កីឡាករសីឈិនឡូនកម្ពុជា ៨រូបចេញទៅសម្ងំត្រាំពិសនៅមីយ៉ានម៉ា ត្រៀមសុីហ្គេមខាងមុខនេះ

នូ មករា June 9, 2017


ភ្នំពេញ៖ កីឡាករសីឈិនឡូនកម្ពុជាចំនួន ៨រូប និងគ្រូបង្វឹកចំនួន ២រូបបានចេញដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ានាកាលពីថ្ងៃទី៩ ខែមិថុនាដើម្បីហ្វឹកហាត់រយៈពេល ២ខែនៅទីនោះ ។ លោកអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡានៃក្រសួងអប់រំយុវជននិងកីឡាបានជួបសំណេះសំណាលជាមួយប្រតិភូ កីឡាឈិនឡូនកាលពីល្ងាចថ្ងៃទី៨ ខែមិថុនាម្សិលមិញព្រមទាំងបានផ្ដល់ប្រាក់ខែហ្វឹកហាត់១ ខែមុនដល់កីឡាករ និងគ្រូបង្វឹកផងដែរ ។

លោកតូច សុភៈ អគ្គលេខាធិការសហព័ន្ធកីឡាសីប៉ាក់តាក្រ និងឈិនឡូនកម្ពុជាបានឲ្យដឹងថាការចេញទៅហាត់នេះគឺភាគីមីយ៉ាន់ម៉ាគេធានារ៉ាប់រងលើការហូបចុក និងស្នាក់នៅចំណែកឯក្រសួងអប់រំយុវជន និងកីឡាជាអ្នកចេញសំបុត្រយន្ដហោះដល់កីឡាករនិងគ្រូបង្វឹកទាំង១០រូបនេះ ។ សូមបញ្ជាក់ថា ឈិនឡូនជាប្រភេទកីឡាដែលកម្ពុជាមានសក្ដានុពលខ្លាំងព្រោះកាលពី SEA Games ទី២៨ កម្ពុជាដណ្ដើមបានមេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ។ លោកអគ្គលេខាធិការបានឲ្យដឹងទៀតថា ឈិនឡូនមានប្រភពមកពីប្រទេសមីយ៉ានម៉ាដូច្នេះការចេញទៅហ្វឹកហាត់ដល់ប្រទេសដើមគេបែបនេះគឺយើងអាចនឹងដឹងពីកលល្បិចនៃការលេងកាន់តែច្រើន ។

ទន្ទឹមនឹងនេះ លោកប៉ុន សុខប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន និងកីឡាបានឲ្យដឹងដែរថា ការហ្វឹកហាត់មួយខែដំបូងធ្វើនៅទីក្រុងណៃពីដរ ហើយខែទី២នឹងមានការផ្លាស់កន្លែងហ្វឹកហាត់ ។ ការហ្វឹកហាត់ចាប់ផ្ដើមពីថ្ងៃទី១០ ខែមិថុនាហើយត្រឡប់មកវិញនៅថ្ងៃទី១០ ខែសីហាបន្ទាប់មកថ្ងៃទី១៤ ខែសីហាកីឡាករឈិនឡូននឹងចេញទៅចូលរួម SEA Games ទី២៩នៅប្រទេសម៉ាឡេស៊ីតែម្ដង ។ លោកអ៊ុក សិទ្ធិជាតិមានប្រសាសន៍ថាចំណាត់ថ្នាក់របស់កម្ពុជាក្នុង  SEA Games គឺលេខ៩ តែកាលពីឆ្នាំ២០១៥ SEA Games លើកទី២៨ នៅសិង្ហបូរីកម្ពុជាឡើងមកចំណាត់ថ្នាក់លេខ៨ គឺនៅពីលើប្រទេសឡាវដោយសារតែឈិនឡូនដណ្ដើមបានមេដាយមាស ។ លោកមានជំនឿចិត្តថា SEA Games ទី២៩នេះឈីនឡូននៅតែរកបានមេដាយមាសដដែល ហើយលោកបានសំណូមពរឲ្យកីឡាករទាំងអស់ត្រូវខិតខំហ្វឹកហាត់ដើម្បីរក្សាតំណែងជាម្ចាស់មេដាយមាសឲ្យបាននៅឆ្នាំ២០១៧នេះទៀត ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត