អត្តពលិកកម្ពុជា ១៧០នាក់ត្រៀមដណ្តើមមេដាយសុីហ្គេមនៅម៉ាឡេសុីក្នុងខែសីហានេះ

នូ មករា June 28, 2017


ភ្នំពេញ៖ ខណៈ ដែលព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី កំពុងខិតចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ពោលគឺចាប់ពីថ្ងៃទី១៥-៣០ ខែសីហា នោះ លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រកាសជាផ្លូវការថា៖ «កម្ពុជាបានសម្រិតសម្រាំងអត្តពលិករួចរាល់ហើយ ដែលមានកីឡាករចំនួន ១៤៤នាក់ កីឡាការិនីចំនួន ២៦នាក់ ព្រមទាំងគ្រូបង្វឹក ថ្នាក់ដឹកនាំសរុប ចំនួន ២៧៥ នាក់សម្រាប់ចូលរួម និងត្រៀមប្រកួតដណ្ដើមមេដាយមកជូនជាតិ ។

សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ីនេះកម្ពុជា បានត្រៀមប្រភេទកីឡាចំនួន ២៤ក្នុងចំណោម ៣៨ប្រភេទ ដែលក្នុងនោះប្រដាល់គុនខ្មែរទើបតែទទួលបានឱកាសបានចូលប្រកួតជាលើកដំបូងដែលគេហៅថា ‘ មួយ ’។ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម នាខែសីហាខាងមុខនេះ លោកវ៉ាត់ ចំរើន នៅតែកាន់គោលជំហរខ្ពស់ក្នុងការរក្សាចំណាត់ថ្នាក់ឈរពីលើប្រទេសឡាវឲ្យបាន ព្រោះវាជាគោលដៅរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញផែនការ “៤ឆ្នាំរំកិល” របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាទទួលបានផ្លែផ្កា សម្រាប់ធ្វើដើមទុនឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមវិញម្ដងនៅឆ្នាំ២០២៣ ខាងមុខ ។

លោកបានរំលឹកថា កាលពីឆ្នាំ២០១៥ កន្លងទៅ ថ្វីបើមេដាយអត្តពលិកកម្ពុជាដណ្ដើមបានមានការធ្លាក់ចុះ ប៉ុន្តែកម្ពុជាបានបង្កើតប្រវត្តិសាស្ត្រថ្មីមួយ ដោយដណ្ដើមបានចំណាត់ថ្នាក់លេខ៨ ក្នុងចំណោម ១១ប្រទេស រួមទាំងឈរលើប្រទេសឡាវទៀតផង។ គួរបញ្ជាក់ផងដែរថា កាលពីស៊ីហ្គេមឆ្នាំ២០១៥ នៅសិង្ហបុរីកម្ពុជាដណ្ដើមបានមេដាយសរុប ១៥គ្រឿង ដើម្បីឈរចំណាត់ថ្នាក់លេខ៨ លើប្រទេសឡាវក្នុងនោះរួមមានមេដាយមាស១ មេដាយប្រាក់៥ និងមេដាយសំរឹទ្ធ៩ ប៉ុន្តែបើធៀបទៅនឹងស៊ីហ្គេមឆ្នាំ២០១៣ នៅមីយ៉ាន់ម៉ាគឺមានការធ្លាក់ចុះច្រើន ព្រោះកាលនោះកម្ពុជាដណ្ដើមបានមេដាយដល់ទៅ ៤៧គ្រឿង រួមមានមេដាយមាស៨, មេដាយប្រាក់១១ និងមេដាយសំរឹទ្ធ២៨ គ្រឿងឯណោះ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់