កីឡាការិិនីចំបាប់វ័យក្មេង ២រូបនឹងទៅបោះជំរុំហ្វឹកហាត់នៅថៃត្រៀមអូឡាំពិកឆ្នាំ២០១៨

នូ មករា June 16, 2017


ភ្នំពេញ៖ ថ្នាក់ដឹកនាំសហព័ន្ធកីឡាចំបាប់កម្ពុជានឹងបញ្ជូនកីឡាការិនីចំបាប់ ២រូបចេញទៅបោះជំរំហ្វឹកហាត់រយៈពេល ១៥ថ្ងៃ នៅប្រទេសថៃពីថ្ងៃទី២៤ ខែមិថុនា រហូតដល់ថ្ងៃទី៨ ខែកក្កដា ក្នុងកម្មវិធីមួយដែលមានឈ្មោះថា «More than Medals 2017» ។ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា លោក ធិន វិចិត្រ បានមានប្រសាសន៍ថា៖ «សហព័ន្ធកីឡាចំបាប់អន្តរជាតិបានផ្តល់អាទិភាពខ្ពស់ដល់ស្ត្រី ហើយកម្ពុជាគឺជាប្រទេសដែលអាចមានឱកាសច្រើនជាងប្រទេសផ្សេងៗទៀតក្នុងការទទួលបានសិទ្ធិអនុគ្រោះនេះ ប៉ុន្តែបន្ទាប់ពីការបោះជំរំនេះទៅ យើងត្រូវចូលរួមការប្រកួតចំបាប់អាយុក្រោម ១៨ ឆ្នាំជ្រើសរើសជើងឯកអាស៊ី ក្នុងខែកក្កដាមួយទៀតដើម្បីបំពេញទៅតាមលក្ខខណ្ឌដែលសហព័ន្ធកីឡាចំបាប់អន្តរជាតិបានកំណត់»។
 
លោកបានបន្ថែមថា៖ «កីឡាការិនីទាំង ២ នាក់ដែលនឹងត្រូវបញ្ជូនទៅបោះជំរំនេះសុទ្ធតែជាអ្នកថ្មីដែលទើបមកហ្វឹកហាត់បាន ៤ ខែប៉ុណ្ណោះ ហេតុនេះការទទួលបានឱកាសទៅចូលរួមបោះជំរំវានឹងផ្តល់ឱកាសឲ្យពួកគេបានហ្វឹកហាត់ និងប្រកួតធ្វើតេស្តជាលក្ខណៈអន្តរជាតិជាមួយអត្តពលិកមកពីជាង ១០ ប្រទេសផ្សេងទៀតដើម្បីទទួលបាននូវបច្ចេកទេសថ្មីៗ ក៏ដូចជាទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាទៀត ហើយអ្វីដែលពិសេសនោះ គឺពួកគេអាចនឹងក្លាយជាបេក្ខភាពដែលទទួលបានសិទ្ធិអនុគ្រោះបានទៅប្រកួតអូឡាំពិកផងដែរ»។
  
គួរបញ្ជាក់ផងដែរថា កីឡាការិនីកម្ពុជាដែលបានទៅចូលរួមធ្វើការហ្វឹកហាត់រយពេល ១៥ថ្ងៃនោះគឺជាកីឡាការិនីដែលមានអាយុទើបតែ ១៧ឆ្នាំឈ្មោះ អាង ស៊ីថូ និងយ៉ុន ដានេ មានដើមកំណើតនៅវិហារសួគ៌ ខេត្តកណ្តាល ហើយសហព័ន្ធកីឡាចំបាប់អន្តរជាតិនឹងទទួលរ៉ាប់រងលើការស្នាក់នៅ ការហូបចុក និងការធ្វើដំណើរទៅមកនៅប្រទេសថៃសម្រាប់ការបោះជំរំរយៈពេល ១៥ ថ្ងៃនេះដោយភាគីកម្ពុជាត្រូវចំណាយលើថ្លៃធ្វើដំណើរពីកម្ពុជាទៅថៃ និងពីថៃមកកម្ពុជាវិញប៉ុណ្ណោះ៕
អត្ថបត៖ ប៉ាវឡុង ជីង

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត