គុនដាវកម្ពុជា ឈ្នះមេដាយ ៤ គ្រឿងពីសិង្ហបុរី តែបរាជ័យនៅហុងកុង

នូ មករា June 20, 2017


ភ្នំពេញ៖ បន្ទាប់ពីបានចំណាយពេលជាង ៥ថ្ងៃនៅក្នុងការប្រកួតជ្រើសរើសជើងឯកកីឡាគុនដាវទ្វីបអាសុីរួចមក ជាលទ្ធផលកីឡាករកម្ពុជា ឃីម សាមាន ដែលបានចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍នេះមិនបានទទួលមេដាយអ្វីនោះទេ ។

 

យ៉ាងណាក៏ដោយ ក្រុមអត្តពលិកគុនដាវកម្ពុជាមួយក្រុមទៀតដែលកំពុងតែស្ថិតនៅក្នុងប្រទេសសិង្ហបុរីឯណោះវិញទើបតែដណ្តើមបានមេដាយសំរិទ្ធ ៤គ្រឿងពីព្រឹត្តិការណ៍ប្រកួតកីឡាគុនដាវជ្រើសរើសជើងឯកសកលវិទ្យាល័យអាស៊ាននៅប្រទេសសិង្ហបុរី ដោយមានតំណាងអត្តពលិកតាមសកលវិទ្យាល័យ ចំនួន ១១ ប្រទេសក្នុងតំបន់អាសុីអាគ្នេយ៍ចូលរួម។

អគ្គលេខាធិការសហព័ន្ធកីឡាគុនដាវកម្ពុជា លោកសុខ អាង បានឱ្យដឹងថា ក្រោយពីកីឡាករគុនដាវកម្ពុជា ១រូបចាញ់ ដោយទទួលបានត្រឹមបទពិសោធន៍ដ៏ល្អពីព្រឹត្តិការណ៍ប្រកួតកីឡាគុនដាវជ្រើសរើសជើងឯកអាស៊ីនៅទីក្រុងហុងកុង ប្រទេសចិន ដែលទើបនឹងបញ្ចប់កាលពីថ្ងៃទី២០ ខែមិថុនាម្សិលមិញនោះ ក្រុមកីឡាករគុនដាវមួយក្រុមទៀតដែលបានចេញទៅប្រកួតនៅប្រទេសសិង្ហបុរីស្របគ្នានោះទើបតែដណ្តើមបានមេដាយសំរិទ្ធលើវិញ្ញសាឯកត្តជន ១គ្រឿង និងជាក្រុម ៣គ្រឿង មកជូនជាតិកម្ពុជាពីការប្រកួតជ្រើសរើសជើងឯកកីឡាគុនដាវសកលវិទ្យាល័យអាស៊ីលើកទី១៦ (16th Asian Varsity Fencing Championship) ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧។


លោកបានបន្តថា៖  «អត្តពលិក ៣រូបដែលឈ្នះមេដាយនោះមានកីឡាករ ជីម ធារ៉ា ប្រកួតឈ្នះមេដាយសំរិទ្ធលើវិញ្ញាសាបុរសឯកត្តជនដាវតូច រីឯកីឡាករ ឃឹម សាមាន និងកីឡាករ ថុង តាំងជីន ប្រកួតលើវិញ្ញាសាបុរសក្រុមដាវធំដោយបានឈ្នះមេដាយសំរិទ្ធ ៣គ្រឿងជាក្រុមជាមួយនឹងកីឡាករជីម ធារ៉ា ។

