ថៃ និង ហ្វីលីពីន គឺជាឧបសគ្គរបស់អ្នកប្រដាល់សកលកម្ពុជានៅសុីហ្គេមឆ្នាំនេះ

នូ មករា June 22, 2017


ភ្នំពេញ៖ ក្នុងរយៈពេលប្រមូលផ្ដុំក្រុមជម្រើសជាតិគ្រប់ប្រភេទកីឡាដែលទទួលបានសិទ្ធិចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ឆ្នាំ២០១៧នោះ មានកីឡាករខ្លះចេញទៅធ្វើការហ្វឹកហាត់នៅក្រៅប្រទេស ខ្លះទៀតហ្វឹកហាត់នៅក្នុងស្រុកយ៉ាងស្វាហាប់បំផុត ដើម្បីយកមុខមាត់ជូនប្រទេសជាតិពីការប្រកួតស៊ីហ្គេមនាឆ្នាំនេះ ។

ទន្ទឹមនឹងនេះ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សាកលកម្ពុជាលោក ប៊ួយ សុភ័ណ្ឌ បានមានប្រសាសន៍ថា៖ «ការប្រកួតស៊ីហ្គេមឆ្នាំនេះ យើងមានឧបសគ្គ ២ដែលរារាំងកីឡាករកម្ពុជាក្នុងការប្រកួតជម្រុះដំបូង ពោលគឺបើសិនជាកម្ពុជា ចាប់ឆ្នោតប៉ះកីឡាករប្រដាល់សកលរបស់ប្រទេសថៃ និង ហ្វីលីពីន នឹងលំបាកបន្តិចព្រោះគេមានកម្រិតខ្ពស់ជាងយើង ។» លោកបន្តថា៖ «កីឡាករទាំង ៥រូបដែលសហព័ន្ធនឹងបញ្ជូនទៅប្រកួតនៅស៊ីហ្គេមនោះសុទ្ធសឹងជាកីឡាករដែលមានទេពកោល្យល្អក្នុងចំណោមកីឡាករដ៍ទៃទៀត ហើយកន្លងមកពួកគេក៏ធ្លាប់បានឡើងវាយនៅលើសង្វៀនតាមប៉ុសិ៍្តទូរទស្សន៍ផងដែរ ។»

លោកបានបន្ថែមថា បើតាមការហ្វឹកហាត់អស់ជាច្រើនឆ្នាំកន្លងមកនេះ លោកសង្កេតឃើញថាសមត្ថភាពរបស់កីឡាករកម្ពុជាមានការកើនឡើងខ្ពស់ បើប្រៀបធៀបជាមួយនឹងកីឡាករនៃប្រទេសក្នុងតំបន់អាស៊ាន ។ យ៉ាងណាក៏ដោយ មកដល់ពេលនេះលោកមិនទាន់កំណត់ច្បាស់ថានឹងទទួលមេដាយក្នុងកម្រិតណាមួយនោះទេ ប៉ុន្តែលោកសង្ឃឹមថានឹងមានឱកាសដណ្តើមមេដាយមាសដើម្បីកែប្រែប្រវត្តិសាស្ត្ររបស់កម្ពុជាដែលខកខានឈ្នះមេដាយមាសអស់ជាច្រើនឆ្នាំពោលគឺជាង ៤០ឆ្នាំមកហើយ។ ទោះបីយ៉ាងណា អគ្គលេខាធិការនៃសហព័ន្ធប្រដាលសកលដែលទើបកាន់តំណែងថ្មីម្នាក់នេះ មានសង្ឃឹមខ្ពស់ទៅលើកីឡាករ ហ្វីលីប ម៉ាទីន ដែលនឹងប្រកួតលើប្រភេទទម្ងន់ ៨១គីឡូក្រាម និងជាប្រភេទគីឡូធ្ងន់ជាងគេនៅស៊ីហ្គេម ។ ដោយប្រភេទទម្ងន់នេះនៅក្នុងតំបន់អាស៊ានកម្ពុជា មានប្រៀបឈ្នះមេដាយខ្ពស់ជាងគេបើទោះបីជាប្រទេសថៃ និងហ្វីលីពីន មានកម្រិតខ្ពស់ក៏ដោយ ហើយក្នុងវិញ្ញាសានេះដែលប្រទេសទាំងពីរនេះក៏មិនមែនជាឧបសគ្គខ្លាំងណាស់ណារបស់កម្ពុជាដែរ ។

គួរបញ្ជាក់ផងដែរថា ការប្រកួតកីឡាស៊ីហ្គេមនៅទីក្រុងកូឡាឡាំពួរនឹងចាប់ផ្តើមពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ ខណៈដែលចំពោះប្រភេទកីឡាប្រដាល់សកលនឹងមានកីឡាករ ៥រូបដោយក្នុងនោះមានកីឡាករ សាន្ដ តុលា ប្រកួតលើភេទទម្ងន់ ៤៩គីឡូក្រាម, កីឡាករ ហុក រ៉ាម៉ន ប្រកួតប្រភេទទម្ងន់ ៥២គីឡូក្រាម, កីឡាករ ណាត់ សៀកនិន ប្រកួតប្រភេទទម្ងន់ ៥៦គីឡូក្រាម, កីឡាករ ផល សោភ័ណ្ឌ ប្រកួតប្រភេទទម្ងន់ ៦៤គីឡូក្រាម និងកីឡាករ ហ្វីលីប ម៉ាទីន ប្រកួតលើប្រភេទទម្ងន់ ៨១គីឡូក្រាម ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត