ខ្សែក្រវាត់ខារ៉ាបាវ៖ រឿង សារ័ត្ន និង លូម លេង នរណាស្គាល់ចាញ់ក្នុងសប្ដាហ៍នេះ ?

នូ មករា June 7, 2017


ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវាត់ខារ៉ាបាវទម្ងន់ ៦៣,៥០គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី១០ ខែមិថុនាខាងមុខនេះអ្នកប្រដាល់កម្ពុជារឿង សារ័ត្ន មកពីក្លិបទ័ពឆ័ត្រយោង៩១១ ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃលូម លេង (Loom Leng) ។ អ្នកប្រដាល់ទាំង ២រូបនេះបានឆ្លងកាត់ ២ប្រកួតដូចគ្នាហើយមិនទាន់ស្គាល់ចាញ់ដូចគ្នាគ្រាន់តែ សារ័ត្ន ធ្លាប់ឈ្នះគូប្រកួតដោយពិន្ទុ រីឯ លូម លេង បានឈ្នះដោយពិន្ទុ ១ប្រកួត និង ឈ្នះដោយផ្ដួលគូប្រកួតឲ្យសន្លប់ទឹកទី១ បានមួយប្រកួត ។ ការប្រកួតមួយនេះទាំងសងខាងសុទ្ធតែត្រូវការឈ្នះដូចគ្នាតែគេមិនទាន់ដឹងថាតើនរណាអាចរក្សាតំណែងមិនទាន់ស្គាល់ចាញ់ក្នុងព្រឹត្តិការណ៍បានបន្តទៀត?


ចំពោះអ្នកប្រដាល់កម្ពុជារឿង សារ័ត្ន មានប្រវត្តិប្រកួតចំនួន៦៧ ដង ឈ្នះ ៥៧ដង និង ចាញ់១០ដង ហើយ
គេមានកម្លាំងគ្រប់គ្រាន់ដើម្បីតស៊ូជាមួយគូប្រកួតបាន៥ទឹកពេញដោយគ្មានបញ្ហា ។ ទោះបីកែងរបស់គេមិនសូវជាអស្ចារ្យក៏ពិតមែនតែក្រៅពីការពារបានរឹងមាំហើយនោះសារ័ត្ន អាចប្រើជើងទាត់ ប្រើជង្គង់ និង កណ្ដាប់ដៃបានល្អហើយរហ័សថែមទៀតផង ។ ចំពោះលូម លេងវិញគេអស្ចារ្យទាំងអស់តែម្ដងពិសេសជើងរបស់គេចូលចិត្តស៊ីកញ្ចឹង ក និងថ្គាមគូប្រកួតណាស់ ។មានអ្នកប្រដាល់កម្ពុជាមិនតិចទេដែលសន្លប់ក្រោមទម្ងន់ជើងរបស់អ្នកប្រដាល់ថៃរូបនេះដែលក្នុងនោះមានទាំងរឿម វណ្ណៈ មកពីក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យ និង ឌុម កែវដា មកពីក្លិបម្កុដរាជសីហ៍ទៀតផង ។ កីឡាកថៃរូបនេះមានប្រវត្តិប្រកួតចំនួន៧០ដង ឈ្នះ៥៧ដង ចាញ់១២ដង និងស្មើពិន្ទុ ១ ដង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់