អ្នកប្រដាល់ថៃកាំឡៃ ភីត បំបាក់ឡុង សុភី ទាំងមិនអស់ចិត្តកាលពីម្សិលមិញ

នូ មករា June 12, 2017


ភ្នំពេញ៖ អ្នកប្រដាល់ឡុង សុភី មកពីក្លិបសាលវ័ន្ដកីឡាបានប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ថៃកាំឡៃ ភីត ដោយពិន្ទុទាំងមិនអស់ចិត្តក្នុងការប្រកួតនាព្រឹកថ្ងៃទី១១ ខែមិថុនាម្សិលមិញនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ ។ ពីដំបូងឡើយ ឡុង សុភី បានបង្ហាញពីមហិច្ឆតាក្នុងការផ្តួលកាំឡៃ ភីត ឲ្យសន្លប់ត្រឹមទឹកទី៣ ដើម្បីទទួលបានរង្វាន់បន្ថែម ១.០០០.០០០រៀលថែមទៀត ប៉ុន្តែមិនត្រឹមតែធ្វើមិនបានប៉ុណ្ណោះទេតែថែមទាំងទទួលបរាជ័យទៀតផង ។

គេសង្កេតឃើញថា ស្ទើរពេញមួយប្រកួតនេះ សុភីសម្រុកចូលរហូតតែការវាយចេញច្រើនរបស់គេមិនបានចំគោលដៅឡើយ ។ ចំណែកឯ កំឡៃ ភីត វិញវាយចេញមួយៗតែចំគោលដៅបានល្អពិសេសគេទាត់វិះៗកញ្ចឹងករបស់សុភី ជាញឹកញាប់ទៀតផង មិនតែប៉ុណ្ណោះកណ្ដាប់ដៃអ្នកប្រដាល់ថៃរូបនេះធ្វើឲ្យសុភីរញ្ជួយក្បាលជាញឹកញាប់ ។ សុភីដែលមានស្នៀតជង្គង់ល្អនោះពេលជួបជាមួយអ្នកប្រដាល់ថៃរូបនេះគេបែរជាវាយចេញមិនរួចទៅវិញ ដោយពេលខ្លះគេវាយចូលចិត្តវាយប្រហារជើងក្រោមគូប្រកួតតែជួបជាមួយ កំឡៃ ភីតបន្ទាប់ពីគេសាកល្បងវាយជើងក្រោមមិនបានសម្រេចហើយបែរជាត្រូវគូប្រកួតវាយសងមកវិញនោះធ្វើឲ្យសុភីលែងហ៊ានប្រថុយលេងជើងក្រោមតែម្ដង ។

គួរបញ្ជាក់ថាអ្នកប្រដាល់ថៃរូបនេះធ្លាប់វាយរឿង សោភ័ណ្ឌ មកពីក្លិបម្កុដរាជសីហ៍ឲ្យសន្លប់រួចមកហើយ បន្ទាប់មកធ្លាប់ឈ្នះអ្នកប្រដាល់ជើងខ្លាំងព្រំ សំណាង មកពីក្លិបទ័ពឆ័ត្រយោង៩១១ ក៏ដូចជាធ្លាប់ផ្ដួល សរ រាជសីហ៍ របស់ក្លិបមោងឬស្សីមរតកគុនខ្មែរនៅទឹកទី១ ប៉ុន្តែគេបែរប្រកួតចាញ់កីឡាករអ៊ុង វីរៈ របស់ក្លិបទ័ពឆ័ត្រយោង៩១១ ទៅវិញ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់