ទាក់ទងនឹងសំនួរដែលសួរថា ហេតុអ្វីបានជាសហព័ន្ធធ្វើការបញ្ជូនអត្តពលិកទៅប្រកួតដណ្ដើមេដាយក្នុងព្រឹត្តិការណ៍កីឡាធំៗ ក្នុងពេលវេលាគៀកគ្នានោះ លោកម៉ី សុភស្រ្ដ ដែលជាគ្រូដឹកនាំចូលរួមការប្រកួតបានឆ្លើយថា៖ «ការចូលរួមលើកនេះ បើទោះជាមានការប្រកួតជាន់គ្នានៅហុងកុងក៏ដោយ ប៉ុន្ដែវិញ្ញាសាប្រកួតត្រូវប្រកួតគឺធ្វើនៅថ្ងៃផ្សេងគ្នា មានន័យថាការប្រកួតនៅហុងកុង កីឡាករឃីម សាមាន ចូលរួមតែវិញ្ញាសាឯកត្តជនដាវធំបុរស ដែលប្រកួតចំថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ អុីចឹងហើយយើងបានធ្វើដំណើរចេញពីទីក្រុងហុងកុង ទៅប្រទេសសិង្ហបូរីនៅយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ ព្រោះការប្រកួតនេះនឹងចាប់ផ្ដើមពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ។

“វាហត់បន្ដិចមែន ប៉ុន្ដែវាក៏ជាបទពិសោធន៍មួយដែលធ្វើឱ្យកីឡាកររូបនេះរៀនចេះបែងចែកពេលវេលា និងគ្រប់គ្រងសិទ្ធផលរបស់ខ្លួន ដើម្បីត្រៀមខ្លួនចូលរួមការប្រកួត ហើយនិងការធ្វើដំណើរក្នុងកាលៈទេសបែបនេះ ។“
ជាមួយគ្នានេះដែលលោក សុខ អាង អគ្គលេខាធិការសហព័ន្ធកីឡាគុនដាវបានបង្ហាញពី ចំណុចសំខាន់២ យ៉ាងដែលធ្វើឱ្យសហព័ន្ធធ្វើការបញ្ជូនកីឡាករចេញទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាធំៗបែបនេះ ។ “កត្តាទី១ ដោយសារយើងធ្លាប់ទទួលបានលទ្ធផលល្អពីការប្រកួតជ្រើសរើសជើងឯកកីឡាគុនដាវសកលវិទ្យាល័យអាស៊ីអាគ្នេយ៍លើកទី១ ក្នុងខែមីនាកន្លងទៅនេះ ដូច្នេះ ការសាកល្បងបច្ចេកទេសកម្រិតខ្ពស់ជាងនេះ គឺជាអ្វីដែលយើងចង់បាន និងដើម្បីត្រៀមខ្លួនឱ្យកាន់តែល្អជាងមុនសម្រាប់ការប្រកួតជើងឯកកីឡាគុនដាវសកលវិទ្យាល័យអាស៊ីអាគ្នេយ៍ឆ្នាំក្រោយ។ ចំណែកឯកត្តាទី២ ជាការធ្វើតេស្ដលទ្ធផលនៃការហ្វឹកហាត់កន្លងមក បន្ទាប់ពីការប្រមូលផ្ដុំនៅដើមឆ្នាំនេះ ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍ ឬកីឡាស៊ីហ្គេមនៅពាក់កណ្ដាលខែសីហាខាងមុខ។ ម៉្យាងវិញទៀត គេមើលឃើញថាប្រទេសសឹង្ហបូរីជាប្រទេសខ្លាំងក្នុងចំណោមប្រទេសទាំង១០ក្នុងតំបន់សម្រាប់ប្រភេទកីឡាគុនដាវ ។ លោកបន្តថា៖ សិង្ហបុរីជាជើងខ្លាំងដែលតែងតែដណ្ដើមយកតំណែងបងធំទី១ ជាមួយវៀតណាមនៅគ្រប់ការប្រកួតកម្រិតអាស៊ីអាគ្នេយ៍ ។ ដូច្នេះ ការចូលរួមប្រកួតខាងលើ នឹងអាចធ្វើឱ្យយើងស្វែងយល់ និងសាកល្បងសមត្ថភាពជាមួយគូប្រកួតខ្លាំង និងសិក្សាយុទ្ធសាស្រ្ដដើម្បីរៀបចំការហ្វឹកហាត់ក្នុងដំណាក់កាលបន្ទាប់សម្រាប់ក្រុមជម្រើសជាតិកម្ពុជាយើង។”

ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត