សហព័ន្ធហែលទឹកពិភពលោកតម្រូវឲ្យកម្ពុជារៀបចំព្រឹត្តិការណ៍ FINA World Aquatics Day

នូ មករា June 28, 2017


ភ្នំពេញ៖ ឆ្នាំ២០១៧ នេះគឺជាឆ្នាំដំបូងហើយដែលសហព័ន្ធហែលទឹកអន្តរជាតិ (FINA) តម្រូវឲ្យសហព័ន្ធជាសមាជិកទាំងអស់រៀបចំទិវាអបអរសាទរចលនាហែលទឹក (FINA World Aquatics Day) ។ ថ្លែងក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី២៨ ខែមិថុនានេះនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោកហែម គីរី អគ្គលេខាសហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ជាក់ឲ្យដឹងថាសហព័ន្ធពិភពលោកបានតម្រូវឲ្យសហព័ន្ធដែលជាសមាជិកទាំងអស់រៀបចំទិវានេះដើម្បីជាការផ្សព្វផ្សាយដើម្បីឲ្យប្រជាជន យុវវ័យ កុមារចូលរួមហែលទឹកនៅក្នុងទិវានេះ ដែលហេតុផលនៃការរៀបចំនោះគឺចង់ឲ្យមនុស្សទាំងអស់រៀនពីការហែលទឹក និងរៀនពីការរស់នៅ ។ ការចេះហែលទឹកវាមិនមែនជារបត់ជីវិតនោះទេតែវាជារឿងចាំបាច់ដើម្បីសង្គ្រោះខ្លួនឯងពីគ្រោះថ្នាក់នៃការលង់ទឹកនៅពេលធ្វើដំណើរតាមផ្លូវទឹក ឬអាចជួយសង្គ្រោះដល់អ្នកលង់ទឹកទៀតផង ។ ចេះហែលទឹកគឺស្រឡាញ់ជីវិត ចេះហែលទឹកគឺធ្វើឲ្យជីវិតរស់នៅបានល្អប្រសើរជាងមុន ។

កម្ពុជានឹងរៀបចំព្រឹត្តិការណ៍នេះរយៈពេល ២ ថ្ងៃគឺថ្ងៃទី១ ខែកក្កដានៅក្លិបកីឡាការ៉ាកុល និងនៅថ្ងៃទី២ ខែកក្កដានៅមជ្ឈមណ្ឌកីឡាហែលទឹកមរតកតេជោនាខេត្តកំពង់ចាម ។ នេះជាលើកទី១ ហើយដែលសហព័ន្ធអន្តរជាតិរៀបចំព្រឹត្តិការណ៍នេះដោយគ្រាន់តែពេលវេលារៀបចំវាអាស្រ័យដោយសាមីប្រទេសជាអ្នកកំណត់ ។ សម្រាប់ប្រទេសណាដែលមិនរៀបចំព្រឹត្តិការណ៍ FINA World Aquatics Day នេះទេ សហព័ន្ធអន្តរជាតិនឹងមិនអនុញ្ញាតឲ្យចូលរួមប្រកួតជម្រុះ (Quqlifie) សម្រាប់ការចូលរួមប្រកួតកីឡាអូឡាំពិកឡើយ ។ បើតាមការឲ្យដឹងបន្ថែមពីលោកអគ្គលេខាធិការនោះថា ព្រឹត្តិការណ៍បែបនេះលោកគ្រោងនឹងរៀបចំនៅតាមតំបន់នានានៃប្រទេសកម្ពុជា ។ លោកចាត់ទុកថាវាមិនត្រឹមតែបង្រៀនមនុស្សឲ្យចេះហែលទឹកប៉ុណ្ណោះទេតែសហព័ន្ធអាចរកបានអ្នកបន្តវេនវ័យក្មេងៗទៀតផង ។

គួរបញ្ចាក់ថាសម្រាប់ឆ្នាំនេះការប្រកួតហែលទឹកជើងឯកពិភពលោកនឹងធ្វើនៅទីក្រុងប៊ុយដាប៉េស្ត ប្រទេសហុងគ្រីពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែកក្កដា ខាងមុខ ។ ជាមួយនឹងការប្រកួតជើងឯកពិភពលោកនេះក៏នឹងមានការធ្វើមហាសន្និបាតជ្រើសរើសសមាជិកប្រតិបត្តិថ្មីរបស់សហព័ន្ធអន្តរជាតិទៀតផង ។ ព្រឹត្តិការណ៍ជើងឯកពិភពលោកនេះកម្ពុជាបញ្ជូនកីឡាករ ២រូបមកពីខេត្តកំពង់ចាមដែលកំពុងហាត់ក្នុងក្រុមជម្រើសជាតិគឺចេង ពិរោទ ដែលហែលចម្ងាយ ៥០ម៉ែត្ររបៀបផ្ងារ និង សេរី, កីឡាករធឿន ចាន់ថុល ដែលហែលវិញ្ញាសា ៥០ម៉ែត្រមេអំបៅ និង ១០០ម៉ែត្រសេរី ។ ចំពោះកីឡាការិនីហែមថុន វិទិនី ដែលចូលរួមដែរនោះនឹងប្រកួតលើវិញ្ញាសា ៥០ម៉ែត្ររបៀបសេរី និង ៥០ម៉ែត្ររបៀបមេអំបៅ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់