កីឡាករកាយសម្ព័ន្ធ សំ រីម បង្កើនសមត្ថភាពអំឡុងពេលសម្ងំហ្វឹកហាត់នៅចិន ខណៈសុីហ្គេមខិតជិតដល់

នូ មករា June 11, 2017


ភ្នំពេញ៖ កីឡាករកាយសម្ព័ន្ធ សំ រីម ដែលបានចេញទៅហ្វឹកហាត់នៅខេត្ត Shan Tou ប្រទេសចិនតាំងពីថ្ងៃទី១០ ខែមេសាមកនោះពេលនេះបានផ្លាស់ប្ដូរមកហ្វឹកហាត់ជាមួយក្រុមជម្រើសខេត្ត Guangdong វិញហើយ ។ លោកណយ ផាណាអគ្គលេខាធិការសហព័ន្ធកីឡាកយសម្ព័ន្ធកម្ពុជាដែលទើបតែត្រឡប់មកពីសួរសុខទុក្ខ និងពិនិត្យមើលការហ្វឹកហាត់របស់កីឡាករសំ រីម បានបញ្ជាក់ថាគេពិតជាមានការរីកចម្រើនយ៉ាងរហ័សមែន ។ ការហ្វឹកហាត់នៅក្រៅប្រទេសក្នុងមជ្ឈមណ្ឌលមួយដែលមានវិន័យតឹងរ៉ឹងនោះសំ រីមមានការរីកចម្រើនទាំងកម្លាំងកាយទាំងកលល្បិច ។ សូមបញ្ជាក់ថា សំ រីម គឺជាកីឡាករកាយសម្ព័ន្ធវិញ្ញាសាអាក់ទីស្ទីកតែម្នាក់គត់របស់កម្ពុជាដែលមានសមត្ថភាពខ្ពស់ជាងគេ ខណៈដែលកីឡាកាយសម្ព័ន្ធមាន ២ ប្រភេទគឺកាយសម្ព័ន្ធអាអេរ៉ូប៊ិក និង អាកទីស្ទីក ប៉ុន្តែអាកទីស្ទីកជាវិញ្ញាសាមួយដែលប្រឈមនឹងគ្រោះថ្នាក់ច្រើនណាស់ ។

លោកណយ ផាណាបានឲ្យដឹងដែរថា ពេលនេះកីឡាករសំ រីម អាចលោតបង្វិលខ្លួនក្នុងលំហរបាន២-៣ជុំទើបធ្លាក់មកដល់ដី ។ ខ្លួនគេកាន់តែស្រាលទៅហើយគុណផល (Perfomance) របស់គេកាន់តែមានកម្រិតខ្ពស់ ។ គួររំលឹកថាកីឡាករអាយុ ២៣ឆ្នាំរូបនេះធ្លាប់ចេញទៅហ្វឹកហាត់នៅប្រទេសជប៉ុនម្តងរួចមកហើយពេលនេះគេហាត់នៅប្រទេសចិនដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ SEA Games លើកទី២៩ នៅម៉ាឡេស៊ី ។ បើតាមការឲ្យដឹងបន្ថែមពីលោកណយ ផាណានោះថាក្នុងមួយថ្ងៃគេហ្វឹកហាត់ ២ ពេលគែពេលព្រឹកពីម៉ោង ៨ទៅ១២ថ្ងៃត្រង់ និងរសៀលពីម៉ោង ៣ទៅម៉ោង៦កន្លះ ដោយក្នុងមួយសប្ដាហ៍មជ្ឈមណ្ឌលអនុញ្ញាតឲ្យសម្រាក ៣ព្រឹក ហើយ ៣ព្រឹកនោះមុននឹងសម្រាកត្រូវមកហ្វឹកហាត់កម្លាំង ២ម៉ោងសិនគឺពីម៉ោង៦ទៅ៨ ។ សម្រាប់ពេលរសៀលហាត់ជាធម្មតា ។ តាមការគ្រោងទុក កីឡាករសំ រីម នឹងបន្តហ្វឹកហាត់នៅខេត្ត Guangdong រហូតដល់ថ្ងៃទី១៥ ខែសីហាទើបគេចេញដំណើរឆ្ពោះទៅប្រទេសម៉ាឡេស៊ីដែលជាកន្លែងប្រកួតកីឡា SEA Games តែម្ដង ។ លោកអគ្គលេខាធិការសហព័ន្ធរូបនេះមិនបង្ហាញពីបំណងក្នុងការដណ្ដើមមេដាយ SEA Games ឡើយតែលោករំពឹងថាលើកនេះគេនឹងលេងបានល្អជាងលើកណាៗទាំងអស់ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់