កីឡាករ-កីឡាការិនីហែលទឹកកម្ពុជា ៣រូបនឹងចេញទៅប្រកួតជើងឯកពិភពលោកនៅហុងគ្រីខែក្រោយ

នូ មករា June 15, 2017


ភ្នំពេញ៖ នៅអំឡុងពាក់កណ្ដាលខែកក្កដាខាងមុខនេះកីឡាករហែលទឹក ២រូប និងកីឡាការិនី ១រូបរបស់កម្ពុជានឹងចាកចេញពីមាតុភូមិឆ្ពោះទៅកាន់ប្រទេសហុងគ្រីដើម្បីចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ប្រកួតហែលទឹកជើងឯកពិភពលោកដែលនឹងវត្តមានរបស់អត្តពលិកជាច្រើនមកពីជុំវិញពិភពលោក។

លោកហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានឲ្យដឹងថា ជាមួយនឹងការចេញទៅប្រកួតនេះលោកក៏ត្រូវចូលរួមមហាសន្និបាតសហព័ន្ធហែលទឹកអន្តរជាតិទៀតផង ។ សម្រាប់ព្រឹត្តិការណ៍នេះនឹងមានប្រទេសជាង ១៩០មកពីគ្រប់ទ្វីបទាំងអស់មកចូលរួម ហើយសម្រាប់អ្នកហែលទឹកកម្ពុជាទាំង ៣រូបដែលទៅចូលរួមនេះមានកីឡាករចេង ពិរោទិ៍ ដែលនឹងត្រូវលេង ២វិញ្ញាសាគឺវិញ្ញាសាហែលផ្ងារ ៥០ម៉ែត្រ និងហែលរបៀបសេរី ៥០ម៉ែត្រ ។ កីឡាករធឿន ថុល លេង ២វិញ្ញាសាដែរគឺវិញ្ញាសាហែលរបៀបមេអំបៅ ៥០ម៉ែត្រ និងហែលរបៀបសេរី ១០០ម៉ែត្រ ។ ចំពោះកីឡាការិនីហែមថុន វិទិនី វិញនោះក៏លេង ២វិញ្ញាសាដែរគឺវិញ្ញាសាហែលរបៀបសេរី ៥០ម៉ែត្រ និងវិញ្ញាសាហែលរបៀបមេអំបៅ ៥០ម៉ែត្រ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់