អ៊ុំ វិចិត្រ សារភាពថាធ្លាប់អន់ចិត្តនឹងប្អូនប្រុស ប៉ុន្ដែមិនអាចធ្វើអ្វីក្រៅពីជូនពរ!

នូ មករា July 6, 2017


ភ្នំពេញ៖ អតីតអ្នកចាំទីឆ្នើម អ៊ុំ វិចិត្រ បានសម្ដែងការសោកស្ដាយជាខ្លាំង ចំពោះការបាត់បង់ឱកាសជាប់ជម្រើសដំបូងនៅក្លឹបក្រសួងការពារជាតិ បន្ទាប់ពីតំណែងដ៏សំខាន់មួយនេះត្រូវបានគ្រូបង្វឹកប្រគល់ជូនប្អូនប្រុសរបស់ខ្លួន គឺកីឡាករ អ៊ុំ សេរីរ័ត្ន ។ ការធ្លាក់មកឈរកៅអីបម្រុងពេលនេះ វិចិត្រ បានបង្ហើបថា ខ្លួនធ្លាប់អន់ចិត្តនឹងប្អូនប្រុសដែរ ប៉ុន្ដែមិនអាចធ្វីអ្វីបានឡើយព្រោះជាបងប្អូនឈាមតែមួយទៅហើយ ។


ក្រោយបញ្ចប់ការប្រកួតពានរង្វាន់ Hun Sen Cup ដំណាក់កាលទី៤ កាលពីពេលថ្មីៗកន្លងទៅ វិចិត្រ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្រោយជាពីរបួស បច្ចុប្បន្នខ្លួនកំពុងខិតខំហ្វឹកហាត់ ដើម្បីឈានទៅពង្រឹងសមត្ថភាពឲ្យបានដូចដើម ។ តែយ៉ាងណាខ្លួនប្រហែលជាមិនអាចស្វែងរកកៅអីជម្រើសដំបូងនៅក្លឹបក្រសួងការពារជាតិបានទេ ដោយសារខ្លួនបានដឹងពីសមត្ថភាពប្អូនប្រុស អ៊ុំ សេរីរ័ត្ន មានកម្រិតខ្ពស់ជាង ។


អ្នកចាំទីរូបនេះ បានសង្កត់ធ្ងន់ថា៖ «ដោយសារតំណែងអ្នកចាំទីក្រសួងការពារជាតិ ត្រូវក្ដាប់ណែនដោយប្អូនបង្កើតនោះ ខ្លួនក៏មានអារម្មណ៍អន់ចិត្តខ្លះដែរ ប៉ុន្ដែដោយសារនេះជាជម្រើសដ៏ល្អក្នុងវិស័យបាល់ទាត់ ដែលក្លឹបនីមួយៗ ត្រូវការកីឡាករជម្រើសដំបូងល្អៗ ដើម្បីប្រជែងជ័យជម្នះនោះ ខ្លួនគ្មានអ្វី ក្រៅពីការជូនពរឲ្យប្អូន អ៊ុំ សេរីរ័ត្ន ធ្វើបានកាន់តែល្អ ដើម្បីរក្សាកៅអីក្រុមជម្រើសជាតិ គ្រាដែលខ្លួននឹងចាកចេញដើម្បីស្វែងរកឱកាសថ្មី ។»
អ៊ុំ វិចិត្រ បានប្រកាសថា បន្ទាប់ពីចប់រដូវកាលឆ្នាំ២០១៧ ខ្លួនអាចនឹងចាកចេញពីក្លឹបក្រសួងការពារជាតិ ទៅកាន់ក្លឹបសមាជិកលីគកំពូលកម្ពុជាណាមួយ ទោះបីក្នុងលក្ខខណ្ឌខ្ចីជើងក៏ដោយ ព្រោះខ្លួនមិនចង់ឈរនៅកៅអីបម្រុងទៀតឡើយ ម្យ៉ាងការចាកចេញនោះ ដោយសារគេចង់អភិវឌ្ឍន៍សមត្ថភាពខ្លួនឲ្យបានល្អប្រសើរដូចមុនឡើងវិញ ដើម្បីឈានទៅការស្វែងរកកៅអីអ្នកចាំទីក្រុមជម្រើសជាតិជាថ្មីផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត