ក្លិបចំនួន ៧ នឹងចូលរួមប្រកួតហែលទឹកដណ្តើមពានរង្វាន់ព្រឹទ្ធាចារ្យហែម ថុនលើកទី២

នូ មករា June 9, 2017


ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី៩ ខែមិថុនានេះ លោកហែម គីរីអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាបានប្រកាសឲ្យដឹងថាការប្រកួតកីឡាហែលទឹកដណ្ដើមពានរង្វាន់ព្រឹទ្ធាចារ្យហែម ថុនលើកទី២ ដែលនឹងធ្វើនៅថ្ងៃទី១៦-១៧ ខែមិថុនាខាងមុខនោះដោយមានក្លិបចំនួន ៧ចូលរួម ។ នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំមួយរបស់សហព័ន្ធខ្មែរកីឡាហែលទឹកដែលព្រឹត្តិការណ៍នេះបានផ្ដល់ឱកាសច្រើនដល់កីឡាករ-កីឡាការិនីហែលទឹក វ័យក្មេង និងកម្រិតជំនាញបានប្រកួតកាន់តែច្រើន ។

កាលពីឆ្នាំកន្លងទៅដែលព្រឹត្តិការណ៍នេះទើបតែមានជាលើកដំបូងនោះមានអ្នកចូលរួមប្រមាណ ១០៥នាក់តែសម្រាប់ឆ្នាំនេះចំនួនអ្នកចូលរួមនឹងមានកាន់តែច្រើនដោយសារមានកូនៗរបស់ជនជាតិជប៉ុនដែលរៀននៅសាលាជប៉ុននៅស្រុកខ្មែរដោយសារម្ដាយ ឪពុកគេធ្វើការនៅស្រុកខ្មែរនោះក៏មកចូលរួមប្រកួតដែរ ។ កូនៗរបស់ជនជាតិជប៉ុនទាំងនោះចូលរួមប្រកួតមែនតែសហព័ន្ធមិនចាប់ចំណាត់ថ្នាក់ឲ្យទេគឺពួកគេចូលរួមប្រកួតដើម្បីការសប្បាយរបស់គេតែប៉ុណ្ណោះ ។ សម្រាប់ជនពិការការប្រកួតមានតែ ២វិញ្ញាសាប៉ុណ្ណោះគឺវិញ្ញាសាហែលរបៀបសេរី ៥០ម៉ែត្រ និង ហែលរបៀបសេរី១០០ម៉ែត្រ ។

កាលពីឆ្នាំទៅការប្រកួតធ្វើតែមួយថ្ងៃប៉ុណ្ណោះតែឆ្នាំនេះការប្រកួតធ្វើរយៈពេល ២ថ្ងៃ ។លោកបន្តថាឆ្នាំនេះមានកូនខ្មែរដែលរស់នៅសហរដ្ឋអាមេរិក និង ឡាវប្រកាសថានឹងចូលរួមដែរ ។ព្រឹត្តិការណ៍នេះឧបត្ថម្ភធំដោយក្រុមហ៊ុនផលិតសម្ភារៈកីឡា Gonze Sport ដែលជាក្រុមហ៊ុនមកពីប្រទេសជប៉ុន ។លោកហែម គីរីបានឲ្យដឹងទៀតថាការប្រកួតត្រូវបានបែងចែកជា ៥កម្រិតគឺប្រភេទអាយុក្រោម១១ឆ្នាំកុមារា-កុមារី ។ អាយុក្រោម១៤ឆ្នាំកុមារា-កុមារី អាយុក្រោម១៧ឆ្នាំកុមារា-កុមារី ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ និងក្រុមជនពិការបុរសដោយការប្រកួតមានសរុបចំនួន ២៨វិញ្ញាសា។ លោកអគ្គលេខាធិការបានឲ្យដឹងទៀតដែរថាពេលនេះលោកបានការជួយឧបត្ថម្ភពី Gonze Sport មានចំនួន៤.០០០ដុល្លារហើយតែលុយនេះនៅមិនទាន់គ្រប់ទេតែលោកមានជំនឿចិត្តថាលោកស៊ុន ច័ន្ទថុល ដែលជាប្រធានសហព័ន្ធ នឹងជួយរកបង្គ្រប់ជាមិនខានឡើយ ។

ជាមួយនឹងការធ្វើសន្និសីទកាសែតនេះលោកSato ដែលជានាយកក្រុមហ៊ុនGonze Sport បានផ្ដល់មូលប្បទានប័ត្រចំនួន ៤.០០០ដុល្លារដល់លោកហែម ចាន់លី និង លោកសួន ប៊ុនអ៊នដែលជាអនុប្រធានសហព័ន្ធដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតនេះ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត