មាស ច័ន្ទមាន និង រឿម វណ្ណៈ នរណានៅនរណាទៅ ?

នូ មករា June 28, 2017


ភ្នំពេញ៖ ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់ ៦៣,៥០គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍នារសៀលថ្ងៃទី១ ខែកក្កដានេះបានឈានដល់ការប្រកួតបញ្ចប់វគ្គវិលជុំសន្សំពិន្ទុហើយ ។ អ្នកប្រដាល់កម្ពុជា ២ រូបដែលត្រូវប្រជែងគ្នាដណ្ដើមកៅអីជាមួយអ្នកប្រដាល់ថៃនោះគឺមាស ច័ន្ទមាន មកពីសមាគមប្រដាល់ក្រសួងការពារជាតិ និង រឿម វណ្ណៈ មកពីក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យ ។ រឿម វណ្ណៈ ត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃផ្លាយ ណយ (Phlay Noy) ដែលជាគូប្រកួតដ៏តឹងតែងមួយហើយនរណាក៏គេគិតថាវណ្ណៈមិនអាចទៅរួចជាមួយផ្លាយ ណយបានដែរ ។ វណ្ណៈដែលមានប្រវត្តិប្រកួតចំនួន៧៤ដង ឈ្នះ ៥៥ដង ចាញ់ ១៨ដង និងស្មើពិន្ទុ ១ដងនោះនៅក្នុងព្រឹត្តិការណ៍នេះ ៣ ប្រកួតរបស់គេឈ្នះបាន ១ ប្រកួត និង ចាញ់ ២ប្រកួត ។ ជ័យជំនះមួយប្រកួតរបស់វណ្ណៈគឺបានមកដោយការវាយប្ដូរទាំងប្រថុយប្រថានតែប៉ុណ្ណោះព្រោះក្រៅពីប្ដូរកែងនោះគេហាក់ដូចជាគ្មានអ្វីពិសេសដើម្បីយកឈ្នះគូប្រកួតឡើយ ។

 

ចំពោះអ្នកប្រដាល់ថៃផ្លាយ ណយ វិញនោះគេជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលកំពុងតែតាំងចិត្តថានឹយកខ្សែក្រវាត់នេះឲ្យខាងតែបាន ។ ផ្លាយ ណយ មានប្រវត្តិប្រកួតចំនួន ៧១ដង ឈ្នះ ៥៨ដង ចាញ់ ១២ដង និងស្មើពិន្ទុ ១ដង ។ នៅក្នុងព្រឹត្តិការណ៍នេះ ៣ ប្រកួតរបស់គេឈ្នះ ២ ប្រកួត និងចាញ់ ១ ប្រកួតប៉ុណ្ណោះ ។ សម្រាប់គូនេះប្រសិនបើវណ្ណៈមានសំណាងឈ្នះផ្លាយ ណយនោះគេនឹងមានឱកាសអាចបានឡើងប្រកួតវគ្គពាក់កណ្ដាលផ្ដា់ព្រ័ត្រ ប៉ុន្តែបើចាញ់វិញគឺត្រូវវេចបង្វិចទៅផ្ទះហើយ ។

ចំពោះមាស ច័ន្ទមាន វិញត្រូវជួបជាមួយអ្នកប្រដាល់ថៃឡាក់ ឡាយ (Lack Lay) ដែលជាអ្នកប្រដាល់ដែលអន់ជាងគេទាំងអស់ក្នុងព្រឹត្តិការណ៍នេះ ។ ការប្រកួតនេះនរណាក៏មានជំនឿចិត្តថា ច័ន្ទមាននឹងឈ្នះឡាក់ ឡាយ ដែរតែបើគេហ៊ានមើលស្រាលគូប្រកួតនោះច្បាស់ជាស៊យធំហើយ ។ច័ន្ទមានដែលមានប្រវត្តិប្រកួតចំនួន ១២២ដង ឈ្នះ ៩២ដងនោះចាញ់ ២៧ដងស្មើពិន្ទុ ៣ដង ។ សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់នេះច័ន្ទមានឈ្នះបាន ១ប្រកួតនិង ចាញ់ ២ប្រកួត ។ ចំពោះឡាក់ ឡាយ វិញមានប្រវត្តិប្រកួតចំនួន ៦៨ដង ឈ្នះ ៥០ដងចាញ់ ១៦ដង និងស្មើពិន្ទុ ២ដង ។ ក្នុងព្រឹត្តិការណ៍នេះ ៣ ប្រកួតរបស់ ឡាក់ ឡាយ គឺចាញ់ទាំង ៣ ប្រកួតតែម្តង ។ ចាំមើលតើការប្រកួតចុងក្រោយនេះឡាក់ ឡាយ អាចរកជ័យជម្នះបានដែរឬទេ ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត