្នំពេញ៖ ក្នុងដំណើរចូលរួមការប្រកួតកីឡាស៊ីហ្គេមជាលើកដំបូងនៅប្រទេសម៉ាឡេស៊ីនាខែសីហាខាងមុខនេះ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោកថោង ខុន បានលើកទឹកចិត្តឲ្យអត្តពលិកគុនខ្មែរទាំងអស់ត្រូវប្រឹងប្រែងដណ្ដើមយកមេដាយឲ្យបានច្រើនដើម្បីបង្ហាញពីក្បាច់គុនដែលមានពីឬសសគល់ពីដូនតាខ្មែរ និងដែលមានភស្តុតាងជាចម្លាក់តាមជញ្ជាំងប្រាសាទបុរាណនានាជាតឹកតាងស្រាប់ដល់អន្តរជាតិឲ្យបានដឹង និងស្គាល់កាន់តែច្បាស់ថែមទៀត ។

លោកបានមានប្រសាសន៍បែបនេះទៀតថា៖ «ក្នុងនាមយើងជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នឹងជាម្ចាស់ដើមរបស់ក្បាច់គុនមួយនេះចាំបាច់ត្រូវប្រជែងយកមេដាយមាសឲ្យបានច្រើនលើវិញ្ញាសានេះដើម្បីបង្ហាញនូវអត្តសញ្ញាណជាតិក្បាច់គុនខ្មែរបើទោះបីយើងចូលរួមនៅក្នុងការប្រកួតស៊ីហ្គេមនៅប្រទេសផ្សេងទៀតក៏ដោយ។ ជាពិសសេស ខ្ញុំចង់ឃើញកីឡាករប្រដាល់គុនខ្មែរស្ពាយមេដាយមាសពីព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី យកមកបង្ហាញថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរឲ្យឃើញពីសមត្ថភាពក្នុងនាមប្រភេទកីឡាប្រពៃណីដ៏ពេញនិយម និងល្បីល្បាញបំផុតក្នុងប្រទេសកម្ពុជា ។»

លោកប្រធាន NOCC បានមានប្រសាសន៍បន្ថែមថា៖ «តាមរបាយការណ៍របស់លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរឃើញថា ប្រដាល់គុនខ្មែរ មានសកម្មភាពខ្លាំងព្រោះក្នុងមួយសប្តាហ៍មាន ១២កម្មវិធីនៅតាមស្ថានីយទូរទស្សន៍ឯកជនក្នុងស្រុក ក្នុងនោះក៏មានការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិហូរហែផងដែរ ។ ម្យ៉ាងវិញទៀត ប្រដាល់គុនខ្មែរប្រជាពលរដ្ឋខ្មែរពេញនិយមខ្លាំងណាស់។» ជាមួយគ្នានោះដែរលោកតែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានឲ្យដឹងថា ក្រុមកីឡាករប្រដាល់គុនខ្មែរដែលត្រូវបញ្ជូនទៅចូលរួមប្រកួតស៊ីហ្គេមនៅម៉ាឡេស៊ីមាន ៥នាក់គឺកីឡាករ ម៉ឺន សុភា លើប្រភេទទម្ងន់ ៧១គីឡូក្រាម, កីឡាករមឿន សុខហុច ប្រភេទទម្ងន់ ៦៧គីឡូក្រាម, កីឡាករ វ៉ាន់ វឿន ហៅ សុខ ទូ ប្រភេទទម្ងន់ ៥៤គីឡូក្រាម, កីឡាករ ឡៅ ចិត្រា ទម្ងន់ ៥៧គីឡូក្រាម និងកីឡាករ ឃឹម ឌីម៉ា ទម្ងន់ ៦៣.៥គីឡូក្រាម ។ លោកបានបញ្ជាក់បន្ថែមថា បច្ចុប្បន្នសហព័ន្ធក៏បានរៀបចំកីឡាករបម្រុងចំនួន ៥នាក់ផ្សេងទៀតសម្រាប់ឲ្យពួកគេហ្វឹកាហាត់សមជាមួយគ្នាដើម្បីជំរុញបន្ថែមនូវ សមត្ថភាពតាមកម្មវិធីហ្វឹកហាត់ឲ្យគុណផលប្រសើរឡើងឈានឆ្ពោះទៅប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ ឆ្នាំនេះ ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត